សង្គមអន្តរជាតិ
អន្តរជាតិ
ប្រព័ន្ធអ៊ីម៉ែលក្រសួងពាណិជ្ជកម្មនិងរតនាគារជាតិអាមេរិក រងការវាយប្រហារតាមអ៊ីនធឺណិត 14, Dec 2020 , 12:29 pm
× ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកនៅថ្ងៃទី១២ ខែធ្នូ បានជួបប្រជុំគ្នា បន្ទាប់ពីប្រព័ន្ធអ៊ីម៉ែលរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងរតនាគារជាតិអាមេរិកត្រូវបានក្រុមអ្នកវាយប្រហារអ៊ីនធឺណិតចូលទៅតាមដាន និងត្រួតពិនិត្យការបញ្ជូនសារអេឡិចត្រូនិកអស់រយៈពេលជាច្រើនខែ។
មន្ត្រីអាមេរិក អះអាងថាការវាយប្រហារលើក្រសួងសំខាន់ពីរមានក្រសួងពាណិជ្ជកម្ម និងរតនាគាត អាចជាការវាយប្រហារទ្រង់ទ្រាយធំ ហើយអ្វីដែលរដ្ឋាភិបាលអាមេរិករកឃើញនៅពេលនេះ គ្រាន់តែជាជ្រុងតូចមួយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ ធ្នូ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Ullyot និយាយថា រដ្ឋាភិបាលអាមេរិកកំពុងចាត់រាល់វិធានការចាំបាច់ក្នុងការកំណត់អត្តសញ្ញាណ និងស្រោចស្រង់ស្ថានការណ៍តាមតែអាចធ្វើទៅបាន។ មកទល់ពេលនេះ រដ្ឋាភិបាលអាមេរិកពុំទាន់ប្រកាសជាសាធារណៈពីអត្តសញ្ញាណអ្នកដែលលុកលុយចូលប្រព័ន្ធអ៊ីនធឺណិតនៅឡើយទេ ប៉ុន្តែមន្ត្រីដែលពាក់ព័ន្ធការស៊ើបអង្កេតស្ថានការណ៍នេះនិយាយថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ការលួចចូលជាសម្ងាត់ក្នុងការចូលទៅតាមដាន និងត្រួតពិនិត្យការបញ្ជូនសារអេឡិចត្រូនិកនេះ ត្រូវបានអ្នកស៊ើបអង្កេតជឿថា កើតឡើងតាមរយៈការបញ្ចូលកូដបន្លំនៅពេលធ្វើបច្ចុប្បន្នភាពកម្មវិធីកុំព្យូទ័រ ដែលអភិវឌ្ឍដោយក្រុមហ៊ុន SolarWinds។ ក្រុមហ៊ុន SolarWinds ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផលិត និងថែទាំកម្មវិធីកុំព្យូទ័រដល់ស្ថាប័ននីតិប្រតិបត្តិ និងភ្នាក់ងារចារកិច្ចអាមេរិក។ ការវាយប្រហារខាងលើនេះត្រូវបានគេផ្តល់ឈ្មោះថា Supply-Chain Attack។
ក្រុមហ៊ុន SolarWinds បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថា កម្មវិធីកុំព្យូទ័ររបស់ខ្លួនដែលធ្វើបច្ចុប្បន្នភាពហើយ និងដែលត្រូវបានក្រុមវាយប្រហារបង្កប់កូដបន្លំក្នុងការតាមដាននោះ ត្រូវបានដាក់ចេញក្នុងអំឡុងខែមីនា និងមិថុនា។ ក្រុមហ៊ុននេះ អះអាងថា ការវាយប្រហារនេះមានលក្ខណៈទំនើប និងរៀបចំដោយរដ្ឋ។
ការវាយប្រហារចូលក្នុងកម្មវិធីរបស់ក្រុមហ៊ុន SolarWinds ធ្វើឲ្យបណ្តាញចារកម្មអាមេរិកបារម្ភខ្លាំងពនិងខ្លាចក្រែងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតអាចនឹងរងការវាយប្រហារបែបនេះដែរ។ ក្រុមហ៊ុនSolarWinds ផ្តល់សេវាកម្មដល់ក្រុមហ៊ុនទូរគមនាគមន៍អាមេរិកធំៗចំនួន១០ ក្រសួងការបរទេស ទីភ្នាក់ងារសន្តិសុខជាតិ ខុទ្ទកាល័យប្រធានាធិបតី និងអង្គភាពទាំង៥នៃកងទ័ពអាមេរិក។
ការវាយប្រហារអ៊ីនធឺណិតនេះ នឹងក្លាយជាបញ្ហាប្រឈមថ្មីបន្ថែមទៀតសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន។ មន្ត្រីអាមេរិក កំពុងស៊ើបថា ព័ត៌មានអ្វីខ្លះដែលត្រូវបានលួចមើល និង ព័ត៌មានទាំងនោះនឹងត្រូវប្រើសម្រាប់គោលបំណងអ្វី។ ការស៊ើបអង្កេតទ្រង់ទ្រាយធំបែបនេះ អាចនឹងត្រូវការរយៈពេលជាច្រើនឆ្នាំ។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខអ៊ីនធឺណិត ត្រូវបានផ្តល់តួនាទីឲ្យស៊ើបអង្កេតចំពោះការវាយប្រហារនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com