កីឡាជាតិ
ជាតិ
គ្រូបង្វឹក គឹម ភក្តី និង​កីឡាករ ម៉ាត់ នូ​រុណ ទទួលបាន​ពាន​ច្រើនជាងគេ​នៅ​ឆ្នាំ​២០២០
30, Dec 2020 , 9:29 pm        
រូបភាព
គ្រូបង្វឹក គឹម ភក្តី (ឆ្វេង) និងកីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត, រូបភាពពី CNCC
គ្រូបង្វឹក គឹម ភក្តី (ឆ្វេង) និងកីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត, រូបភាពពី CNCC
ដោយ:
គ្រូបង្វឹក​ក្លិប​បាល់ទាត់​បឹងកេត​លោក គឹម ភក្តី ដែល​ដឹកនាំ​ឲ្យ​បឹងកេត​ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា ជាប់​ជា​គ្រូបង្វឹក​ទទួលបាន​ពាន​ច្រើនជាងគេ​ក្នុងចំណោម​គ្រូបង្វឹក​ទាំង​៥​រូប ដែល​ទទួលបាន​ពាន​នៅ​ឆ្នាំ​២០២០​។ ចំណែក​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ គ្រង​តំណែង​កីឡាករ​ទទួលបាន​ពាន​ច្រើន​ទេ​។
 
​លោក គឺ​ម ភក្តី ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​បង្វឹក​ក្លិប​បាល់ទាត់​បឹងកេត​បណ្តោះអាសន្ន​ជំនួស​លោក Apisit Im Amphai នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ពោលគឺ​នៅ​សប្តាហ៍​ទី​៦​ក្នុង​លី​គ​កំពូល​។ ក្រោម​ការដឹកនាំ​របស់ លោក បឹងកេត​ទទួលបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់ មិនដែល​ស្គាល់​បរាជ័យ​នោះទេ​។​
 
​ក្រោម​ការវាយតម្លៃ​រប​ស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​លោក គឺ​ម ភក្តី ទទួលបាន​គ្រូបង្វឹក​ល្អ​ជាងគេ​ប្រចាំ​ខែកក្កដា ក្រោយ​ដឹកនាំ​ឲ្យ​បឹងកេត​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​។ ក្នុងនោះ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៣-០, គីរីវង់​សុខ​សែន​ជ័យ ៤-១, សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ៦-១ និង​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-១​។ 
 
​បន្ថែម​លើ​នេះ លោក បានឈ្នះ​ពាន​គ្រូបង្វឹក​ល្អ​ម្តងទៀត​ប្រចាំ​ខែសីហា ក្រោយ​ដឹកនាំ​បឹងកេត​យកឈ្នះ​អគ្គិសនី​កម្ពុជា ៤-២, ឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៦-១, អាស៊ី​អឺរ៉ុប ៣-១ និង​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៤-២​។ 
 
​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ លោក គឺ​ម ភក្តី បានឈ្នះ​ពាន​គ្រូបង្វឹក​ល្អ​ជាងគេ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល ក្រោយ​ដឹកនាំ​ឲ្យ​បឹងកេត​គ្រង​ជើងឯក​នៅ​ឆ្នាំ​២០២០ ជាមួយ​កំណត់ត្រា​មិន​ស្គាល់​ចាញ់​។ ការ​ឈ្នះ​ពាន​ជា​បន្តបន្ទាប់​បាន​ជួយ​ឲ្យ លោក គឺ​ម ភក្តី ក្លាយជា​គ្រូបង្វឹក ដែល​ទទួលបាន​ពាន​ច្រើនជាងគេ​ប្រចាំឆ្នាំ​២០២០​។​
 
​ចំណែក​គ្រូបង្វឹក​៤​រូប​ទៀត​រួមមាន​លោក Colum Curtus គ្រូបង្វឹក​ក្រុម​វិសាខា​, លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន​, លោក Conor Nestor គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​លោក សុក វាសនា គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប​ទទួលបាន​ពាន​តែ​ម្នាក់​១​ប៉ុណ្ណោះ​។​
 
