អន្តរជាតិ
តើ​ហេតុអ្វី​បានជា​កសិករ​ឥណ្ឌា​រាប់ម៉ឺន​នាក់​ចេញ​បាតុកម្ម​ប្រឆាំង​ច្បាប់​កសិកម្ម​ថ្មី​?
22, Dec 2020 , 10:59 pm        
រូបភាព
កសិករឥណ្ឌា ជួបជុំធ្វើបាតុកម្មប្រឆាំងច្បាប់កសិកម្ម។រូបភាព៖AP
កសិករឥណ្ឌា ជួបជុំធ្វើបាតុកម្មប្រឆាំងច្បាប់កសិកម្ម។រូបភាព៖AP
ដោយ:
​ច្បាប់​កសិកម្ម​ថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​ក្លាយជា​ដើមចម​ដែល​បញ្ឆេះ​កំហឹង​ប្រជាជន​រាប់ម៉ឺន​នាក់​ឲ្យ​ចេញ​តវ៉ា​ជា​ហូរហែ ដ្បិតថា ពួកគេ​យល់ថា បទបញ្ញត្តិ​ទាំងនោះ​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ខ្លួន និង​ជំរុញ​ឲ្យ​មានការ​កេងប្រវ័ញ្ច​កាន់តែខ្លាំង​ពី​សំណាក់​នាយទុន​។
 
​ចាប់ពី​ចុងខែ​វិច្ឆិកា មក​កសិករ​ឥណ្ឌា​រាប់ម៉ឺន​នាក់​បាន​ចាក​ចេញពី​ស្រែចម្ការ​មក​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​ញូវដែលី​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​ច្បាប់​កសិកម្ម​សំខាន់ៗ​ចំនួន​បី​។ បើតាម​ក្រុម​កសិករ ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​កសិផល​របស់ខ្លួន បូករួម​ទាំង​មានការ​កែប្រែ​របៀប​ធ្វើ​កសិកម្ម និង​ឈានទៅដល់​ការកើតឡើង​នូវ​អំពើ​កេងប្រវ័ញ្ច​ពី​ក្រុមហ៊ុន​ឯកជន​ផង​។​
 
​យ៉ាងណាមិញ រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា អះអាងថា​ច្បាប់​នេះ​ធ្វើឡើង​ដើម្បី​កំណែទម្រង់​វិស័យ​កសិកម្ម​ឥណ្ឌា​ដោយ​បើកចំហ​ទីផ្សារ​បន្ថែមទៀត ក៏ដូចជា​ឈានទៅដល់​ទំនើបកម្ម​វិស័យ​មួយ​នេះ ដែល​ប្រជាជន​ឥណ្ឌា​ប្រមាណ​៦០​ភាគរយ​ពឹងផ្អែក​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​។​
 
​តាមពិតទៅ ប្រធានាធិបតី​ឥណ្ឌា​លោក Ram Nath Kovind យល់ព្រម​ចុះហត្ថលេខា​លើ​ច្បាប់​កសិកម្ម​ចំនួន​៣ ដែល​អនុម័ត​ដោយ​សភា​ទាំង​២​ថ្នាក់ និង​ដែល​ត្រូវ​ស្នើឡើង​ដោយ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​នា​រិ​ន្ទ្រា ម៉ូ​ឌី កាលពី​ថ្ងៃទី​២៧ កញ្ញា​។ ច្បាប់​ទាំងបី​នេះ​រួមមាន​ទីមួយ ច្បាប់​ស្តីពី​ការផ្តោះប្តូរ​ពាណិជ្ជកម្មរ​បស់​កសិករ​, ទី​ពីរ ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ធានា​តម្លៃ និង​សេវាកម្ម​កសិដ្ឋាន និង​ទី​បី ច្បាប់​វិសោធនកម្ម​ស្តីពី​ទំនិញ​សំខាន់​។ 
 
​ច្បាប់​ស្តីពី​ការផ្តោះប្តូរ​ពាណិជ្ជកម្មរ​បស់​កសិករ បើកផ្លូវ​ឲ្យ​កសិករ​អាច​លក់​កសិផល​របស់ខ្លួន​ដោយផ្ទាល់​ទៅកាន់​ភោជនីយដ្ឋាន សណ្ឋាគារ ឃ្លាំង​ស្តុក និង​ផ្សារ​ទំនើប​ជាដើម​។​ច្បាប់​នេះ ក៏​ហាម​រដ្ឋ​នីមួយៗ​យកពន្ធ​បន្ថែម ឬ​បង់ថ្លៃ​ទីផ្សារ​ចំពោះ​ការទិញ​ដូចជា​មួយ​កសិក​រ​ផងដែរ​។​
 
