អន្តរជាតិ
អ្នកគាំទ្រ​លោក ត្រាំ ចូល​អុកឡុក​វិមាន​សភា​, ស្ត្រី​បាតុករ​ម្នាក់​ស្លាប់​
07, Jan 2021 , 10:09 am        
រូបភាព
បាតុករគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ ចូលអុកឡុកសភា។ រូបថត AFP
បាតុករគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ ចូលអុកឡុកសភា។ រូបថត AFP
​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ បាន​សម្រុកចូល​វិមាន​សភា​អាមេរិក ទី​ដែល​សមាជិកសភា​ទាំងពីរ​ថ្នាក់​កំពុង​ប្រជុំ​ដើម្បី​បញ្ជាក់​ជ័យជម្នះ​របស់លោក ចូ បៃ​ឌិន ។ ស្ត្រី​ម្នាក់​ត្រូវបាន​រាយការណ៍​ថា ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រោយ​ត្រូវបាន​បាញ់​ក្នុងពេល​ចលាចល​នៅ​ថ្ងៃទី​៦ ខែមករា​។ លោក បៃ​ឌិន បាន​រិះគន់​ការចូល​អុកឡុក ខណៈ​លោក ត្រាំ បាន​ប្រាប់​ឲ្យ​អ្នកគាំទ្រ​រក្សា​របៀបរៀបរយ​។ មេដឹកនាំ​ពិភពលោក​ជាច្រើន ក៏​បង្ហាញ​ការខកចិត្ត​ចំពោះ​អ្វីដែល​កើត​នៅ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ​។​
 
​កិច្ចប្រជុំ​រួមគ្នា​របស់​សភា​តំណាង និង​ព្រឹទ្ធសភា​អាមេរិក ត្រូវបាន​ផ្អាក​ភ្លាមៗ​ក្រោយ​ក្រុមបាតុករ​ដែលជា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចូល​អុកឡុក​។ កិច្ចប្រជុំ​នេះ មាន​គោលដៅ​រាប់​ចំនួន​ប្រតិភូ​ដែល​គាំទ្រ​បេក្ខជន​ប្រធានាធិបតី ដែល​នេះ​គ្រាន់តែ​ជា​នីតិវិធី​ផ្លូវការ​ប៉ុណ្ណោះ ព្រោះ​អ្នកឈ្នះ​ត្រូវបាន​ដឹងឮ​អស់​ទៅហើយ គឺ​លោក ចូ បៃ​ឌិន មកពី​បក្ស​ប្រជាធិបតេយ្យ​។​
 
​ពីដំបូង អ្នកគាំទ្រ​លោក ត្រាំ រាប់ពាន់នាក់​បាន​ជួបគ្នា​ខាងក្រៅ​វិមាន​កា​ពី​តូ​ល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ទម្លុះ​រនាំង​ការពារ រួច​ក៏បាន​ប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស​ដែល​ការពារ​វិមាន​។ បន្ទាប់មក ក្រុមបាតុករ ក៏​ចូលដល់​ក្នុង​អាគារ​សភា ដោយ​អុកឡុក​នៅតាម​បន្ទប់​នានា ហើយ​ប៉ុនប៉ង​សម្រុកចូល​សាលប្រជុំ​សភា​ទៀតផង​។ ក្រុមប៉ូលិស​ក៏បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមបាតុករ ខណៈ​សមាជិកសភា​ទាំងអស់ ត្រូវបាន​ណែនាំ​ពាក់​ឧបករណ៍​ការពារ និង​ជម្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព​។ 
 
​អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន Muriel Bowser បានដាក់​បម្រាម​គោចរ​ក្នុង​ទីក្រុង​ចាប់ពី​ម៉ោង​៦​ល្ងាច (​ម៉ោង​អាមេរិក​)​។ កង​ឆ្មាំ​ការពារជាតិ កម្លាំង​ពិសេស FBI និង​ទីភ្នាក់ងារ​សម្ងាត់ ក៏ត្រូវ​បាន​ពង្រាយ​នៅ​វិមាន​កា​ពី​តូ​ល​ដើម្បី​ទ្រទ្រង់​ស្ថានការណ៍​។ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ដែល​ដឹកនាំ​កិច្ចប្រជុំ ត្រូវបាន​ជម្លៀស​ចេញពី​អាគារ​តាមផ្លូវ​ក្រោម​ដី ខណៈ​សមាជិកសភា និង​មន្ត្រី​ជាច្រើន​ទៀត ត្រូវ​នាំទៅ​កន្លែង​មាន​សុវត្ថិភាព​នៃ​បរិវេណ​វិមាន​កា​ពី​តូ​ល​។​
 
