ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​អះអាងថា កម្ពុជា​នឹង​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​គ្រប់គ្រាន់​នាពេល​ដ៏​ខ្លី​
13, Jan 2021 , 3:58 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម។ រូបថត៖ គណនីហ្វេសប៊ុកឈ្មោះ Sakhon Veng
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម។ រូបថត៖ គណនីហ្វេសប៊ុកឈ្មោះ Sakhon Veng
​ភ្នំពេញ​៖ កម្ពុជា​នឹង​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​បាន​គ្រប់គ្រាន់​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ នា​អនាគត​ដ៏​ខ្លី​។ នេះ​ជាការ​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដោយ​បញ្ជាក់ថា បច្ចុប្បន្ន ក្រសួងកសិកម្ម​កំពុង​សិក្សា​ពី​លទ្ធភាព​ពង្រីក​ការផលិត​ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និង​មើម​ខ្ទឹមស​ជាដើម នៅ​ខេត្ត​មណ្ឌល​គី​រី ដើម្បី​បំពេញ​នូវ​តម្រូវការ​ទីផ្សារ​។
 
​ក្រសួងកសិកម្ម កំពុង​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​តាមរយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍ ជាពិសេស​មូ​និ​ធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដែលមាន​កម្មវិធី ASPIRE, CASDP, LEAP, និង​CHAIN កំពុង​អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ជាមួយ​កសិក​រ និង​ដៃគូ​នានា​នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​លោក វេ​ង សាខុន បាន​សរសេរ​រៀបរាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​១២​មករា​។​
 
​រដ្ឋមន្ត្រី​កសិកម្ម​បាន​បន្តថា ដើម្បី​លើកកម្ពស់​គុណភាព​ផលិត​បន្លែ​, ប្រសិទ្ធភាព​សេដ្ឋកិច្ច ផ្តល់​ភាពយុត្តិធម៌ និង​ជំនឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ អគ្គនាយកដ្ឋាន​កសិក​ម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ចុះ​បណ្តុះបណ្តាល​ស្តីពី​គោលការណ៍​កសិកម្ម​ល្អ​លើ​ដំណាំ​បន្លែ​(GAP) គោលការណ៍​បច្ចេកទេស​សរីរាង្គ ប​ចេ្ច​ក​ទេស​ដាំ​ដុះ​បន្លែ​ទំនើប​តាម​គោលការណ៍​GAP និង​សរីរាង្គ​។ លើសពីនេះ​អគ្គនាយកដ្ឋាន​កសិកម្ម ដែលជា​សេនាធិការ​ក្រសួងកសិកម្ម ក៏​ផ្តោត​សំខាន់​លើ​លក្ខណៈ​ទូទៅ​នៃ​ការគ្រប់គ្រង​ចម្ការ ការគ្រប់គ្រង​ធាតុ​ចូល​កសិកម្ម ការទប់ស្កាត់​ការចម្លង​ពី​កត្តាចង្រៃ និង​វិធីសាស្ត្រ​កំចាត់​កត្តាចង្រៃ​តាមបែប​ជីវសាស្ត្រ បច្ចេកទេស​ប្រមូល​ផល​និង​ក្រោយពេល​ប្រមូល​ផល រួមទាំង​នីតិវិធី​ដើម្បីឱ្យ​កសិករ​ទទួលបាន​វិញ្ញាបនបត្រ ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​សរីរាង្គ (CAM-ORGANIC)​។ 

«ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងនាំចេញ»។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីកសិកម្ម។
 


 
​លោក ប៉ាត សុវណ្ណ មន្ត្រី​ជំនាញ​កសិកម្ម​នៃ​អង្គការ​GRET បាន​លើកឡើងថា ដើម្បីឱ្យ​កម្ពុជា​សម្រេចបាន​នូវ​ការផលិត​បន្លែ​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ខ្លួនឯងបាន​គ្រប់គ្រាន់​និង​ឈានដល់​ការនាំចេញ នាពេល​អនាគត​ដ៏​ខ្លី​នោះ  ក្រសួងកសិកម្ម និង​ដៃគូ​អភិវឌ្ឍ​រួមទាំង​អ្នកពាក់ព័ន្ធ​នានា ពិសេស​វិស័យ​ឯកជន ត្រូវ​បង្កើន​លទ្ធភាព​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ស្តង់ដារ​បន្លែ​សុវត្ថិភាព និង​បន្លែ​សរីរាង្គ ដល់​កសិករ​ឱ្យ​កាន់តែ​ទូលាយ ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។ 
 
​ជាមួយគ្នានេះ លោក សុវណ្ណ ក៏​ស្នើ​ដល់​កសិករ​ទាំងអស់​ឱ្យ​ចងក្រង​គ្នា​ជា​បណ្តុំ ឬ​សហគមន៍​អ្នក​ផលិត​បន្លែ ដើម្បី​ងាយស្រួល​ក្នុង​ទទួលយក​បច្ចេកទេស​ដាំ​ដុះ​នានា​ដែល​ពាក់ព័ន្ធ​នឹង​បន្លែ​សុវត្ថិភាព ឬ​បន្លែ​សរីរាង្គ​។ មន្ត្រី​ជំនាញ​កសិកម្ម​នៃ​អង្គការ​GRET បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ប្រសិនបើ​កសិករ​នៅ​បន្ត​ដាំ​ឬ​ធ្វើ​បន្លែ​តែម្នាក់ឯង​តទៅទៀត គឺ​មិនអាច​ឆ្លើយតប​នឹង​ស្តង់ដារ​បន្លែ​សុវត្ថិភាព​ណាមួយ​ទេ ព្រោះ​កសិករ​មិនអាច​បញ្ជាក់​ស្តង់ដារ​ប​ន្លែ​សុវត្ថិភាព ឬ​បន្លែ​សរីរាង្គ ដោយ​ខ្លួនឯង​បានឡើយ​»​។​
 
