ជាតិ
សេដ្ឋកិច្ច
លោក គី សេរី​វឌ្ឍន៍​៖ បើ​រដ្ឋ​ប្រើ​ថវិកា​ពី​ប្រេង​បានល្អ នឹង​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ កើន​៣​ភាគរយ​ទៀត​
05, Jan 2021 , 11:29 pm        
រូបភាព
បណ្ឌិតសេដ្ឋកិច្ច លោក គី​ សេរីវឌ្ឍន៍​។ រូបថត៖ រាជបណ្ឌិត្យសភាកម្ពុជា
បណ្ឌិតសេដ្ឋកិច្ច លោក គី​ សេរីវឌ្ឍន៍​។ រូបថត៖ រាជបណ្ឌិត្យសភាកម្ពុជា
​កម្ពុជា កំពុងដំណើរការ​នៃ​ការ​បូម​ប្រេងឆៅ​ពី​អណ្តូង​ទីមួយ​នៅក្នុង​ប្លុក​A​នៃ​ដែនសមុទ្រ​កម្ពុជាក្នុងឈូងសមុទ្រថៃ ដែលមាន​ប្រេង​សរុប​ជាង​៣០​លាន​បារ៉ែល និង​ផ្ដល់​ចំណូល​ប្រមាណ​១,៥០០​លាន​ដុល្លារ​។ ​លោក គី សេរី​វឌ្ឍន៍ បញ្ជាក់ថា បើ​រដ្ឋ​ប្រើប្រាស់​កញ្ចប់​ថវិកាដែលបានមកពីការលក់ប្រេងនេះ​មាន​ប្រសិទ្ធភាព​នោះ កំណើន​សេដ្ឋកិច្ចជាតិ នឹងកើន​ប្រមាណ​២ ទៅ​៣​ភាគរយ​បន្ថែមទៀត​។​
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្តាប់​ប្រសាសន៍​របស់​បណ្ឌិត គី សេរី​វឌ្ឍន៍ ខាងក្រោម​ដូចតទៅ​៖ 




 
​កំណើនសេដ្ឋកិច្ច​បន្ថែម​នេះ នឹងមាន​សន្ទុះ​នៅក្នុង​រយៈពេល​៤​ឬ​៥​ឆ្នាំ​ខាងមុខ​ទៀត បន្ទាប់ពី​កម្ពុជា​ចាប់ផ្តើម​បូម​ប្រេង​នៅក្រោម​បាតសមុទ្រ​របស់ខ្លួន​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា។ លោកប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា៖«​ពីព្រោះ​ឥទ្ធិពល​នៃ​កា​រវិនិយោគ​លើ​វិស័យ​សាធារណៈ គឺ​មិនអាច​ទទួលបាន​ផល​ភ្លាមៗ​នោះបានទេ​»​។​
 
​សម្ដេច ហ៊ុន សែន បានប្រកាស​យក​កញ្ចប់​ថវិកា​ដែល​បាន​ពី​ប្រេង​នេះ ទៅប្រើ​ប្រាស់​លើ​វិស័យ​អប់រំ និង​សុខាភិបាល​ឱ្យមាន​ប្រសិទ្ធភាព ក្នុងការ​រុញច្រាន​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​បន្ថែមទៀត​។ ប៉ុន្តែ​ដើម្បី​ប្រើប្រាស់​ថវិកា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ រដ្ឋាភិបាល​ត្រូវមាន​តម្លាភាព​នៃ​ប្រាក់ចំណូល​ដោយ​បង្ហាញ​ឱ្យ​មហាជន​បានឃើញ​តាមរយៈ​តំណាង​រដ្ឋ​នីមួយៗ​។ នេះ​ជាការ​លើកឡើង​របស់លោក គី សេរី​វឌ្ឍន៍ ។​
 
​អ្នកជំនាញសេដ្ឋកិច្ច​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« រដ្ឋាភិបាល​គួរ​បង្ហាញ​ប្រភព​ចំណូល​ថវិការដ្ឋ ដែល​បាន​ពី​ប្រេង​នេះ នៅក្នុង​ផែនការ​ចំណូល​ប្រចាំឆ្នាំ​។ ថា​តើ​ចំណូល​មាន​ចំនួន​ប៉ុន្មាន​? ហើយ​ថវិកា​ទាំងអស់នេះ​ធ្វើ​ហិរញ្ញប្បទាន​ទៅលើ​វិស័យ​អ្វីខ្លះ​? អស់​ប៉ុន្មាន​?»​។ 
 
​កម្ពុជា ចាប់ផ្តើម​បូម​ប្រេង​ខ្លួនឯង ពីថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០២០​ទៅ ។​ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ ថា​ជា​ពរជ័យ​សម្រាប់​កម្ពុជា និង​ជាការ​ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា ឆ្ពោះទៅ​បង្កើត​សមត្ថភាព​ជាតិ ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង ថាមពល​នៅ​កម្ពុជា​។ សម្តេច ហ៊ុន មើលឃើញថា ផលប្រយោជន៍​សំខាន់​ពី​ផលិតកម្ម​ប្រេង​នេះ ក្រៅពី​ផ្តល់​ប្រភព​ចំណូល​ថវិកាជាតិ គឺ​ផល​សេដ្ឋកិច្ច​ដែល​ទទួលបាន​ពី​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត​នេះ ជាដើម​៕ 
 

Tag:
 ប្រេង​
  បណ្ឌិត គី សេរី​វឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com