ជាតិ
ប្រាសាទព្រះក្វាន់ពីរ នៅខេត្តក្រចេះ ជាសំណង់ប្រាសាទអំពីឥដ្ឋ
27, Dec 2020 , 11:59 pm        
រូបភាព
រូបភាពពី មន្ទីរទេសចរណ៍ខេត្តក្រចេះ
រូបភាពពី មន្ទីរទេសចរណ៍ខេត្តក្រចេះ
ដោយ៖ ស៊ុល រ៉វី

ប្រាសាទព្រះក្វាន់ពីរ ជាប្រាសាទបុរាណដែលរក្សានៅរូបរាងស្ថិតក្នុង ភូមិទ្រាប(១០៥) ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រាសាទមួយនេះ មានក្បូរក្បាច់រចនានៅសេសសល់យ៉ាងល្អ មានទាំងសិលាចារឹក ដែលបន្សល់ទុកនៅប្រាសាទផងដែរ។ នេះបើតាម លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ។


តាមរយៈឯកសារពីមន្ទីរទេសចរណ៍ខេត្តក្រចេះ ប្រាសាទព្រះក្វាន់ពីរ ជាសំណង់ប្រាសាទសង់អំពីឥដ្ឋ ដែលមានតួប៉មចំនួនពីរ និងលម្អដោយ ផ្ដែរ ទ្វារ ហោជាង និង សសេរពេជ្រ លើប្រាសាទយ៉ាងស្រស់ស្អាតដែលនៅសេសសល់។  ក្រៅពីនេះ ក៏មានសិលាចារឹកដែលចារលើមេទ្វារ មានអក្សរពីរបន្ទាត់ ដែលនិយាយពីនាមព្រះរាជា និងកាលបរិច្ឆេទដែរ។ 

រូបភាពពី មន្ទីរទេសចរណ៍ខេត្តក្រចេះ 

ឯកសារដដែល ឲ្យដឹងទៀតថា ប្រាសាទសង់អំពីឥដ្ឋនេះ មានតួប៉មពីរ សង់លើរាងចតុកោណស្មើ ដោយក្នុងមួយជ្រុង៧០ម៉ែត្រ លាតសន្ធឹងពីជើងទៅត្បូង ស្ថិតក្នុងជ្រលងខ្ពង់រាបធម្មជាតិ រាងដូចធ្នូ លាតសន្ធឹងពីជើងទៅត្បូងប្រហែល ១៥០ម៉ែត្រ និងលាតសន្ធឹងពីកើតទៅលិច ១៣០ម៉ែត្រ ព្រមទាំងព័ទ្ធជុំវិញដោយគូទឹកថែមទៀតផង។ ប្រាសាទនេះ បែរមុខទៅទិសខាងកើត ហើយមានកំពែងតាមទិសចំនួនពីរ គឺនៅទិសខាងកើត និងទិសខាងត្បូង។ ចំណែកទិសខាងជើង និងទិសខាងកើត ពុំឃើញមានស្លាកស្នាមកំពែងឡើយ។

រូបភាពពី មន្ទីរទេសចរណ៍ខេត្តក្រចេះ 

ដោយឡែកចំពោះតួប៉មទាំងពីរ នៃប្រាសាទព្រះក្វាន់ពីរនេះ សង់នៅលើទួលរាងចតុកោណ ប៉ុន្តែតួប៉មទាំងពីរ មិនស្ថិតនៅចំកណ្ដាលឡើយ ពោលគឺស្ថិតនៅមួយផ្នែកកៀននឹងជ្រុងនៃភាគអាគ្នេយ៍។ ចំពោះតួប៉មទាំងពីរវិញ ក៏មានទំហំខុសគ្នា រីឯកម្ពស់ក៏មិនជាខ្ពស់នោះដែរ លាតសន្ធឹងពីជើងទៅត្បូងប្រវែង ២០ម៉ែត្រ និងពីកើតទៅលិចប្រវែង ១០ម៉ែត្រ។

