អន្តរជាតិ
លោក ស៊ី ផ្ញើ​សារ​អបអរសាទរ​លោក គីម ដែល​ក្លាយជា​លេខា​បក្ស​កាន់អំណាច​កូរ៉េខាងជើង​
12, Jan 2021 , 11:37 am        
រូបភាព
លោក ស៊ី ជិនភីង អគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ចាប់ដៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបកន្លងមក។ រូបថត Xinhua
លោក ស៊ី ជិនភីង អគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ចាប់ដៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបកន្លងមក។ រូបថត Xinhua
​ដោយ ៖ឈួន ឈី​វ​អ៊ីង
 
​មេដឹកនាំ​ចិន​លោក ស៊ី ជីន​ភីង បាន​ផ្ញើ​សារ​អបអរសាទរ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ដែល​បាន​ជាប់ឆ្នោត​ក្លាយជា​អគ្គលេខាធិការ​បក្ស​កាន់អំណាច​របស់​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​នៅ​ថ្ងៃទី​១១ ខែមករា​។ លោក ស៊ី ក៏បាន​ប្រកាស​ប្ដេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ចិន និង​កូរ៉េខាងជើង​ឲ្យ​កាន់តែ​រឹងមាំ​។​
 
​លោក គីម ជុង​អ៊ុន ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង ត្រូវ​បោះឆ្នោត​ឲ្យ​ធ្វើជា​អគ្គលេខាធិការ​បក្ស​ពលករ​កូរ៉េ​ក្នុង​កិច្ចប្រជុំ​នៃ​សមាជ​បក្ស​លើក​ទី​៨ នៅ​ថ្ងៃទី​១០​ខែមករា​កន្លងទៅ​។ លោក​ស្នង​តំណែង​នេះ​ពី​ឪពុក គឺ​លោក គីម ជុងអ៊ីល ដែល​ស្លាប់​នៅ​ឆ្នាំ​២០១១ ។ មេដឹកនាំ​ចិន បាន​ផ្ញើលិខិត​អបអរ​លោក គីម មួយ​ភ្លាមៗ​ដែរ​។​
 
​ក្នុង​លិខិត​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក ស៊ី ជិន​ភីង ដែលជា​អគ្គលេខាធិការ​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន បាន​កោតសរសើរ​លោក គីម ដែល​ដឹកនាំ​កូរ៉េខាងជើង​ឲ្យ​សម្រេចបាន​ជោគជ័យ​លើ​គោលដៅ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច រួមទាំង​លទ្ធិសង្គមនិយម​ថែម​ទៀតផង​។ 
 
​ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA រាយការណ៍​ថា លោក ស៊ី បង្ហាញ​គោលបំណង​របស់លោក​ក្នុងការ​ការពារ​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់ ក៏ដូចជា​ការអភិវឌ្ឍ​ន៍​និង​វិបុលភាព​ផងដែរ​។ លោក ស៊ី ដែលជា​ប្រធានាធិបតី​ចិន​ផង​នោះ ក៏​រំពឹង​ប្រទេស​ទាំងពីរ​រឹតចំណង​មិត្តភាព​ទ្វេភាគី​កាន់តែ​រឹងមាំ​ថែមទៀត ហើយ​បក្ស​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​ចិន ក៏​ប្រកាន់ខ្ជាប់​គោលនយោបាយ​បង្រួបបង្រួម និង​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន និង​កូរ៉េខាងជើង​ឲ្យ​ជោគជ័យ​ដែរ​។ 
 
​ដូច​ដឹង​ស្រាប់ ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់​កូរ៉េខាងជើង ព្រមទាំង​ជា​សម្ពន្ធមិត្ត និង​ជា​ខ្នងបង្អែក​រឹងមាំ​របស់​រដ្ឋ​កុម្មុយនីស្ត​នេះ​ថែម​ទៀតផង​។ មេដឹកនាំ​កំពូល​ប្រទេស​ទាំងពីរ តែង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅមក​លើ​វិស័យ​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ ពិសេស​ការរំសាយ​នុយក្លេអ៊ែរ​។ កន្លងទៅ ចិន​ស្នើ​ឲ្យ​អាមេរិក​ធ្វើ​សម្បទាន​ឲ្យ​បាន​ច្រើន​សម្រាប់​កូរ៉េខាងជើង ដើម្បី​បើកផ្លូវ​ការ​លុប​បំ​បាត​នុយក្លេអ៊ែរ​។​
 
​ក្រៅពី​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្ស លោក គីម នៅមាន​តំណែង​កំពូលៗ​ផ្សេងទៀត ដូចជា ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​, មេបញ្ជាការ​កំពូល​នៃ​កងទ័ព​ប្រជាជន​កូរ៉េខាងជើង​, តំណាង​កំពូល​របស់​ប្រជាជន​កូរ៉េខាងជើង និង​ថ្នាក់ដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​។ 
 
​ចាប់តាំងពី​ឆ្នាំ ២០១១ ពេលដែល​លោក​គីម ជុង​អ៊ុន ឡើងកាន់​អំណាច ជីវភាព​រស់នៅ​របស់​ប្រជាជន​កូរ៉េខាងជើង​ជាច្រើន​បានល្អ​ប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ ដោយសារ​ពន្លក​ប្រព័ន្ធ​ទីផ្សារ​បាន​រីកលូតលាស់ និង​មាន​តម្រូវការ​ទំនិញ​កាន់តែ​ច្រើនឡើង​។ ប៉ុន្តែ​ការបន្ត​ផ្ដោត​ខ្លាំង​លើ​វិ​ស័​យោធា និង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​កូរ៉េខាងជើង​រង​ផលប៉ះពាល់​ខ្លាំង​។ កាលពី​សប្តាហ៍​មុន លោក គីម បាន​ប្រាប់​សមាជ​បក្ស​ថា ផែនការ​សេដ្ឋកិច្ច​៥​ឆ្នាំ​របស់់លោក បាន​បរាជ័យ ព្រោះតែ​ទណ្ឌកម្ម​អន្តរជាតិ ការរីក​រាលដាល​នៃ​កូ​វីដ​-19 និង​គ្រោះធម្មជាតិ​ផងដែរ​៕ 
 
 
 
 

Tag:
 ចិន​
  កូរ៉េខាងជើង​
  ស៊ី ជិន​ភីង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com