អន្តរជាតិ
សក់២ម៉ែត្រនាំឲ្យ Nilanshi Patel រក្សាកំណត់ត្រាជាយុវតីសក់វែងជាងគេលើលោក
22, Dec 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
Nilanshi Patel អាយុ១៨ឆ្នាំ បានក្លាយជាម្ចាស់កំណត់ត្រាយុវតីដែលសក់វែងជាងគេបំផុតលើពិភពលោករបស់សៀវភៅ Guinness World Records។ វាជាការបំបែកកំណត់ត្រាខ្លួនឯងលើកទី៣របស់ស្ត្រីវ័យក្មេងឥណ្ឌារូបនេះ។


យោងតាមសៀវភៅកំណត់ត្រាពិភពលោក យុវតី Nilanshi បានក្លាយជាម្ចាស់កំណត់ត្រាដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានប្រវែង១៧០.៥សង់ទីម៉ែត្រ។ នៅពេលនោះ នាងក៏ទទួលបានកំណត់ត្រាពីកម្មវិធីទូរទស្សន៍អ៊ីតាលី La Notte dei Record ផងដែរ។

កាលពីខែកញ្ញា ឆ្នាំ២០១៩ សក់របស់ Nilanshi ឡើងដល់ប្រវែង១៩០សង់ទីម៉ែត្រ ដែលនាំឲ្យនាងបំបែកកំណត់ត្រាចាស់ ហើយនៅឆ្នាំ២០២០នេះ សក់បានបន្តដុះឡើងដល់ប្រវែង២ម៉ែត្រតែម្តង។

ការវាស់ប្រវែងរបស់ Patel គឺធ្វើឡើងនៅពេលដែលសក់ស្ងួត ដើម្បីឲ្យមានភាពត្រឹមត្រូវ។ Nilanshi ត្រូវបានមិត្តភក្តិប្រៀបប្រដូចទៅនឹងតួគំនូរជីវចល Rapunzel ដែលមានសក់វែងយ៉ាងស្រស់ស្អាត។

ក្រោយប្រារព្ធខួប១៨ឆ្នាំ កាលពីខែសីហា កន្លងមក Nilanshi មិនត្រូវបានចាត់ទុកជាយុវតីទៀតនោះឡើយ ប៉ុន្តែកំណត់ត្រារបស់នាង មិនទាន់មានអ្នកណាបំបែកនោះឡើយ ដោយនាងបន្តកាន់កំណត់ត្រា «យុវតីសក់វែងបំផុតដែលមិនធ្លាប់មានពីមុន (Longest Hair Ever on A Eeenager) ដដែល។

Nilanshi ចាប់ផ្តើមទុកសក់តាំងពីអាយុ៦ឆ្នាំ ដោយសារខឹងនឹងអ្នកកាត់សក់។ «ខ្ញុំបានទៅកាត់សក់ ប៉ុន្តែគេធ្វើម៉ូតយ៉ាងអាក្រក់។ ដូច្នេះខ្ញុំបានសម្រេចចិត្តថា មិនកាត់សក់នោះឡើយ ចាប់ពីពេលនោះមក»។ នាងបានពន្យល់យ៉ាងដូច្នេះ។
ម្តាយ Nilanshi បានគាំទ្រការសម្រេចចិត្តរបស់កូនស្រី ហើយគាត់តែងតែជួយសម្ងួតសក់ សិត និងក្រងឲ្យនាងជារៀងរាល់សប្តាហ៍ ក្រោយងូតទឹករួច។ Nilanshi មិនមានការសម្រេចយ៉ាងណានោះឡើយចំពោះសក់របស់ខ្លួន។



កាលពីដើម ឆ្នាំ២០១៨ យុវតីជប៉ុន Keito Kawahara ជាម្ចាស់កំណត់ត្រាដែលមានសក់ប្រវែង១៥៥.៥សង់ទីម៉ែត្រ។ ប៉ុន្តែនៅពេលឈានចូលអាយុ១៨ឆ្នាំ កាលពីខែមេសា ឆ្នាំ២០១៩ Keito បានសម្រេចកាត់សក់ខ្លួនចេញជាលើកដំបូងបំផុត។

រីឯម្ចាស់កំណត់ត្រាស្ត្រីដែលមានសក់វែងជាងគេបំផុតគឺស្ត្រីជនជាតិចិនឈ្មោះ Xie Qiuping ដែលមានសក់ប្រវែង៥.៦២៧ម៉ែត្រកាលពីឆ្នាំ២០០៤។ បច្ចុប្បន្នអាយុ៦០ឆ្នាំ Xie បានទុកសក់តាំងពីឆ្នាំ១៩៧៣ក្នុងអាយុ១៣ឆ្នាំមកម្ល៉េះ៕



© រក្សាសិទ្ធិដោយ thmeythmey.com