ជាតិ
លោក ហេង ណាគ្រី កំពុង​ជោគជ័យ​ក្នុង​របរ​ចិញ្ចឹម​រុយ​ផលិត​ចំណី​សត្វ
05, Dec 2020 , 10:29 pm        
រូបភាព
​សៀមរាប​៖ ការចិញ្ចឹម​រុយ បានក្លាយ​ជា​របរ​ថ្មី​មួយបែប​ទៀត​សម្រាប់​កសិករ​។  រុយ​ដែល​ពង​ជា​ដង្កូវ ក្លាយជា​ចំណី​សត្វ​ដ៏​ពិសេស​មួយ ដែល​ជួយ​ឱ្យ​កសិករ​អាច​ផលិត​ចំណី​សត្វ​ដោយ​ខ្លួនឯង កាត់បន្ថយ​ការទិញ​ចំណី​ពី​ខាងក្រៅ​មួយផ្នែកធំ​។ លោក ហេង ណាគ្រី គឺជា​កសិករ និង​ជាម​នុស្ស​ដំបូង​គេ​នៅ​កម្ពុជា ដែល​ចាប់ផ្តើម​ចិញ្ចឹម​រុយ​ធ្វើ​ចំណី​សត្វ ហើយ​សព្វថ្ងៃ​របរ​នេះ​កំពុង​ជោគជ័យ​គួរឱ្យកត់សម្គាល់​។​
 
 
​សត្វ​រុយ​ជាច្រើន​ពាន់​ក្បាល ត្រូវបាន​គេ​ចិញ្ចឹម​នៅក្នុង​កសិដ្ឋាន​មួយកន្លែង​នា​ស្រុក​ពួក​។ លោក ហេង ណាគ្រី គឺជា​ម្ចាស់​កសិដ្ឋាន ដែល​សាកល្បង​ចិញ្ចឹម​រុយ​នេះ អំឡុង​ខែមេសា ឆ្នាំ​២០២០ ហើយ​សព្វថ្ងៃ​ម្ចាស់​កសិដ្ឋាន​រូបនេះ បាន​ក្លាយជា​អ្នក​ចែករំលែក​ចំណេះដឹង​ការចិញ្ចឹម​រុយ​ដល់​កសិករ​រាប់សិប​នាក់​តាម​បណ្ដា​ខេត្ត​ជុំវិញ​ប្រទេស ដែល​ចាប់អារម្មណ៍​ការចិញ្ចឹម​សត្វ​មួយ​នេះ​។​
 
​រំឭក​ទៅ​គ្រា​ដើម លោក ហេង ណាគ្រី ចាប់ផ្តើម​គិតពី​ការចិញ្ចឹម​សត្វ​រុយ​នេះ​ក្រោយ​ស្រាវជ្រាវ និង​ឃើញ​ការ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​។ ក្រោយ​ស្វែងរក​នៅក្នុង​ស្រុក​ថា​មិន​ធ្លាប់មាន​អ្នក​ចិញ្ចឹម ឬក៏​មានពូជ​របស់​វា លោក ណាគ្រី ស្វះ​ស្វែងរក​ដល់​ប្រទេស​វៀតណាម​។ យ៉ាងណា លោក​ត្រូវ​ព្យាយាម​រហូតដល់​៤​ខែ ទើប​ជោគជ័យ​លើ​ការចិញ្ចឹម​រុយ​បាន​។ លោក​បន្ថែមថា​៖« ការដឹក​ពី​វៀតណាម​មក (​អំឡុង​ពេលនោះ​) ក៏​ពិបាក ខ្ញុំ​ទិញ​អស់​លុយ​ច្រើន​ទម្រាំ​តែ​ធ្វើបាន​...​ដំបូង​ខ្ញុំ​ទិញ​ពងរុយ​៨​ខាំ ដែល​មួយ​ខាំ​តម្លៃ​១០០​ដុល្លារ ខ្ញុំ​ទិញ​អស់​រាប់ពាន់ ទិញ​អា​មេ​ពូជ​ក៏​ទិញ តែ​ងាប់​អស់​»​។​


 
​សព្វថ្ងៃ បុរស​វ័យ​៥០​ប្លាយ​រូបនេះ បាន​យក​អាង​ដែល​លោក​ធ្លាប់​ចិញ្ចឹម​អន្ទង់ មក​រៀបចំ​មួយផ្នែក​សម្រាប់​ចិញ្ចឹម​រុយ​និង​ដង្កូវ​។ បច្ចុប្បន្ន​លោក​មាន​មេ​ពូជ​រុយ​ប្រមាណ​២០​ម៉ឺន​ក្បាល ដែល​អាច​ពង​ចន្លោះ​ពី​១​ខាំ​ទៅ​៥​ខាំ​ក្នុង​មួយថ្ងៃ​។ ពង​១​ខាំ​លោក​លក់​ចេញ ៧០​ដុល្លារ​។ ជា​រៀងរាល់ថ្ងៃ លោក​លក់បាន​ចាប់ពី​១​ខាំ​ទៅ​៣​ខាំ និង​សល់​ពី​នោះ លោក ណាគ្រី ទុក​ចិញ្ចឹម​ខ្លួនឯង​។ ក្រៅពី​ពងរុយ កសិករ​រូបនេះ​ក៏មាន​លក់​ប្រភេទ​ដង្កូវ​ដែលមាន​អាយុ​១២​ទៅ​១៥​ថ្ងៃ (​ពេញវ័យ​) ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៤​ពាន់​រៀល​។ មួយថ្ងៃ​លោក​អាច​លក់​ប្រភេទ​ដង្កូវ​ពេញវ័យ ចាប់ពី​១០០​ទៅ​២០០​គីឡូក្រាម​។ និង​ប្រភេទ​មេ​ដង្កូវ​ជិត​កើត​រុយ ដែល​លក់បាន​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ១០​ដុល្លារ​។​


