ជាតិ
សង្គមជាតិ
ករណី​ពុល​ស្រា​ស្លាប់​៖ អ្នក​លាយ​ស្រា​លក់​៥​នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ កន្លែង​ផលិត​ស្រា​៥១ និង​តូប​លក់​ស្រា​ជាង​១០០ ត្រូវ​បិទ​
09, Dec 2020 , 6:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​ឃាត់​មនុស្ស​៩​នាក់ ពាក់ព័ន្ធ​នឹង​ការផលិត ការ​លាយ និង​ការ​បិតស្រា​សលក់ បណ្តាល​ឲ្យ​មាន​មនុស្ស​ពុល​ស្លាប់​។ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​កំពង់ឆ្នាំង ប្រាប់ថា ក្នុងចំណោម​មនុស្ស​ទាំង​៩​នាក់​នោះ មាន​៥​នាក់ ត្រូវបាន​បញ្ជូន​បន្តទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម​និ​តី​វី​ធី​ច្បាប់ ខណៈ​៤​នាក់​ទៀត គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​លក់​ស្រាស​តទៅទៀត ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​នេះ លោក​ព្រះរាជអាជ្ញា ឡុង ស៊ីថា ថ្លែងថា​៖«​មនុស្ស​៥​នាក់ [​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ​] នោះ មាន​៣​នាក់ ជា​អ្នក​ផលិត​សារធាតុ​មេ​តា​ណុល និង​២​នាក់​ទៀត​ជា​អ្នក​លាយ​មេ​តា​ណុល​បន្ថែម​ចូលក្នុង​ស្រា​។ តាម​ការសាកសួរ​ពួកគាត់ លាយ​មេ​តា​ណុល ដោយសារ​គិតថា​ចង់​ឲ្យ​ស្រា​របស់​ពួកគាត់​មាន​រសជាតិ​ប្លែក​។ ចំណែក​អ្នកពាក់ព័ន្ធ​៤​នាក់​ទៀត ពួកគាត់​គ្រាន់តែ​ជា​អ្នក​ចែកចាយ​លក់​ស្រាស​បន្ត​ប៉ុណ្ណោះ​»​។  
 
​លោក​ព្រះរាជអាជ្ញា បន្តថា ការ​បិតស្រា​ដោយ​លាយ​សារធាតុ​មេ​តា​ណុល​ខ្ពស់​អាច​បណ្តាល​ឲ្យ​មនុស្ស​ពុល​ស្លាប់​នៅពេល​ទទួលទាន​ស្រា​នោះ​។ 
 
​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង លើកឡើងថា គិត​ត្រឹម​ថ្ងៃទី​៩ ខែធ្នូ​ឆ្នាំ​២០២០ អាជ្ញាធរ​ស្រាវជ្រាវ​រកឃើញ​មនុស្ស​១៦៤​នាក់ ដែល​បាន​ពុល​ស្រា ដោយ​ក្នុងចំណោម​នោះ មាន​១៥​នាក់​បាន​ស្លាប់ ហើយ​១៤៩​នាក់​ទៀត បានជា​សះស្បើយ និង​បាន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។ លោក មានប្រសាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ពួកគាត់​ម្នាក់​ទៅ​ពីរ​នាក់​នៅមាន​បញ្ហា​សុខភាព​តិចតួច​ទាក់ទង​នឹង​សញ្ញា​ញៀន​ស្រា នៅពេលដែល​យើង​ផ្តាច់​ស្រា​ពី​ពួកគាត់​»​។​
 
​ប្រធាន​មន្ទីរ​សុខាភិបាល​រូបនេះ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ចុះទៅ​បិទ​អាជីវកម្ម​ផលិត​ស្រា ៥១​កន្លែង  និង​បិទតូប​លក់​ស្រា​ជាង​១០០​កន្លែង​ទៀត ហើយ​លើសពីនេះ​អាជ្ញាធរ ក៏បាន​ដកហូត​ស្រា​ផ្សេងៗ ដូចជា​ស្រាថ្នាំ ជាដើម ពី​ម្ចាស់​អាជីវកម្ម​ទាំងនោះ ដើម្បី​កម្ទេចចោល​។ លោក អះអាងថា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ករណី​ពុល​ស្រា​នេះ​កើត​ឡើងជា​បន្តទៀត អភិបាលខេត្ត​បាន​ចាត់វិធានការ​ហាម​មិន​ឲ្យ​អាជីវករ​ទាំងអស់​ផលិត និង​លក់​លក់​ស្រាស​ទៀតឡើយ ប៉ុន្តែ​ចំណាត់ការ​នេះ សម្រាប់​អនុវត្ត​តែ​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ប៉ុណ្ណោះ​។ 
 
​ហេតុការណ៍​ពុល​ស្រា​ស្លាប់​នេះ បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​៕ 
 
 
 
 
 
 

Tag:
 អាជ្ញាធរ​
 ​ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com