ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ចោទលោក សម រង្ស៊ី ពីបទ​ប្រមាថ​ព្រះមហាក្សត្រ ជាលើកទី៣ តាម​អធិបញ្ជា​ពី​ក្រសួងយុត្តិធម៌​
28, Dec 2020 , 11:44 am        
រូបភាព
រូបពីAFP
រូបពីAFP
 ភ្នំពេញ​៖ តុលាការ បាន​ចោទប្រកាន់​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៨ ធ្នូ នេះ តាម​អធិបញ្ជា​របស់​ក្រសួងយុត្តិធម៌​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក សម រង្ស៊ី រង​បទ​ចោទ​ប្រមាថ ព្រះមហាក្សត្រ​។


​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​អធិបញ្ជា​ឲ្យ​តុលាការ​ចាត់វិធានការ​ច្បាប់​លើ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់ ចំពោះ​ការប្រើ​ពាក្យ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២៥ ធ្នូ ។ លោក កើត រិ​ទ្ធ ចេញ​អធិបញ្ជា​នេះ ក្រោយពី​ពិនិត្យឃើញ​លោក សម រង្ស៊ី ប្រើពាក្យ​ប្រមាថ​ព្រះមហាក្សត្រ​ថា «​ស្ដេច​ទី​មោង​» នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន កាលពី​ថ្ងៃទី​២០ ធ្នូ​។​
 
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចាត់ទុក​ការប្រើ​ពាក្យ​មិនគួរ​គប្បី​របស់លោក សម រង្ស៊ី មកលើ​អង្គ​ព្រះមហាក្សត្រ​នោះ ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដែល​មិនអាច​អត់ឱន​បាន​។​
 
​កាលពី​ខែឧសភា ឆ្នាំ​២០១៩ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ពន្ធ​ន​គារ​៤​ឆ្នាំ​ម្ដង​ហើយ ពីបទ ប្រមាថ​ព្រះមហាក្សត្រ​។ រយៈពេល​៤​ខែក្រោយ​មក ពោលគឺ​នៅ​ខែ កញ្ញា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​រង​បទ​ប្រមាថ​ព្រះមហាក្សត្រ​ម្ដងទៀត ។​
 
​មាត្រា​៧ នៃ​ជំពូក​ទី​២ ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ស្តីអំពី​ព្រះមហាក្សត្រ បាន​ចែងថា «​ព្រះមហាក្សត្រ ទ្រង់​គ្រងរាជ្យសម្បត្តិ ប៉ុន្តែ​មិន​កាន់អំណាច​ឡើយ​។ ព្រះមហាក្សត្រ​ទ្រង់​ជា​ប្រមុខរដ្ឋ​មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ មិនអាច​ឲ្យ​អ្នកណា​បំពាន​បានឡើយ​»​។​
 
​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ ស្តីពី​ការប្រមាថ​ព្រះមហាក្សត្រ ចែងថា ការប្រមាថ គឺជា​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធ​ធនាគារ​ពី​១​ឆ្នាំ ទៅដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ដល់​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល ដែល​សំដៅលើ​អង្គភាព ស្ថាប័ន អង្គការ ឬ​ក្រុមហ៊ុន ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​៕
 

Tag:
 ​សម រង្ស៊ី​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com