 
​តាម​ការបញ្ជាក់​ពី​អ្នក​ចិញ្ចឹម​រុយ ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ខ្នាត ស្រុក​ពួក វដ្ដ​ជីវិត​របស់​រុយ​ដែល​គេ​ឱ្យ​ឈ្មោះថា «​រុយ​ទាហាន​ខ្មៅ​» គឺមាន​រយៈពេល ៤៥​ថ្ងៃ​។ រុយ​ប្រភេទ​នេះ នឹង​ស្លាប់​ទៅវិញ​ក្រោយ​វា​ពង​បាន​ម្ដង​។ 
 
«​ប្រយោជន៍​នៃ​ការចិញ្ចឹម​រុយ​នេះ គឺ​ទី​១ ជួយ​យើង​ឱ្យ​ផុតពី​ខាត (​បង្កើត​ចំណី​ចិញ្ចឹមសត្វ​ដោយ​ខ្លួនឯង​) ប្រយោជន៍​ទាំង​បរិស្ថាន ឱ្យ​កាកសំណល់​ថយចុះ យើង​យក​កាកសំណល់​មក​ច្នៃ​ជា​ចំណី​របស់​ដង្កូវ​...​ទី​២ កាត់បន្ថយ​ចំណាយ ថ្លៃដើម​ថោក យើង​ចិញ្ចឹម​អ៊ី​ក៏​ចំណេញ​ដែរ​»​។ នេះ​ជាការ​ពន្យល់​របស់លោក ណាគ្រី​។​
 


​សម្រាប់​លោក ណាគ្រី ការចិញ្ចឹម​រុយ​ឬ​ប្រភេទ​ដង្កូវ​នេះ ជាការ​ងាយស្រួល មិនសូវ​នឿយហត់ ត្រូវការ​ទីតាំង​តូច​ល្មម និង​ចំណាយ​ថ្លៃដើម​សម្រាប់​ចិញ្ចឹម​តិច​។ លោក​ពន្យល់ថា កសិករ​អាច​ចាប់ផ្តើម​ចិញ្ចឹម​រុយ​នេះ​បាន ហើយ​លោក​នឹង​ចែករំលែក​បច្ចេកទេស​ចិញ្ចឹម​ដោយ​មិន​គិតថ្លៃ​ឡើយ​។ លោក​បន្ថែម​៖« ភាគច្រើន​ខ្ញុំ​ណែនាំ​គាត់​កុំ​ចិញ្ចឹម​សាកល្បង ធ្វើឱ្យ​ច្បាស់លាស់ ហ្មត់ចត់ ហើយ​ខ្ញុំ​នឹង​ជួយ​គាត់ បើ​ទិញ​ពងរុយ​ខ្ញុំ​ទៅ​ម្ដង​ចឹ​ង បែរជា​ងាប់ ខ្ញុំ​អត់ឱ្យ​អស់​លុយ​ទៀត​ទេ ឱ្យ​ពូជ​ថែម តែ​កន្លងមក​មិនដែល​ខូច​ទេ (​ជោគជ័យ​ទាំងអស់​)»​។ 
 
​លោក ហេង ណាគ្រី បន្ដ​លើកទឹកចិត្ត​ដល់​កសិករ​ឯទៀត​ឱ្យ​ចិញ្ចឹម​រុយ​យ៉ាង​ដូច្នេះ​ថា​៖« បើ​ខំរៀន​ធ្វើ​ដូច​ខ្ញុំ គឺ​ជោគជ័យ​ទាំងអស់ ពេល​គាត់​បាន​ហើយ​មិនមែន​សំខាន់​លក់​ពង​បាន​លុយ​ទេ យើង​យក​ភ្ញាស់​ជា​ដង្កូវ​យក​ឱ្យ​សត្វ​ដែល​យើង​ចិញ្ចឹម​ខ្លួនឯង មាន​កង្កែប ត្រី កន្ធាយ បង្កង មាន់ ទា ជ្រូក ស៊ី​បាន ចំណេញ​ទាំងអស់​»៕












 

Tag:
 កសិកម្ម​
  ចិញ្ចឹម​រុយ​
  ដង្កូវ​
© រក្សាសិទ្ធិដោយ thmeythmey.com