កីឡាជាតិ
ជាតិ
NOCC នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍ ក្នុង​វិបត្តិ​កូ​វីដ​-១៩
04, Jan 2021 , 4:21 pm        
រូបភាព
លោក_វ៉ាត់_ចំរើន_អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា
លោក_វ៉ាត់_ចំរើន_អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​សហការ​ជាមួយ​ក្រសួងទេសចរណ៍​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់ រត់ប្រណាំង និង​ប្រណាំង​ម៉ូតូ​ទឹក ដើម្បី​ជួយ​ស្រោចស្រង់ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ នា​អំឡុង​ខែកុម្ភៈ ខាងមុខនេះ​។ ការបង្ហាញ​ពី​សោភ័ណភាព​សក្តានុពល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​នេះ ក៏​ជា​គោលបំណង​មួយ​ផងដែរ​។
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បានបង្ហាញ​ពី​គម្រោង​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ នា​អំឡុង​ខែ​កម្ភៈ ឆ្នាំ​២០២១​។ គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ជួយ​ផ្សព្វ​ផ្សា​ពី​សក្តានុពល​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ និង​វត្តមាន​ជនជាតិ​ចិន​ដ៏​ច្រើន​លើសលប់ កាលពីពេល​កន្លងទៅ​។    
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​តាម​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាមួយ​ក្រសួងទេសចរណ៍​ពិនិត្យ​លទ្ធភាព​នៅ​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០២១ រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា ដើម្បី​ជួយ​ដល់​សកម្មភាព​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​សេវា​ទេសចរណ៍​ឡើងវិញ​»​។ 
 
​ក្រៅពី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កោះ និង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​ជាងគេ​នៅ​កម្ពុជា ការបង្ហាញ​សោភ័ណភាព​ដ៏​ស្រស់ស្អាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​ផងដែរ​។ គួររម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ប្រមាណ​២៩៤​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​ចំនួន​៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ និង​ខេត្ត​ព្រះសីហនុ​។ ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន ប្រភេទ​កីឡា ដែល​គ្រោង​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ​រួមមាន​រត់ប្រណាំង ប្រណាំង​កង់ និង​ប្រណាំង​ម៉ូតូ​ទឹកជា​ដើម​។ តែ​យ៉ាងណា លោក អះអាងថា គម្រោង​នេះ​មិនទាន់​សម្រេច​១០០​ភាគរយ​នៅឡើយ​ទេ ពោលគឺ​កំពុងស្ថិត​ក្នុងការ​វាយតម្លៃ និង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​រៀបចំ​។ 
 
​នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល NOCC សហការ​ជាមួយ​ក្រសួងទេសចរណ៍​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ពោលគឺ​ភាគី​ទាំងពីរ​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ប្រណាំង​កង់​អន្តរជាតិ និង​ព្រឹត្តិការណ៍​កីឡា​ជាច្រើន​ទៀត ពិសេស​បុណ្យ​សមុទ្រ​។ 
 
​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឡើង​រៀងរាល់​បុណ្យ​ទិវា​សិទ្ធិនារី ៨ មីនា ត្រូវបាន​ផ្អាក​ការរៀបចំ​នៅ​ឆ្នាំ​២០១៩ ដោយសារ​ខ្វះ​ដៃគូ​ឧបត្ថម្ភ​។ ក្រៅពី​រត់ប្រណាំង​នៅ​ឆ្នេរ​អូ​ឈើទាល និង​ផ្លូវ​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ ក៏មាន​រៀបចំ​ការប្រណាំង​កង់​អន្តរជាតិ​ក្នុងនោះដែរ​៕ 
 
 

Tag:
 ក្រសួងទេសចរណ៍​
  វ៉ា​ត់ ចំរើន​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com