 រដ្ឋាភិបាល​អះអាងថា​ច្បាប់​នេះ នឹង​នាំ​ការបង្កើន​តម្លៃ​កសិក​ផល​ដល់​កសិករ ដោយសារតែ​ការទិញ​លក់​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមុន នឹង​ពុំមាន​ការយកពន្ធ​ក្នុង​ការលក់​ផលិតផល​ក្នុង​រដ្ឋ និង​ឆ្លង​រដ្ឋ​ឡើយ​។ បន្ថែម​ពីនេះ ច្បាប់​ខាងលើ​ក៏​បើកផ្លូវ​ឲ្យ​មានការ​ជួញដូរ​កសិផល​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ផងដែរ​។​
 
​ប៉ុន្តែ​បញ្ហា​ដែល​កសិករ​បារម្ភ​គឺ​នៅត្រង់ថា មុននឹង​មានច្បាប់​នេះ កសិករ​ឥណ្ឌា​លក់​ផលិតផល​របស់ខ្លួន​ទៅកាន់​គណៈ​កម្ម​ធិ​ការ​ទីផ្សារ​ផលិតផល​កសិកម្ម​(APMC)​តែមួយគត់​។ APMC បង្កើតឡើង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​ទប់ស្កាត់​អំពើ​កេងប្រវ័ញ្ច​លើ​កសិករ​ដោយ​កំណត់​តម្លៃ និង​ដាក់​ដេញថ្លៃ​តម្លៃ​កសិផល​នោះ​ទៅ​អ្នកទិញ​ដុំ បន្ទាប់មក​ទើប​អ្នកទិញ​ដុំ​ទទួល​អាជ្ញាប័ណ្ណ​នោះ​ដើម្បី​ទិញ​ពី​កសិករ​ទៅ​លក់​បន្តបាន​។ 
 
​ប៉ុន្តែ​ច្បាប់​ថ្មី ដែល​បើកផ្លូវ​ឲ្យ​ភោជនីយដ្ឋាន សណ្ឋាគារ អ្នកទិញ​ដុំ និង​ឃ្លាំង​ស្តុក​ទំនិញ បញ្ជា​ទិញ​កសិផល​ដោយផ្ទាល់​ពី​កសិករ ដោយ​មិនចាំបាច់​ចូល​ដេញថ្លៃ​ក្នុង APMC ដែល​តាម​លក្ខ​ខណ្ណ​គឺ​ត្រូវ​បង់ពន្ធ និង​ជាប់​បញ្ញត្តិ​ជាដើម​។​ដូច្នេះហើយ APMC​អាចឈាន​ដល់​លែង​ដំណើរការ​ផង​។​
 
​ហេតុនេះហើយ​ទើប កសិករ​ឥណ្ឌា​អះអាងថា ច្បាប់​ថ្មី​នេះ​នឹង​នាំ​ឲ្យ​អ្នកទិញ​ដុំ​កំណត់​តម្លៃ​ទីផ្សារ និង​ទិញ​ផលិតផល​ក្នុងតម្លៃ​មួយ​ទាប ឬ​អាច​ថោក​ជាង​តម្លៃ​ផលិត​ផង បើសិនជា​APMC​ត្រូវបាន​លុបបំបាត់​។​នេះ​ក៏ដោយ​សារ​កសិករ​ប្រឈម​នឹង​ផល​លំបាក​ក្នុង​ការចចារ​តម្លៃ​លក់ ដ្បិតអី កសិករ​ឥណ្ឌា​៦៥​ភាគរយ​ជា​កសិករ​តូចតាច​ដែលមាន​ដី​មិន​ដល់​២​ហិកតា​ផង​។​ច្បាប់​នេះ​គឺជា​ច្បាប់​ចម្រូងចម្រាស់​ខ្លាំងជាងគេ​ក្នុងចំណោម​ច្បាប់​ទាំងបី​។​
 
