កម្ពុជាគ្រោងបញ្ជូនកីឡាជិត៣០ប្រភេទ ដើម្បីចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាមក្នុងឆ្នាំ២០២១។ ក្នុងចំណោមប្រភេទកីឡាទាំងនេះ កីឡាសក្តានុពលមួយចំនួន ដែលធ្លាប់ដណ្តើមមេដាយមាសកម្រិតអាស៊ាន អាស៊ី និងពិភពលោក ក៏មានវត្តមានផងដែរ។ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម កម្ពុជារំពឹងដណ្តើមបានមេដាយច្រើនជាងនៅប្រទេសហ្វីលីពីន។
កីឡាសក្តានុពលមួយចំនួនរួមមានជឺជិតស៊ូ តេក្វាន់ដូ WT ប៉េតង់ និងវ៉ូវីណាមជាដើម ស្ថិតក្នុងចំណោមកីឡាជិត៣០ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅវៀតណាម នាឆ្នាំ២០២១។ វត្តមានកីឡាទាំងនេះ រួមជាមួយកីឡាសក្តានុពលជាច្រើនទៀត បានបង្កើនទំនុកចិត្តកាន់ខ្ពស់សម្រាប់អត្តពលិកកម្ពុជា ក្នុងការប្រជែងដណ្តើមមេដាយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់ក្តីរំពឹងខ្ពស់លើសមត្ថភាពអត្តពលិកកម្ពុក្នុងការប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំក្រោយ។ លោកជឿជាក់ថាស៊ីហ្គេមនៅវៀតណាមអត្តពលិកកម្ពុជានឹងអាចដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។
កត្តាដែលធ្វើឲ្យ លោក ហ៊ានដាក់ក្តីរំពឹងបែបនេះ ដោយសារកីឡាជិត៣០ប្រភេទ ដែលកម្ពុជាគ្រោងបញ្ជូនទៅប្រកួតភាគច្រើន ជាកីឡាមានសក្តានុពលខ្ពស់ក្នុងការប្រជែងដណ្តើមមេដាយ។ ជាក់ស្តែង កីឡាជឺជិតស៊ូ ដែលមានកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់ដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០១៨។ រីឯកីឡាប៉េតង់ និងតេក្វាន់ដូ WT រួមជាមួយគុនខ្មែរ និងកីឡាមួយចំនួនទៀត សុទ្ធសឹងធ្លាប់ដណ្តើមបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម។
ទន្ទឹមនឹងនេះ លោក វ៉ាត់ ចំរើន បានបង្ហាញក្តីកង្វល់ចំពោះការខកខានហ្វឹកហាត់របស់ក្រុមកីឡាករកីឡាការិនីជម្រើសជាតិជាបន្តបន្ទាប់ ដោយសារការឆ្លងរីករាលនៃជំងឺកូវីដ-១៩។ ព្រោះលោកយល់ថា ការអាក់ខាននេះនឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍បច្ចេកទេស និងសមត្ថភាពរបស់កីឡាករ ទោះបីពួកគេហ្វឹកហាត់នៅតាមផ្ទះដោយខ្លួនឯងក៏ដោយ។
លោកបានសង្កត់ធ្ងន់ថា៖«សម្រាប់ការហ្វឹកហាត់ត្រៀមស៊ីហ្គេម២០២១ នៅវៀតណាម ក្រុមជម្រើសជាតិនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានតែងតែហ្វឹកហាត់ជាប់លាប់ជាប្រចាំ ដែលធ្វើឲ្យកម្រិតនៃការហ្វឹកហាត់របស់គេមានការរីកចម្រើនល្អ ប៉ុន្តែបើប្រៀបធៀបនឹងក្រុមជម្រើសជាតិកម្ពុជាដែលមិនហ្វឹកហាត់ប្រមូលផ្តុំនេះ គឺមានគម្លាតឆ្ងាយពីគ្នា»។
លោកបានបន្ថែមថា៖«នេះគឺជាបញ្ហាធំ ដែលយើងខ្វល់ខ្វាយមែនទែន ដែលកម្រិតនៃក្រុមជម្រើសជាតិគេរុលទៅមុខ រីឯក្រុមជម្រើសជាតិកម្ពុជាថយក្រោយ នេះជាកង្វល់ដ៏ធំនៅក្នុងកម្រិតជំនាញបច្ចេកទេសរបស់យើង»។
អគ្គលេខាធិការ NOCC រូបនេះអះអាងថា កម្ពុជាត្រូវបានម្ចាស់ផ្ទះវៀតណាមផ្តល់សិទ្ធិក្នុងការដឹកនាំ និងគ្រប់គ្រងលើការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលគេដាក់ឈ្មោះ«Muay»។ លោកចាត់ទុកថា នេះជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជាក្នុងការមានប្រៀបក្នុងការប្រជែងដណ្តើមមេដាយ។ ក្នុងន័យនេះ លោក អះអាងថា មិនមែនកម្ពុជាដឹកនាំការរៀបចំ ហើយធ្វើឲ្យមានភាពក្នុងការកាត់ក្តីនោះទេ។
សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៩ កម្ពុជាដណ្តើមបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ ដោយឈរចំណាត់ថ្នាក់លេខ៨លើឡាវ ព្រុយណេ និងទីម័រខាងកើត។ ចំណែកម្ចាស់ផ្ទះហ្វីលីពីនឈរកំពូលតារាងក្រោយដណ្តើមបានមេដាយមាស១៤៩ ប្រាក់១១៧ និងសំរឹទ្ធ១២១ ខណៈវៀតណាមឈរលេខ២(មាស៩៨, ប្រាក់៨៥, សំរឹទ្ធ១០៥) រីឯថៃឈរលេខ៣(មាស៩២, ប្រាក់១០៣, សំរឹទ្ធ១២៣)៕