បក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១៤ ធ្នូ ចាប់ផ្តើមកិច្ចប្រជុំមួយសប្តាហ៍ សំដៅជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេសក្នុងរយៈ៥ឆ្នាំទៅមុខទៀត។ ដ្បិតជារដ្ឋកុម្មុយនីស្ត វៀតណាមពុំមានថ្នាក់ដឹកនាំកំពូលឡើយ ហើយអំណាចត្រូវបែងចែករវាងប្រធានាធិបតី នាយករដ្ឋមន្ត្រី អគ្គលេខាធិការបក្សកុម្មុយនីស្ត និងប្រធានសភា ខុសពីអ្នកជិតខាងចិន ឬកូរ៉េខាងជើង។
សម័យប្រជុំលើកទី១៤ នៃគណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមអាណត្តិទី១២ ចាប់ផ្តើមនៅថ្ងៃទី១៤ ខែធ្នូ ដើម្បីរៀបចំរបៀបវារៈ និងសមាសភាពថ្នាក់ដឹកនាំប្រទេសថ្មី ដែលត្រូវជ្រើសរើសក្នុងសមាជបក្សខែមករា ឆ្នាំ២០២១ ។ លោក ង្វៀន ភូជុង ដែលជាប្រធានាធិបតីវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដឹកនាំកិច្ចប្រជុំនេះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមលើកឡើងថា កិច្ចប្រជុំនេះពិភាក្សាលើឯកសារបុគ្គល។ ពោលគឺសំដៅលើការជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិថ្មី។ គេរំពឹងថា លោក ង្វៀន អាយុ៧៦ឆ្នាំ នឹងបន្តរក្សាតំណែងអគ្គលេខាធិការបក្សរបស់លោកមួយអាណត្តិទៀត បើទោះជាលោកសុខភាពមិនសូវល្អក្ដី។ ចាប់ពីឆ្នាំ២០១៨ លោក ជាអ្នកនយោបាយក្នុងបក្សដ៏មានឥទ្ធិពល ក្រោយដែលកាន់តំណែងកំពូលទាំងពីរ។
ក្នុងសមាជបក្សកុម្មុយនីស្តវៀតណាមក្នុងឆ្នាំ២០១៦ លោក ង្វៀន ភូជុង ជាអ្នកផ្តួចផ្តើមក្នុងការដកលោកនាយករដ្ឋមន្ត្រី ង្វៀន តាន់យុង ចេញពីតំណែង ខណៈលោកក្លាយជាគូប្រជែងសម្រាប់តំណែងលេខាបក្ស។
ក្រៅតែពីលោក ង្វៀន ភូជុង ជោគវាសនារបស់លោក ង្វៀន សួនហ្វ៊ុក ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក៏ស្ថិតក្នុងមន្ទិលដែរ។ លោក ង្វៀន សួនហ្វ៊ុក អាយុ៦៦ឆ្នាំ ទំនងជាកាន់តំណែងមួយអាណត្តិទៀត ឬក៏អាចក្លាយជាលេខាបក្សផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ង្វៀន សួនហ្វុក ដឹកនាំវៀតណាមឲ្យលេចមុខខ្លាំងលើឆាកអន្តរជាតិដូចជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាដើរតួនាទីក្នុងតំបន់អាស៊ានផងដែរ។
រដ្ឋមន្ត្រីនគរបាលវៀតណាម តូ ឡាំ ទំនងជាអាចក្លាយជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង ដែលអាចនឹងកាន់តែតំណែងលេខាបក្សតែមួយវិញ។ មិនមែនជារឿងចម្លែកឡើយ បើលោក តូ ឡាំ ក្លាយជាប្រធានាធិបតី ព្រោះអតីតប្រធានាធិបតី ជិន ដាយគ័ង ក៏ជារដ្ឋមន្ត្រីសន្តិសុខ មុនក្លាយជាប្រធានាធិបតីនៅឆ្នាំ២០១៦ រួចស្លាប់នៅឆ្នាំ២០១៨ នោះ។ ចំណែកកៅអីប្រធានរដ្ឋសភា ដែលអង្គុយដោយលោកស្រី ង្វៀន ធី គីម ងិន ក៏អាចមានអ្នកជំនួសដែរ។
លោក Linh Nguyen មកពីអង្គការ Control Risks អះអាងថា លទ្ធផលនៃសមាជបក្សកុម្មុយនីស្តវៀតណាមលើកនេះ ពិបាកនឹងស្មានទុកជាមុនណាស់ ខណៈពុំមានបេក្ខជនណាម្នាក់លេចធ្លោរខ្លាំងឡើយ ហើយបេក្ខជនសឹងតែទាំងអស់សុទ្ធតែជាមនុស្សចាស់។ លោកមើលឃើញថា ការប្រជែងគ្នាក្នុងផ្ទៃក្នុងបក្សកាន់តែខ្លាំង នៅពេលសមាជបក្សកាន់តែឈានកៀក។
ការជ្រើសរើថ្នាក់ដឹកនាំវៀតណាមត្រូវធ្វើឡើងដោយសម្ងាត់ និងតាមរយៈការមូលមតិគ្នាដើម្បីជ្រើសរើសបេក្ខជនសម្រាប់តំណែងសំខាន់រាប់តំណែងក្នុងជួរការិយាល័យនយោបាយបក្សផងដែរ។ ក្រោយមានការមូលមតិគ្នាក្នុងបក្សរួចហើយ បេក្ខជននឹងត្រូវបោះឆ្នោតជ្រើសរើសជាផ្លូវការក្នុងសមាជបក្សកុម្មយនីស្តវៀតណាម ដែលនឹងប្រារព្ធឡើងក្នុងខែមករា ឆ្នាំ២០២១៕