ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចម្ការកាហ្វេជាច្រើនហិកតា នៅអូរសោម ហុចផលយ៉ាងល្អ ដល់កសិករ
20, Dec 2020 , 9:29 pm        
រូបភាព
ដោយ:
ពោធិ៍សាត់៖ ដំណាំកាហ្វេជាច្រើនហិកតា លេចរូបរាងក្នុងឃុំអូរសោម ជាមួយទិន្នផលយ៉ាងល្អ។  ក្រៅពីទទួលបានផលច្រើន រសជាតិកាហ្វេអូរសោមក៏មិនចាញ់កាហ្វេនៅតំបន់ដទៃផងដែរ។ លោក សុខ ចាន់ អ្នកមើលថែចម្ការកាហ្វេអូរសោម លើកឡើងថា កាហ្វេនៅទីនេះមានរសជាតិឆ្ញាញ់ និងគុណភាពខ្ពស់ ជាពិសេសការដាំដុះកាហ្វេ តាមបែបធម្មជាតិ។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង អញ្ជើញទស្សនា បទសម្ភាស រវាងកញ្ញា ជឿន ស្រីណយអ្នកសារព័ត៌មានThmeyThmey25 និង លោក សុខ ចាន់ អ្នកមើលថែចម្ការកាហ្វេក្នុងឃុំអូរសោម ដូចតទៅ៖ 

 
 
ស្ថានភាពដីក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអំណោយផលដល់ដំណាំជាច្រើន ក្នុងនោះដំណាំកាហ្វេជាច្រើនហិកតា នៅឃុំនេះ កំពុងហុចផលគួរទីពេញចិត្ត។ ដាំដុះមិនពិបាកថែ បានទិន្នផលខ្ពស់ ហើយថែមទាំងមានរសជាតិ មិនចាញ់កាហ្វេនៅតំបន់ផ្សេងទៀត។ នេះជាការបញ្ជាក់ របស់លោក សុខ ចាន់ អ្នកមើលថែចម្ការកាហ្វេមួយកន្លែង នៅក្នុងឃុំអូរសោម។ 
 
លោក សុខ ចាន់ បានរៀបរាប់ប្រាប់សារព័ត៌មានThmeythmey25 ដូច្នេះ៖ «ដំណាំកាហ្វេក្នុងដីអូរសោមនេះ ឃើញថាល្អ មិនមែនអំណោយផលតែដំណាំហូបផ្លែនោះទេ។ សម្រាប់ដំណាំកាហ្វេ នៅអូរសោម គឺមានរសជាតិឆ្ញាញ់ ហើយគុណភាពខ្ពស់»។
 
ចំណាយរស់នៅ និងមើលថែកាហ្វេ នៅឃុំអូរសោមរយៈពេល៣ឆ្នាំមកនេះ លោក សុខ ចាន់ បានបន្តថា ជាទូទៅទិន្នផលកាហ្វេ លើផ្ទៃដី២ហិកតា ដែលលោកមើលថែនេះ អាចប្រមូលផលវិលជុំ ឬរៀងរាល់ថ្ងៃ ដោយមួយថ្ងៃៗ អាចបានជាមធ្យមជាងពី១០០គីឡូក្រាម។ 
 
នៅក្នុងចម្ការកាហ្វេដែល លោក សុខ ចាន់ កំពុងមើលថែមានពូជកាហ្វេចំនួន ២ប្រភេទ គឺ កាហ្វេអារ៉ាប៊ីកា (Arabica) និង កាហ្វេរ៉ូប៉ូស្តា (Robusta)។ កាហ្វេរ៉ូប៉ូស្តា គឺមានគុណភាពខ្ពស់ និងតម្លៃថ្លៃជាងកាហ្វេ អារ៉ាប៊ីកា និងដែលមានលក់នៅទីផ្សារក្នុងរាជធានីភ្នំពេញ។ នេះបើតាមលោក សុខ ចាន់ ដោយលោកបន្ថែមថា លោកកំពុងដាំ ដំណាំកាហ្វេ នៅលើផ្ទៃដី ៥ហិកតាបន្ថែមទៀតផងដែរ។ កសិកររូបនេះ សង្ឃឹមថា កាហ្វេ នឹងទទួលបានផលកាន់តែល្អ ដូចដំណាំដទៃទៀត ត្រូវបានដាំដុះពេញពាសនៅទឹកដីអូរសោមនេះ ដូចជាទុរេន ប័រ ម្រេច និងបន្លែសរីរាង្គជាច្រើនទៀត៕
 




Tag:
 កាហ្វេ
  អូរសោម
  កសិកម្ម
  សម្ភាស
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com