COVID-19
អន្តរជាតិ
ចិន ប្រាប់ WHO កុំឲ្យបារម្ភពីការពន្យារពេលបេសកកម្មអ្នកជំនាញអន្តរជាតិ 07, Jan 2021 , 7:29 pm
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបថតពីក្រសួងការបរទេសចិន
× នៅថ្ងៃទី៦ មករា ក្រសួងការបរទេសចិនប្រាប់អង្គការសុខភាពពិភពលោក (WHO) កុំឲ្យបារម្ភខ្លាំងពេកចំពោះការពន្យារក្នុងការផ្តល់ការអនុញ្ញាតឲ្យចូលប្រទេសចិនរបស់ក្រុមការងារ WHO ។ ក្រសួងការបរទេសចិន អះអាងថា ក្រៅពីផ្តការល់ទិដ្ឋាការ ខ្លួនកំពុងធ្វើការលើដំណើរការចាំបាច់សម្រាប់ការស៊ើបអង្កេតរបស់ក្រុមការងារ WHO ផងដែរ។
នៅថ្ងៃទី៥ មករា អគ្គនាយកWHO លោកTedros Adhanom Ghebreyesus និយាយថាលោកខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិន ដែលពុំទាន់អនុញ្ញាតឲ្យក្រុមការងារអន្តរជាតិរបស់អង្គការនេះ ចូលទៅសិក្សាពីប្រភពនៃជំងឺឆ្លងកូវីដ-១៩នៅចិន។ លោក Tedros រំឭកអាជ្ញាធរចិនថា បេសកកម្មស្រាវជ្រាវរបស់អ្នកជំនាញ ជាអាទិភាពរបស់ ស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះ។
តបទៅនឹងការលើកឡើងរបស់ប្រមុខ WHO លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនអះអាងថា ការមិនទាន់អនុញ្ញាតឲ្យក្រុមអ្នកជំនាញចូលប្រទេសចិន មិនមែនមកពីបញ្ហាទិដ្ឋាការមួយមុខប៉ុណ្ណោះទេ។ លោកស្រី Hua លើកឡើងថា មានការយល់ច្រលំរវាងចិន និង WHO ហើយភាគីទាំងពីរកំពុងពិភាក្សាពីពេលវេលា និងការរៀបចំផ្សេងៗទៀត។
«អាចនឹងមានការយល់ច្រឡំ ប៉ុន្តែគេមិនចាំបាច់បកស្រាយច្រើនជាងនេះឡើយ»។ នេះជាការលើកឡើងរបស់លោកស្រី Hua ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៦ មករា។ លោកស្រីបន្តថា អ្នកជំនាញចិន ក៏កំពុងរវល់ជាមួយនឹងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ បំប្លែងខ្លួន ដែលផ្ទុះឡើងក្នុងទីតាំងមួយចំនួនក្នុងប្រទេសចិន។
ចំណែកលោក Liang Wannian អ្នកជំនាញជំងឺឆ្លង និងជាអ្នកពិនិត្យវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ចិន អះអាងថា បេសកកម្មរបស់ WHO នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Bloomberg នាថ្ងៃទី៦ មករា លោកបញ្ជាក់ថា ក្រុមកាងារ WHO និងអ្នកជំនាញចិន នឹងរួមគ្នាវិភាគទិន្ន័យ និងសំណាកតេស្តដែលយកមកពីផ្សារលក់សត្វព្រៃក្នុងក្រុងវូហាន ទីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងដំបូង។ លោកLiang ធ្វើការរួមគ្នាជាមួយWHO ក្នុងការបង្កើតផែនការតាមរកប្រភពនៃជំងឺកូវីដ-១៩ តាំងតែពីខែកក្កដា ឆ្នាំ២០២០មកម្ល៉េះ។
ការពន្យារពេលដោយចិននេះ នាំឲ្យសហគមន៍អន្តរជាតិបារម្ភ និងសង្ស័យថា រដ្ឋាភិបាលចិនមានបំណងក្នុងការរារាំង ការស្វែងរកប្រភពជំងឺកូវីដ-១៩ ដែលបានសម្លាប់មនុស្សជាង១,៨លាននាក់។ ហ៊ុំព័ទ្ធដោយការរិះគន់ពីសហគមន៍អន្តរជាតិចំពោះការលាក់បាំងពីស្ថានការណ៍ធ្ងន់ធ្ងរនៃជំងឺនេះនៅពេលផ្ទុះឡើងដំបូង សារព័ត៌មានរដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិនផង លើកឡើងថា ការសិក្សាជាច្រើនបង្ហាញថាជំងឺនេះមិនមែនផ្ទុះឡើងក្នុងប្រទេសចិនតែមួយប៉ុណ្ណោះទេ។ ការលើកឡើងនេះ នាំឲ្យមន្ត្រី WHO អះអាងថា ជាការស្មានដោយគ្មានភស្តុតាងច្បាស់លាស់។
ក្រសួងការបរទេសចិន អះអាងថា WHO និងចិនសម្រេចបានកិច្ចព្រមព្រៀងស្តីពីការស្រាវជ្រាវប្រភពជំងឺឆ្លងកូវីដ-១៩ កាលពីខែតុលា ឆ្នាំ២០២០។ ចិន ក៏បានអញ្ជើញអ្នកជំនាញរបស់WHOមកទស្សនកិច្ចនៅចិនចំនួន២ដងដើម្បីសហការក្នុងការស្វែងរកប្រភពជំងឺ និងបានជួបប្រជុំពីចម្ងាយចំនួន៤ដងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com