ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ​ម្នាក់ ដែល​អះអាងថា​មេខ្យល់​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ចិន ត្រូវបាន​សង្គ្រោះ​ហើយ​
03, Dec 2020 , 9:29 pm        
រូបភាព
ស្រ្តីខ្មែរ ដែលត្រូវមេខ្យល់បង្ខំឲ្យរៀបការជាមួយបុរសជនជាតិចិន ពេលត្រូវបានជួយសង្គ្រោះ (រូបពីគណនីហ្វេសប៊ុកឈ្មោះ Jian Wang)
ស្រ្តីខ្មែរ ដែលត្រូវមេខ្យល់បង្ខំឲ្យរៀបការជាមួយបុរសជនជាតិចិន ពេលត្រូវបានជួយសង្គ្រោះ (រូបពីគណនីហ្វេសប៊ុកឈ្មោះ Jian Wang)
​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​អះអាងថា នាង ត្រូវ​មេខ្យល់​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​រង​ទុក្ខលំបាក​នោះ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​និង​អាជ្ញាធរ​ចិន បាន​រកឃើញ​ហើយ​។ គេ​ទំព័រ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ផ្សាយ​ថា បច្ចុប្បន្ន នាង​កំពុងស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ក្នុងប្រទេស​ចិន​។

​លោក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា អាជ្ញាធរ​កម្ពុជា កំពុង​រៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ស្ត្រី​ខ្មែរ​រូបនោះ មក​កម្ពុជា​វិញ​។ យ៉ាងណា លោក ពុំទាន់​ដឹង​ច្បាស់​នោះទេ​ថា អាជ្ញាធរ នឹង​បញ្ជូន​នាង មក​កម្ពុជា​នៅ​ថ្ងៃ​ណា​។   
 
​ម្យ៉ាងទៀត  លោក ក៏​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​ស្ត្រី​រូបនោះ​ដែរ ជុំវិញ​ប្រវត្តិ​របស់​នាង ដែល​ចាញ់បោក​មេខ្យល់​។ លោក អះអាងថា ស្ថាប័ន​របស់លោក នឹង​សហការ​ជាមួយ​ក្រសួងការបរទេស​និង​ក្រសួង​សង្គមកិច្ច ដើម្បី​សម្ភាស​នាង នៅពេល​នាង មកដល់​កម្ពុជា​វិញ​។ លោក បញ្ជាក់ថា គោលបំណង គឺ​ដើម្បី​ដឹង​ព័ត៌មាន​ពី​មេខ្យល់ ដែល​បោក​នាង ហើយនឹង​ឈានទៅដល់​ការស្វែងរក​មេខ្យល់​នោះ យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។ 
 
​សមត្ថកិច្ច ចាប់ផ្តើម​ជួយ​ធ្វើ​អន្តរាគមន៍ នៅពេល​ឃើញ​ស្ត្រី​ខ្មែរ​រូបនោះ បង្ហោះ​ព័ត៌មាន​ពី​ខ្លួន​នាង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវបាន​ចែករំលែក​តៗ​គ្នា​។ នាង ប្រាប់ថា នាង អាយុ​២០​ឆ្នាំ មានផ្ទះ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។ នាង ផ្តល់ព័ត៌មាន​លើ​បណ្តាញ​សង្គម​ថា មេខ្យល់​បង្ខំ​នាង​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​បើ​នាង មិន​ព្រម​រៀបការ​ទេ មេខ្យល់​នោះ នឹង​យក​នាង​ទៅ​លក់​ឲ្យ​ធ្វើ​ស្រីពេស្យា​។   
 
​នាង សរសេរ​ទៀតថា នាង ចង់​មាន​សេរីភាព និង​ចង់​វិល​មក​កម្ពុជា​ជួបជុំ​គ្រួសារ​វិញ​។ នាង បាន​អំពាវនាវ​ដោយ​អម​ជាមួយ​រូបភាព​យំ​នៅលើ​បណ្តាញ​សង្គម​ថា​៖«​ពេលនេះ ខ្ញុំ [​មាន​] សម្ពាធ​ខ្លាំងណាស់ ត្រូវគេ បិទ​សិទ្ធិសេរីភាព ហើយ​គេ​បង្ខំ​ឲ្យ​មានកូន​ឲ្យ​គេ​ឲ្យ​ឆាប់​ទៀត នៅក្នុង​ផ្ទះ ចេញ​ក្រៅ​មិន​បា​ទេ សូម​សម្តេច​ពុក ហ៊ុន សែន និង​បងៗ​សិទ្ធិមនុស្ស ជួយ​ខ្ញុំ​ផង​»៕
 
 
 
 
 

Tag:
 ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ចិន​
  មេខ្យល់​
  ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com