 រូបភាពពី មន្ទីរទេសចរណ៍ខេត្តក្រចេះ

បច្ចុប្បន្ននេះ តួប៉មខាងជើងដួលរំលំទាំងស្រុង គឺមានឃើញតែសំណង់ជញ្ជាំងប្រាសាទបន្តិចបន្តួចប៉ុណ្ណោះ។ តួប៉មខាងជើងនេះ ប្រហែលជាសង់ឡើងក្នុងបំណងតម្កល់សិវលិង្គ ដោយឃើញមានបន្សល់នូវស្នាមយោនី។ ចំណែកតួប៉មខាងត្បូង មានទំហំធំជាងខាងជើង ព្រមទាំងគ្រឿងតុបតែងលម្អ ដោយ ហោជាង ផ្ដែរ ទ្វារ សសរពេជ្រ សសរផ្អោប ស៊ុមទ្វារជាដើម។

 រូបភាពពី មន្ទីរទេសចរណ៍ខេត្តក្រចេះ

នៅឯជញ្ជាំងនៅផ្នែកខាងក្នុងនៃតួប៉មខាងត្បូងវិញ គឺផ្នែកជញ្ជាំងពីមួយទៅមួយ មានលម្អជារាងមណ្ឌបចំនួនពីរ រៀបចំយ៉ាងស្រស់ស្អាត។ ឯផ្ដែរមានឆ្លាក់ជាក្បាច់ស្លឹកឈើធំៗ រាងជាដងធ្នូ។ ចំណែកឯផ្ដែរទ្វារបញ្ឆោតទាំងអស់វិញ មានទំហំ និងចម្លាក់ដូចៗគ្នា ហើយក៏រក្សាសភាពល្អនៅឡើយផងដែរ។ កាន់តែពិសេសនោះគឺ សិលាចារឹក បានបន្សល់ទុកនៃប្រាសាទព្រះធាតុក្វាន់ពីរមួយផ្ទាំង សរសេរជាភាសាសំស្ក្រឹត និងសរសេរជាពាក្យកាព្យចំនួនពីរបន្ទាត់។ សិលាចារឹកនេះ ត្រូវបានចម្លងនៅឆ្នាំ ១៩០៦ ដោយ លោក L.Finot។ សិលាចារឹកនេះនិយាយពី ស្ដេចមួយព្រះអង្គ ព្រះនាមបុស្ការ ដោយក្នុងនោះនិយាយពីការបញ្ជារឲ្យតាបស និងពួកព្រាហ្មឋានៈខ្ពស់ កសាងទេវរូបមួយអង្គ នាមស្រីបុស្ការេសា ក្នុងឆ្នាំ៧១៦ នៃ គ.ស។ 

 រូបភាពពី មន្ទីរទេសចរណ៍ខេត្តក្រចេះ

បន្ថែមពីលើនេះ ប្រាសាទព្រះក្វាន់ពីរ ស្ថិតក្នុងរចនាបថកំពង់ព្រះ ព្រមទាំងមានលក្ខណៈពិសេសហាក់ ប្លែកពីប្រាសាទដទៃនាសម័យអង្គរ។ ស្ថាបត្យករនៃប្រាសាទនេះ គួរជាទីទាក់ទាញដោយសារការសាងសង់ ផ្ដែរ សសរពេជ្រ សសរផ្អោប ទ្វារបញ្ឆោត ហោរជាង ក្បាច់ចម្លាក់តុបតែងលម្អយ៉ាងប្រណិត ព្រមទាំងលើកទំនប់ដើម្បីធ្វើជាកំពែងព័ទ្ធជុំវិញប្រាសាទថែមទៀត។


រូបភាពពី មន្ទីរទេសចរណ៍ខេត្តក្រចេះ

គួរបញ្ជាក់ផងដែរថា ក្រៅពីប្រាសាទព្រះក្វាន់ពីរ ក្នុងខេត្តក្រចេះនេះក៏បន្សល់នូវប្រាសាទដែលនៅមានរូបរាងមួយទៀតផងដេរ គឺប្រាសាទបន្ទាយសៀម។ ក្រៅពីនេះក្នុងខេត្តមួយនេះក៏បន្សល់នូវប្រាសាទបាក់បែកសល់សំណង់គ្រឹះចំនួន៩ ទៀតផងដែរ។ នេះបើតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា ចេញឆ្នាំ២០១០ របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ៕
 

Tag:
 ThmeyThmey25
  ប្រាសាទព្រះខ្វាន់ពីរ
  ប្រាសាទបុរាណ
  ខេត្តក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com