អន្តរជាតិ
ចំនួន​ប្រជាជន​កូរ៉េខាងត្បូង​ធ្លាក់ចុះ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០២០
12, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ គិលានុបដ្ឋាយិកា​ម្នាក់​មើលថែ​ទារក​ដែល​ទើបនឹង​កើត​នៅ​មន្ទីរពេទ្យ​មួយ ក្នុងប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០០៧​។​
​រូប​ឯកសារ​៖ គិលានុបដ្ឋាយិកា​ម្នាក់​មើលថែ​ទារក​ដែល​ទើបនឹង​កើត​នៅ​មន្ទីរពេទ្យ​មួយ ក្នុងប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០០៧​។​
ដោយ: VOA
​ទិន្នន័យ​ជំរឿន​ថ្មី​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​សប្តាហ៍​ទី​១​នៃ​ខែម​ករានេះ​បង្ហាញថា ចំនួន​ប្រជាជន​កូរ៉េខាងត្បូង​បាន​ធ្លាក់ចុះ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០២០​។ ការណ៍​នេះ​ធ្វើឱ្យមាន​ការបារម្ភ​កាន់តែខ្លាំង​នៅក្នុង​ប្រទេស​ដែលមាន​អត្រាកំណើត​ទាប​បំផុត​មួយ​នៅក្នុង​ពិភពលោក​នេះ​។​
 
​ប្រទេស​កូរ៉េខាងត្បូង​មាន​ប្រជាជន​សរុប​ចំនួន ៥១.៨២៩.០២៣ នាក់​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ នេះ​បើ​យោងតាម​តួលេខ​ចេញផ្សាយ​ដោយ​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព​។ ទិន្នន័យ​នេះ​ក៏​បង្ហាញ​ផងដែរ​ថា ប្រទេស​នេះ​មាន​ចំនួន​ទារក​កើត​ទាប​រហូតដល់ ២៧៥.៨១៥ នាក់​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន ៣០៧.៧៦៤ នាក់ នៅក្នុង​ឆ្នាំ​២០១៩ ដែល​នេះ​ជាការ​ធ្លាក់ចុះ​ចំនួន ៣,១%​។​
 
​ទិន្នន័យ​នេះ​ក៏​បង្ហាញថា ចំនួន​ប្រជាជន​កូរ៉េខាងត្បូង​មាន​អត្រា​វ័យចាស់​ជរា​លឿន ដោយមាន​ប្រជាជន​លើសពី​៣០%​ស្ថិតក្នុង​វ័យ​៤០​ឆ្នាំ និង​៥០​ឆ្នាំ និង​ជិត​១/៤​ស្ថិតក្នុង​វ័យ​៦០​ឆ្នាំ ឬ​ចាស់​ជាង​នេះ​។​
 
​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព​និយាយថា អត្រាកំណើត​របស់​កូរ៉េខាងត្បូង​ដែល​កំពុង​ធ្លាក់ចុះ​នេះ​បង្ហាញថា «​ត្រូវមាន​ការផ្លាស់ប្តូរ​ដ៏​សំខាន់​នៅក្នុង​គោលនយោបាយ​រដ្ឋាភិបាល​ដូចជា គោលនយោបាយ​សុខុមាលភាព អប់រំ និង​ការ​ការពារជាតិ​»​។​
 
​អ្នកជំនាញ​បានចង្អុលបង្ហាញ​ហេតុផល​ជាច្រើន​ចំពោះ​អត្រាកំណើត​ធ្លាក់ចុះ​នេះ រួមមាន​ការចំណាយ​ខ្ពស់​សម្រាប់​ការរស់នៅ និង​សង្គម​ដែលមាន​ការប្រកួតប្រជែង​ក្នុងប្រទេស​កូរ៉េខាងត្បូង​ដែល​ធ្វើឱ្យ​មនុស្សពេញវ័យ​ក្មេងៗ​ចង់បាន និង​រក្សា​ការងារ​ដែលមាន​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ការរៀប​អាពាហ៍ពិពាហ៍ និង​ការ​បង្កើតកូន​របស់​ពួកគេ​។​
 
​នាពេល​ថ្មីៗ​នេះ លោក​ប្រធានាធិបតី Moon Jae-in បានបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​មួយ​ដែលមាន​គោលបំណង​បង្កើន​ចំនួន​ប្រជាជន​កូរ៉េខាងត្បូង រួមទាំង​ការផ្តល់ប្រាក់​លើកទឹកចិត្ត​សម្រាប់​ការ​ផ្តល់កំណើត​កូន ការផ្តល់ប្រាក់​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ប្រចាំខែ​សម្រាប់​កុមារ និង​អត្ថប្រយោជន៍​បន្ថែម​សម្រាប់​គ្រួសារ​ដែលមាន​កូន​ច្រើន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com