កីឡាជាតិ
ជាតិ
ក្លិបណាហ្គាវើលបង្ហាញកីឡាករចំណូលថ្មី៥រូប និងបន្តកិច្ចសន្យាជាមួយកីឡាករបរទេស១រូប 17, Dec 2020 , 7:59 am
× ក្លិបបាល់ទាត់ណាហ្គាវើលបង្ហាញកីឡាករចំណូលថ្មីចំនួន៥រូប ដែលភាគច្រើនមកពីក្លិបព្រះខ័នរាជស្វាយរៀង។ ជាមួយគ្នានេះ ក្លិប ក៏បានបន្តកិច្ចសន្យាជាមួយកីឡាករបរទេសមួយរូបទៀតផងដែរ។
ក្លិបណាហ្គាវើលនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានសរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការ ដើម្បីស្វាគមន៍កីឡាករចំណូលថ្មីចំនួន៥រូបរួមមាន ណុប តុលា, នេន សុធារ័ត្ន, សំអឿន ពិដោរ, តាំង សុភ័ក្រ និងកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ។ ក្នុងនោះកីឡាករ ណុប តុលា, នេន សុធារ័ត្ន និង សំអឿន ពិដោរ ទើបផ្ទេរមកពីក្លិបព្រះខ័នរាជស្វាយរៀង រីឯកីឡាករ តាំង សុភ័ក្រ និង ពេជ្រ សុវណ្ណខេមរិន្ទ ផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ។
ប៉ុន្តែបើតាមការបញ្ជាក់របស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ សំអឿន ពិដោរ ចូលរួមជាមួយណាហ្គាវើលក្នុងលក្ខខណ្ឌខ្ចីជើងតែប៉ុណ្ណោះ។ ហើយសម្រាប់វត្តមានរបស់ពួកគេទាំង៣ចូលរួមជាមួយណាហ្គាវើល ក៏ត្រូវបានក្លិបជើងឯកលីគកំពូលឆ្នាំ២០១៩ ប្រកាសរួចហើយដែរ។
ជាមួយគ្នានេះ ក្លិបណាហ្គាវើល ក៏បានប្រកាសពីការបន្តកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Marques Marcio ផងដែរ។ កីឡាកររូបនេះបានចុះកិច្ចសន្យាលេងក្លិបណាហ្គាវើលកាលពីដើមរដូវកាលឆ្នាំ២០២០ ជាមួយការបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខក្នុងលីគកំពូលឆ្នាំ២០២០៕
Tag:
បាល់ទាត់
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com