​ដោយឡែក ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ធានា​តម្លៃ និង​សេវាកម្ម​កសិដ្ឋាន​ឯណោះ​វិញ លើកឡើង​ពី​ការផ្តល់​សិទ្ធិ​ទៅដល់​កសិករ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​លក់​កសិផល​របស់ខ្លួន ទៅកាន់​អ្នកទិញ​ដុំ ផ្សារ​ទំនើប ក្រុមហ៊ុននាំចេញ ឬ​ឃ្លាំង​ជាដើម​។​ច្បាប់​នេះ អនុញ្ញាត​ឲ្យ​កសិករ និង​អ្នកទិញ​កំណត់​ពី​តម្លៃ ប្រភេទ និង​គុណភាព​នៃ​ទំនិញ​មុនពេល​ប្រមូល​ផល​។​
 
​រដ្ឋាភិបាល​អះអាងថា ច្បាប់​នេះ​នឹង​នាំមក​នូវ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​ដោយសារតែ​ឈ្មួញ ក្រុមហ៊ុននាំចេញ អាច​នឹង​ផ្តល់នូវ​បច្ចេកទេស គ្រាប់ពូជ សម្ភារៈ ឧបករណ៍​កសិកម្ម និង​វិធី​នៃ​ការរៀបចំ​ដី​ក្នុង​ការដាំដុះ​។​
 
​ប៉ុន្តែ​កសិករ​អះអាង​វិញ​ថា ច្បាប់​នេះ​នឹង​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន ឬ​អ្នកទិញ​ដែលមាន​ឥទ្ធិពល​ជាង កេងប្រវ័ញ្ច​កសិករ​ដោយ​ស្របច្បាប់​ដ្បិតអី​កសិករ​ពុំមាន​ចំណេះដឹង​ផ្លូវច្បាប់​។​ដូចគ្នានេះដែរ កសិករ​អះអាងថា​ច្បាប់​នេះ​ពុំមាន​ដាក់​យន្តការ​ក្នុងការ​កំណត់​តម្លៃ​ឡើយ ដែល​ហេតុនេះហើយ​ទើប​កសិករ​និយាយថា​ខ្លួន​អាច​នឹង​ចុះកិច្ចសន្យា​លក់​ផលិតផល​ក្នុងតម្លៃ​មួយ​ដែល​មិន​សាក​សម​។ បន្ថែម​ពីនេះ នៅពេល​ជម្លោះ​ក្នុងការ​អនុវត្ត​កិច្ចសន្យា ភាគី​ទាំង​សង​អាច​ត្រឹម​ដោះស្រាយ​ក្រោយ​យន្តការ​ក្រៅ​តុលា​ការដែល​រៀបចំ​ដោយ​រដ្ឋាភិបាល តែ​មិនអាច​យកទៅ​ប្តឹង​ក្នុង​តុលាការ​បានឡើយ​។​
 
​កសិករ​ជាង​៦៥​ភាគរយ ដែលជា​កសិករ​តូចតាច​និយាយថា​ច្បាប់​នេះ​នឹងមិន​ផ្តល់​ផល​អ្វី​ឲ្យ​ខ្លួន​ឡើយ​ដោយសារតែ​ខ្លួន​មិនសូវមាន​ចំណេះដឹង​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​កសិកម្ម តែ​ផ្តល់​ផលប្រយោជន៍​ដល់​កសិដ្ឋាន​ធំៗ​តែប៉ុណ្ណោះ​។​
 
​ច្បាប់​ទី​៣ គឺ​ទាក់ទង​នឹង​ការ​ស្តុក​ទុក​ផលិតផល​កសិកម្ម​សំខាន់ៗ​។​មុន​ច្បាប់​នេះ​ត្រូវ​បានអនុម័ត រដ្ឋាភិបាល​សហព័ន្ធ​ដាក់​កំហិត​ដល់​ក្រុមហ៊ុន​ឯកជន អ្នកទិញ​ដុំ និង​ឃ្លាំង លើ​បរិ​មាណនៃ​ការ​ស្តុក​ផលិតផល​មួយចំនួន​ដូចជា​ដំឡូងបារាំង ខ្ទឹមបារាំង ស្រូវ​សាឡី និង​ប្រេង​ជាដើម​។ ប៉ុន្តែ​ក្រោយ​ច្បាប់​នេះ​បានអនុម័ត ក្រុមហ៊ុន អាច​ស្តុក​ផលិតផល​ទាំងអស់នោះ​ដោយ​គ្មាន​កំណត់​ឡើយ​។​
 