​ក្រោយ​ដឹកនាំ​ក្លិប​បឹងកេត​ឈ្នះ​ជើងឯក​លី​គ​កំពូល លោក គឹម ភក្តី ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ពេញសិទ្ធិ​របស់​ក្លិប ដែលមាន​លោកស្រី ពុធ ធីតា ជា​ប្រធាន​មួយ​នេះ​។ ភារកិច្ច​របស់លោក គឺ​ម ភក្តី មិនទាន់​ចប់​នោះទេ ដោយ​លោក​ត្រូវ​ដឹកនាំ​ក្រុម​ជើង ឯក​មួយ​នេះ ប្រកួតប្រជែង​ក្នុង​ពានរង្វាន់ AFC Cup 2021​។ 
 
​ដោយឡែក ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ ដែល​បានរួម​ចំណែង​ដ៏​ធំ​ក្នុង​ការជួយ​ឲ្យ​បឹងកេត​ឈ្នះ​ជើងឯក​លី​គ​កំពូល បាន​គ្រង​តំណែង​កីឡាករ​ទទួលបាន​ពាន​ច្រើនជាងគេ​ប្រចាំឆ្នាំ​២០២០​។ បន្ទាប់ពី​កីឡាករ​រូបនេះ បានឈ្នះ​ពាន​កីឡាករ​ជាងគេ​ប្រចាំ​ខែសីហា ខែកញ្ញា និង​ពាន​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​។ 
 
​សម្រាប់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ខ្សែប្រយុទ្ធ​ដែល​ទើប​បន្ត​កិច្ចសន្យា​៣​ឆ្នាំ​បន្ថែម​ជាមួយ​បឹងកេត​រូបនេះ រកបាន​គ្រាប់​បាល់​សរុប​ចំនួន​១៥​គ្រាប់​។ ពោលគឺ​ចាញ់​ម្ចាស់​ស្បែកជើង​មាស Jean Marie Privat Befolo Mbarga របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​តែ​១​គ្រាប់​ប៉ុណ្ណោះ​។​
 
​ក្រៅពី​កីឡាករ ម៉ាត់ នូ​រុណ ក៏មាន​កីឡាករ​ជាច្រើនរូប​ទៀតផង​ដែរ ដែល​ទទួលបាន​ពាន​នៅ​ឆ្នាំ​២០២០ រួមមាន​កីឡាករ ហ៊ុល គឺ​ម​ហ៊ុយ ទទួលបាន​ពាន​អ្នកចាំទី​ល្អ​ជាងគេ និង​កីឡាករ Privat រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ប្រចាំ​លី​គ​កំពូល​។ ចំណែក​កីឡាករ ច្រឹង ពលរដ្ឋ ទទួលបាន​ពាន​កីឡាករ​ល្អ​ជាងគេ កីឡាករ វុ​ធ តុលា រក​គ្រាប់​បាល់​បាន​ច្រើនជាង​ប្រចាំ​ពាន​សម្តេច ហ៊ុន សែន​។ 
 
​បន្ថែម​លើ​នេះ កីឡាករ សារ៉េត គ្រី​យ៉ា របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ជាប់​ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ខែមីនា​, កីឡាករ កែវ សុខ​ផេង របស់​ក្លិប​បាល់ទាត់​វិសាខា​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំខែ​កក្កដា និង​កីឡាករ Abbee Ndjoo Hurber របស់​ក្លិប​បាល់ទាត់​អាស៊ី​អឹ​រ៉ុ​បទ​ទួលបាន​ពាន​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ខែតុលា ឆ្នាំ​២០២០៕ 
 
 

Tag:
 បាល់ទាត់​
  គឹម ភក្តី
© រក្សាសិទ្ធិដោយ thmeythmey.com