អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន នឹង​បំពាក់​រ៉ា​ដា Aegis លើ​នាវាចម្បាំង​ដើម្បី​បាញ់​ស្ទាក់​មី​ស៊ី​ល​កូរ៉េខាងជើង​
07, Dec 2020 , 10:59 pm        
រូបភាព
នាវាសង្គ្រាមជប៉ុន ដែលមានបំពាក់ប្រព័ន្ធរ៉ាដា «Aegis» ស៊េរីចាស់ ចតនៅទីក្រុង Yokohama កាលពីថ្ងៃខែមីនា ឆ្នាំ២០២០ ។ រូបពី Kyodo
នាវាសង្គ្រាមជប៉ុន ដែលមានបំពាក់ប្រព័ន្ធរ៉ាដា «Aegis» ស៊េរីចាស់ ចតនៅទីក្រុង Yokohama កាលពីថ្ងៃខែមីនា ឆ្នាំ២០២០ ។ រូបពី Kyodo
ដោយ:
​ជប៉ុន នឹង​បំពាក់​ប្រព័ន្ធ​រ៉ា​ដា «Aegis» ដ៏​មាន​ឥទ្ធិពល​ថ្មី​លើ​នាវាចម្បាំង​របស់ខ្លួន​ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​លក្ខខណ្ឌ​ដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​តម្រង់​មករក​ជប៉ុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Asahi នៅ​ថ្ងៃទី ៧ ខែធ្នូ ។ គម្រោង​នេះ ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​ជប៉ុន​បាន​លុបចោល​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​រ៉ា​ដា​ប្រភេទ​នេះ​នៅ​មូលដ្ឋាន​យោធា​ចំនួន​២​ទីតាំង​។​
 
​កាសែត​ជប៉ុន Asahi បាន​ចុះផ្សាយ​ព័ត៌មាន​ដោយ​ដកស្រង់​ប្រភព​អនាមិក ថា រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ  ទំនងជា​អនុម័ត​តាម​ការស្នើសុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជប៉ុន នៅមុន​ពេល​ដាច់​ឆ្នាំ​២០២០ លើ​គម្រោង​បំពាក់​ប្រព័ន្ធ​រ៉ា​ដា Aegis ។ ទោះបីជា​បែបនេះ​ក្តី ការសម្រេចចិត្ត​បំពាក់​ប្រព័ន្ធ​រ៉ា​ដា​ទំនើប​នេះ​លើ​នាវាចម្បាំង​ប្រភេទ​ណា ឬ​ការចាយវាយ​លើ​ការបំពាក់​នេះ នឹងត្រូវ​យកទៅ​គិតគូរ​នា​ឆ្នាំ​២០២១​។ 
 
​ការបំពាក់​ប្រព័ន្ធ​រ៉ា​ដា «Aegis» ថ្មី​លើ​នាវា អាចមាន​តម្លៃលើស​ទ្វេដង បើ​ធៀប​នឹង​ប្រព័ន្ធ​រ៉ា​ដា​ដែល​បំពាក់​លើ​មូលដ្ឋានទ័ព​ផ្ទាល់​ដី ហើយក៏​ចំណាយពេល​យូរ​ជាង​៣​ឆ្នាំ​ផងដែរ​ក្នុងការ​បំពាក់​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តម្លៃ​របស់​វា រំពឹង​ឈានដល់​២​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​ប្រព័ន្ធ​រ៉ា​ដា Aegis ដែល​អភិវឌ្ឍ​ក្រុមហ៊ុន​អាមេរិក Lockheed Martin ជាការ​ប្រើប្រាស់​កុំព្យូទ័រ​ដ៏​មាន​ឥទ្ធិពល និង​បច្ចេកវិទ្យា​រ៉ា​ដា​ក្នុងការ​តាម​ចាប់​និង​ស្ទាក់ចាប់​មី​ស៊ី​ល​សត្រូវ ក៏ដូចជា​បាញ់​មី​ស៊ី​ល​កម្ទេច​សត្រូវ​វិញ​ផងដែរ​។  ក្រៅពី​អាមេរិក និង​ជប៉ុន យោធា​អេ​ស្ប៉ា​ញ អូស្ត្រាលី ន័​រ​វែ​ស និង​អូស្ត្រាលី ក៏​ប្រើប្រាស់​ប្រព័ន្ធ​នេះ​។ អង្គការ​យោធា​ណា​តូ ក៏មាន​ប្រើ​ប្រព័ន្ធ​មី​ស៊ី​ល​នេះដែរ​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ក្នុង​ខែមិថុនា​កន្លងទៅ រដ្ឋមន្ត្រី​ការពារ​កាលនោះ លោក Taro Kono បានសម្រេច​ផ្អាក​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​រ៉ា​ដា Aegis នៅ​មូលដ្ឋានទ័ព​ផ្ទាល់​ដី ចំនួន​២​កន្លែង ដោយ​លើក​ហេតុផល​ថា ការបាញ់​ស្ទា​ក់មី​ស៊ី​លអាច​ធ្លាក់ចូល​ផ្ទះ​ពលរដ្ឋ​ជប៉ុន​។ 
 
​ប្រព័ន្ធ​រ៉ា​ដា​ស៊េរី​ថ្មី​ចុងក្រោយ « SPY-7» ដែល​ជប៉ុន​គ្រោង​បំពាក់​លើ​នាវា​សង្គ្រាម​ខ្លួន នឹងមាន​កម្លាំង​ខ្លាំង​ជាង​៣​ដង បើ​ធៀប​នឹង​ប្រព័ន្ធ​រ៉ា​ដា​ស៊េរី​ចាស់ ដែល​នាវា​សង្គ្រាម​ជប៉ុន​បច្ចុប្បន្នកំពុង​ប្រើប្រាស់​។ ការដំឡើង​នេះ នឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​ប្រើប្រាស់​មី​ស៊ី​លបាញ់​ស្ទាក់​ក្បាល​គ្រាប់​មី​ស៊ី​ល​សត្រូវ ជាពិសេស ប្រសិនបើ​បាញ់​ចេញ​ដោយ​កូរ៉េខាងជើង ឬ​ពី​មូលដ្ឋាន​ឯទៀត ដូចជា ចិន និង​រុស្ស៊ី ជាដើម​៕ 
 
 

Tag:
 ជប៉ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com