 រដ្ឋាភិបាល​អះអាងថា​ការធ្វើ​បែបនេះ គឺ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកប្រើប្រាស់ បង្កើន​ចំណូល​ដល់​កសិករ ក៏ដូចជា​ភាពបត់បែន​ក្នុង​ទីផ្សារ​។​ប៉ុន្តែ​សាធារណៈជន​អះអាងថា ច្បាប់​នេះ​ជះ​ផលប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង ក៏ដូចជា​ផលចំណេញ​របស់​កសិក​រ​កាន់តែ​ខ្លាំ​។ នេះ​ក៏ ដោយសារ​វា​អនុញ្ញាត​ឲ្យ​ឈ្មួញ ប្រមូល​ទិញ​ផលិតផល​កសិកម្ម​នៅ​រដូវ​ប្រមូល​ផល​ដែលមាន​តម្លៃថោក​ពី​កសិករ និង​លក់​ចេញ​ក្នុងតម្លៃ​ថ្លៃ​។​រដ្ឋាភិបាល​អាចដាក់​កំហិត​ក្នុងការ​ស្តុក​ផលិតផល​វិញ ដរាបណា​តែ​ក្នុងពេល​មាន​សង្គ្រាម គ្រោះ​ទុរភិក្ស ស្ថានការណ៍​ពិសេស​តែប៉ុណ្ណោះ ឬ​នៅពេលដែល​តម្លៃ​ទំនិញ​ត្រូវ​ដំឡើង​តម្លៃ​បន្ថែមចំនួន​៥០​ភាគរយ​(​ផលិតផល​ងាយ​ខូច​ដូចជា​ដំឡូង​) និង​១០០​ភាគរយ​(​ផលិតផល​មិន​ងាយ​ខូច​ដូចជា​ប្រេង​)​។​
 
​ត្រឡប់​មកដល់​ការប្រឈមមុខគ្នា​នេះ តំណាង​កសិករ និង​រដ្ឋាភិបាល​កន្លង​មក​បាន​ជួប​ច​ចារ​គ្នា​ចំនួន​ប្រាំ​ដង​ហើយ ប៉ុន្តែ​ពុំមាន​ផ្លែផ្កា​អ្វី​ឡើយ​។ កសិករ​ទាមទារ​ឲ្យ​លុប​ច្បាប់​ទាំង​៣​នេះ​ចោល ប៉ុន្តែ​រដ្ឋាភិបាល​និយាយថា​ខ្លួន​អាច​ត្រឹមតែ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ខ្លះ​ប៉ុណ្ណោះ​។ ដោយសារ​ទាល់ច្រក​មិន​រក​ដំណោះស្រាយ​មិនឃើញ នៅ​ថ្ងៃទី​១៦ ធ្នូ តុលាការ​កំពូល​ឥណ្ឌា​លើកសំណើ​ធ្វើជា​អ្នកសម្របសម្រួល​ដល់​ភាគី​ទាំងសងខាង ប៉ុន្តែ​មិនទាន់មាន​ភាគី​ណា​ឆ្លើយតប​នៅឡើយ​ទេ​។ ចំណែក​សហព័ន្ធ​កសិករ​បាន​ប្តឹងទៅ​តុលាការ​កំពូល​ឲ្យ​លុប​ច្បាប់​ទាំងបី​នេះ​ចោល​។​
 
​នៅ​ថ្ងៃទី​២៣ ធ្នូ កសិករ​ឥណ្ឌា​អះអាងថា ខ្លួន​នឹងធ្វើ​កូដកម្ម​អត់​អាហារ​រយៈពេល​មួយថ្ងៃ​ដើម្បី​ប្រឆាំងនឹង​ច្បាប់​ទាំង​៣​នេះ​។ កសិករ​នាំគ្នា​បោះតង់ នៅតាម​ដង​វិថី​ក្នុង​រដ្ឋធានី ដែល​សីតុណ្ហភាព​ធ្លាក់​ចុះមក​ត្រឹម​ពី ២​ទៅ​៣​អង្សារ​ប៉ុណ្ណោះ​។ មកទល់ពេលនេះ មាន​បាតុករ​រហូតដល់ ៣០​នាក់​ស្លាប់​ដោយសារ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​។ ចំណែក​១០​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​៕
 
 
 
 
 
 
 

Tag:
 ឥណ្ឌា​
 ​កសិកម្ម​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com