COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩លើពិភពលោកឡើងដល់ជាង៩២លាននាក់
13, Jan 2021 , 9:35 am        
រូបភាព
ដោយ: រួបរួម
គិតត្រឹមព្រឹកថ្ងៃពុធ ទី១៣ ខែមករា នេះ អ្នកកើតកូវីដ-១៩លើពិភពលោក ឡើងដល់ជាង៩២លាននាក់ ក្នុងនោះស្លាប់ជាង១.៩៧លាននាក់ និងសះស្បើយជាង៦៥.៨១លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល មានករណីឆ្លង និងចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។


ករណីឆ្លងនៅសហរដ្ឋអាមេរិកឡើងដល់ជាង២៣.៣៦លាននាក់ ហើយតាមពីក្រោយដោយឥណ្ឌា ជាង១០.៤៩លាននាក់ ប្រេស៊ីល ជាង៨.១៩លាននាក់ រុស្ស៊ី ជាង៣.៤៤លាននាក់ និងចក្រភពអង់គ្លេស ជាង៣.១៦លាននាក់។

បារាំង តួកគី អ៊ីតាលី និងអេស្ប៉ាញ មានចន្លោះពីជាង២លាន ទៅជិត៣លានករណី ខណៈ អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងប៉េរូ មានពីជាង១លានទៅជិត២លានករណី។

ហូឡង់ ឥណ្ឌូណេស៊ី និងឆេក ស្ថិតក្នុងរង្វង់ជាង៨០ម៉ឺននាក់ រូម៉ានី កាណាដា បែលហ្ស៊ិក ស៊ីលី និងអ៊ីរ៉ាក់ មានជាង៦០ម៉ឺននាក់រៀងៗខ្លួន រីឯប្រទេសដែលអ្នកឆ្លងជាង៥០ម៉ឺននាក់ រួមមានបង់ក្លាដែស អ៊ីស្រាអែល ស៊ុយអែត និងប៉ាគីស្ថាន។

ព័រទុយហ្គាល់ និងហ្វីលីពីន មានតួលេខអ្នកឆ្លងជិតកន្លះលាន ហើយប្រដេញតាមពីក្រោយដោយស្វីស ម៉ារ៉ុក អូស្ត្រាលី អារ៉ាប៊ីសាអូឌីត ស៊ែប៊ី ហុងគ្រី ហ្ស៊កដានី ជប៉ុន ប៉ាណាម៉ា ណេប៉ាល់ ហ្សកហ្ស៊ី អេមីរ៉ាតអារ៉ាប់រួម លីបង់ អាស៊ែបៃហ្សង់ អេក្វាឌ័រ ក្រូអាស៊ី បេឡារុស ស្លូវ៉ាគី និងប៊ុលហ្គារី។

ក្នុងចំណោមអ្នកស្លាប់ជាង១.៩៧លាននាក់ សហរដ្ឋអាមេរិក មានជិត៣៩ម៉ឺននាក់ ប្រេស៊ីលជាង២០ម៉ឺននាក់ ឥណ្ឌាជាង១៥ម៉ឺននាក់ និងម៉ិកស៊ិកជាង១៣ម៉ឺននាក់។ ចក្រភពអង់គ្លេសមានអ្នកស្លាប់ជាង៨ម៉ឺននាក់ ខណៈអ៊ីតាលីជិត៨ម៉ឺននាក់។ ២៣ប្រទេសទៀត មានអ្នកស្លាប់ពីជាង១ម៉ឺននាក់ទៅជិត៧ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com