ជាតិ
សង្គមជាតិ
អ្នកជាប់ឃុំ៤នាក់ រត់រួចពីពន្ធនាគារខេត្តកណ្តាល, សមត្ថកិច្ចកំពុងតាមចាប់
11, Jan 2021 , 6:30 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ពន្ធនាគារខេត្តកណ្តាល
រូបពីទំព័រហ្វេសប៊ុករបស់ពន្ធនាគារខេត្តកណ្តាល
អ្នកជាប់ឃុំជាបុរស៥នាក់ នៅពន្ធនាគារខេត្តកណ្តាល បានលួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះ ៤នាក់ រត់គេចខ្លួនបានសម្រេច តែម្នាក់ទៀត ត្រូវបានចាប់មកវិញ។


លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១១ ខែមករា ថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវនិងស្វែងរកតាមចាប់អ្នកជាប់ឃុំទាំង៤នាក់មកវិញ។ យ៉ាងណា លោក អះអាងថា មកដល់ពេលនេះ កម្លាំងសមត្ថកិច្ច មិនទាន់ទទួលបានដំណឹងពីការលាក់ខ្លួនរបស់ពួកគេទាំង៤នាក់នោះនៅឡើយទេ។

លោកស្នងការ សុំមិនធ្វើអធិប្បាយពីមូលហេតុ ដែលបណ្តោយឲ្យអ្នកជាប់ឃុំទាំងនោះ រត់គេចខ្លួនបាន ដោយលោក ជំរុញឲ្យសួរទៅខាងពន្ធនាគារ។ លោក មានប្រសាសន៍ថា៖«ព័ត៌មានលម្អិត សុំសួរទៅខាងពន្ធនាគារ ព្រោះគេ មានសមត្ថកិច្ចក្នុងរឿងនេះ ឯខាងសមត្ថកិច្ចរបស់ខ្ញុំ គ្រាន់តែសហការតាមចាប់ទេ»។

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាលបានទេ ដោយហៅទូរស័ព្ទទៅលោក ជំនួយការរបស់លោក ទទួលជំនួស ហើយប្រាប់ថា លោក កំពុងជាប់ប្រជុំ។ ឯលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ក៏ប្រាប់ថា លោក កំពុងជាប់ប្រជុំដែរ។

អ្នកជាប់ឃុំដែលរត់គេចខ្លួនទាំង៥នាក់នោះ រួមមាន ឈ្មោះ នោ មោសា ឈ្មោះ ណាង សៀកលៀង និង ឈ្មោះ សេង សួនហួង សុទ្ធតែជាប់ទោសពីបទល្មើស២ដូចគ្នា គឺបទល្មើសលួច និង បទល្មើសគ្រឿងញៀន ហើយឈ្មោះ រុន ពៅ ជាប់ទោសពីបទល្មើសលួច ឯឈ្មោះ ឆុំ ស៊ីមី ជាប់ទោសពីបទល្មើសរក្សាទុកគ្រឿងញៀន។ បើតាមលោកស្នងការខេត្តកណ្តាល ឈ្មោះ ឆុំ ស៊ីមី បានរត់ឆ្ងាយពីពន្ធនាគារដែរ តែត្រូវបានកម្លាំងសមត្ថកិច្ច តាមទាន់ ហើយចាប់មកវិញ៕

Tag:
 អ្នកទោសរត់គេច
  ពន្ធនាគារខេត្តកណ្តាល
  ឈឿន សុចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com