​លោក​ប្រធានាធិបតី​ជាប់ឆ្នោត បៃ​ឌិន បាន​ហៅ​សកម្ម​ភាពនេះ​ជាការ​បះបោរ មិនមែនជា​ការតវ៉ា​ឡើយ​។ ចំណែក​លោក ត្រាំ វិញ ក៏​ចេញ​សារ​តាម Twitter ដោយ​ប្រាប់​ឲ្យ​អ្នកគាំទ្រ​រក្សា​អហិង្សា និង​ស្នើ​ឲ្យ​ពួកគេ​ចេញពី​វិមាន​កា​ពី​តូ​ល​។ លោក​ក៏​ឆ្លៀត​សរសើរ​ពួកគេ​ថា​៖ «​អ្នក​ពិតជា​ពិសេស​ណាស់​។​» 
 
​ក្នុងការ​សម្រុកចូល​អាគារ​នេះ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​បាញ់ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលិស​ទីក្រុង​វ៉ាស៊ីនតោន​។ សាក្សី​ម្នាក់​ប្រាប់​ទូរទស្សន៍ WUSA ថា ពេល​កំពុង​សម្រុកចូល​សភា ស្ត្រី​វ័យក្មេង​ម្នាក់ រត់​សំដៅ​ប​ង្អូ​ច ឯ​ប៉ូលិស និង​ភ្នាក់ងារ​ពិសេស​ប្រាប់​នាង​ឲ្យ​ថយក្រោយ​វិញ​។ ដោយសារ​នាង​មិន​ស្ដាប់​តាម ព្រម​គ្នា​នឹង​ប្រទាញប្រទង់​ផង គ្រាប់កាំភ្លើង​ក៏​ហោះ​សំដៅ​ក​របស់​នាង​តែម្ដង​។​
 
​ក្រោយ​ប៉ូលិស​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ សភា​ទាំងពីរ ក៏បាន​បន្ត​កិច្ចប្រជុំ​របស់ខ្លួន​បន្ត​ទៀត​ដើម្បី​រាប់​សំឡេងគាំទ្រ​របស់លោក បៃ​ឌិន ។ លោក បៃ​ឌិន នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​។ 
 
​មេដឹកនាំ​ប្រទេស​ជាច្រើន បាន​ប្រតិកម្ម​ទៅនឹង​សកម្មភាព​ជ្រុលនិយម​នេះ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន ចាត់ទុក​ទង្វើ​នេះ​ជា​រឿង​អាម៉ាស់​។ ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ វិញ បង្ហាញ​ក្ដីបារម្ភ​លើ​អំពើហិង្សា​នេះ និង​សង្ឃឹមថា គ្រប់យ៉ាង​នឹង​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ​។​
 
​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ ហៃ​កូ ម៉ាស និយាយថា សត្រូវ​របស់​ប្រជាធិបតេយ្យ កំពុង​អស់សំណើច​នឹង​អ្វីដែល​កើតឡើង​នៅ​អាមេរិក ហើយ​ស្នើ​ឲ្យ​លោក ត្រាំ ទទួលយក​លទ្ធ​ផលប​រា​ជ័យ​។ ក្នុង​សារ​លើ Twitter រដ្ឋមន្ត្រីការបរទេស​បារាំង Jean-Yves Le Drian ការវាយប្រហារ​លើ​ស្ថាប័ន​អាមេរិក ជាការ​វាយប្រហារ​ប្រជាធិបតេយ្យ ហើយ​ឆន្ទៈ​របស់​ប្រជាជន​អាមេរិក ត្រូវតែ​ត្រូវបាន​គោរព​៕  

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com