COVID-19
អន្តរជាតិ
អង់តាកទិក ជាទ្វីបចុងក្រោយដែលមានករណីឆ្លងកូវីដ-១៩ 23, Dec 2020 , 2:28 pm
រូបភាព៖ PTI
× អាជ្ញាធរស៊ីលី បានប្រកាសពីករណីឆ្លងជំងឺកូវីដ-១៩ លើមនុស្សយ៉ាងហោចណាស់ ៥៨នាក់នៅលើទ្វីបអង់តាកទិក និងនៅលើនាវាធ្វើដំណើរទៅទ្វីបអង់តាកទិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ ខែធ្នូ។ អង់តាកទិក ក្លាយជាទ្វីបចុងក្រោយដែលជំងឺនេះទៅដល់។
គិតមកត្រឹមពេលនេះ គ្រប់ទ្វីបទាំងអស់ សុទ្ធតែមានករណីឆ្លងកូវីដ-១៩ បន្ទាប់ពីទ្វីបអង់តាកទិក មានករណីឆ្លងដែរ។ ពីមុនមក គ្មានរបាយការណ៍ណាមួយ បង្ហាញថាទ្វីបអង់តាកទិកមានករណីឆ្លងកូវីដ-១៩ ឡើយ។
តាមការប្រកាសរបស់យោធាស៊ីលី នៅថ្ងៃទី២១ ខែធ្នូ មនុស្សចំនួន ៣៦នាក់ ឯនៅមូលដ្ឋានយោធា General Bernardo O’Higgins Riquelme ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ក្នុងចំណោមមនុស្សចំនួន៣៦នាក់ ២៦នាក់ ជាយោធា និង១០នាក់ ជាបុគ្គលិកស៊ីវិល។ ។
ក្រៅពីករណីឆ្លងនៅបន្ទាយខាងលើ ស៊ីលី ក៏រកឃើញករណីឆ្លង២១នាក់ទៀត ដែលមានពាក់ព័ន្ធនឹងមនុស្សធ្វើការនៅលើនាវាផ្គត់ផ្គង់គ្រឿងបរិក្ខារ Sergeant Aldea ដែលបានធ្វើដំណើរទៅកាន់ទ្វីបអង់តាកទិក។ បុគ្គលិកលើនាវានេះ មានចំនួន ២០៨នាក់។ ទន្ទឹមនេះ ករណីឆ្លងមួយទៀត ត្រូវបានអាជ្ញាធរស៊ីលីរកឃើញនៅក្នុងភូមិ Las Estrellas នៃទ្វីបអង់តាកទិកដែរ។
ករណីឆ្លងសរុប អង់តាកទិក មានយ៉ាងហោចណាស់ចំនួន ៥៨នាក់ហើយ។ ដោយឡែកមូលនិធិវិទ្យាសាស្ត្រជាតិ ដែលជាទីភ្នាក់ងាររបស់អាមេរិកនៅទ្វីបអង់តាកទិក បានអះអាងថា ខ្លួនក៏បានដឹងពីករណីឆ្លងនេះ ប៉ុន្តែបុគ្គលិករបស់ខ្លួនក៏មិនបានពាក់ព័ន្ធជាមួយអ្នកជំងឺទាំងនោះទេ។
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ ពិភពលោកមានករណីឆ្លងសរុបចំនួនជាង ៧៨លានករណី អ្នកស្លាប់មានជាង ១,៧នាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៥៥លាននាក់៕
Tag:
កូវីដ-១៩
អង់តាកទិក
© រក្សាសិទ្ធិដោយ thmeythmey.com