​បើតាម​លោក សុវណ្ណ នៅពេលដែល​កសិករ​ដាំ​បន្លែ​ជា​ក្រុម​ឬ​បណ្តុំ នោះ​ក្រុម​នីមួយៗ​អាច​បញ្ជាក់​ពី​ស្តង់ដារ​បន្លែ​សុវត្ថិភាព ដែល​ខាង​ក្រសួងកសិកម្ម​តម្រូវ​បាន នោះ​បន្លែ​សុវត្ថិភាព​ឆ្លើយតប​នឹង​ទីផ្សារ​បាន​ហើយ ដោយ​កសិករ​អាច​ផលិត​បន្លែ​បាន​ច្រើន និង​មានការ​ទទួលស្គាល់​ពី​ទីផ្សារ ពិសេស​ពី​សំណាក់​អ្នកទទួល​ទទួលទាន​ប្រចាំថ្ងៃ​។ 

សម្រាប់​បណ្ឌិត​កសិកម្ម លោក យ៉ង់ សាំង​កុមារ វិញ រយៈពេល​ខ្លី​ឬ​វែង​ដែល​កម្ពុជា​អាច​សម្រេច​នូវ​សមិទ្ធិផល​នេះ គឺ​អាស្រ័យ​លើ​ការរៀបចំ​ផែន​ការដាំដុះ​បន្លែ​នៅតាម​តំបន់​-​ខេត្ត​នានា​របស់​ក្រសួងកសិកម្ម​។ បើតាម​លោក យ៉ង់ សាំង​កុមារ ដើម្បី​សម្រេច​ទិសដៅ​នា​អនាគត​ដ៏​ខ្លី​នេះ ក្រសួងកសិកម្ម ត្រូវ​រៀបចំ​សកម្មភាព​គាំទ្រ​ដល់​ការផលិត​បន្លែ​ឱ្យបាន​គ្រប់គ្រាន់ គ្រប់​រដូវ​កាល ជាពិសេស​ត្រូវ​កំណត់ឱ្យ​បានច្បាស់លាស់​នូ​វប្រ​ភេទ​បន្លែ​នីមួយៗ រវាង​តំបន់​នីមួយ​ទៅ​តំបន់​មួយទៀត ដើម្បី​បំពេញ​តម្រូវ​ទីផ្សារ និង​បញ្ចៀស​ការ​ជន់​បន្លែ​នៅលើ​ទីផ្សារ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ ក្រសួងកសិកម្ម ត្រូវ​បង្កើន​សមត្ថភាព​ក្នុង​ការផលិត​បន្លែ​ប្រភេត​នាំចូល​ពី​បរទេស ដូចជា ការ៉ុត ដំឡូងបារាំង​, ខ្ទឹមបារាំង​, ស្ពៃបូកគោ​ជាដើម​។ លោក យ៉ង់ សាំង​កុមារ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  ក្រៅពី​ខេត្ត​មណ្ឌល​គី​រី ដែលមាន​អាកាសធាតុ​អំណោយផល​ក្នុង​ការផលិត​បន្លែ​ទាំងនេះ ខេត្តកោះកុង​, តំបន់​អូរ​សោម​នៃ​ខេត្តពោធិ៍សាត់ និង​តំបន់​ជួរ​ភ្នំក្រវាញ ក៏​អំណោយ​ល្អ​នៃ​ការដាំដុះ​ប្រភេទ​បន្លែ​នាំចូល​ពី​បរទេស ផងដែរ​។ 
 
«​លើសពី​ទៅទៀត​នេះ  ក្រសួងកសិកម្ម ត្រូវ​បង្កើន​សមត្ថភាព​ឬ​លទ្ធភាព​ដាំ​ដុះ​បន្លែ ដល់​កសិករ​យើង ឱ្យបាន​២​ទៅ​៥​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស ក្នុង​ការផលិត​បន្លែ​គ្រប់​ប្រភេទ នោះ ទើប​អាចឆ្លើយតប​នឹង​ការផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​យើង​បាន​គ្រប់គ្រាន់ គ្រប់​រដូវ​កាល និង​គ្រប់​តម្រូវការ​ទីផ្សារ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យ៉ង់ សាំង​កុមារ​។​
 
​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម កាល​ឆ្នាំ​២០១៩ ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៥៧,២០៨​ហិកតា ដែល​អាច​ប្រមូល​ផល​បាន ជាង​៦៨​ម៉ឺន​តោន​។ 
 
​ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០​កន្លងមក អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​ប៉ាន់​ស្មានថា កម្ពុជា មាន​តម្រូវការ​បន្លែ​ជាង​១​លាន​តោន​។ ប៉ុន្តែ​ជាក់ស្តែង​ការផលិត​កម្ម​បន្លែ​ក្នុងស្រុក មាន​ប្រមាណ​៧១,៦​ម៉ឺន​តោន​ប៉ុណ្ណោះ ដែល​ស្មើនឹង​៦៨​ភាគរយ ដោយ​ក្នុងនោះ នៅ​រដូវប្រាំង​អាច​ផលិត​បន្លែ​បាន ៦៩​ភាគរយ និង​រដូវរំហើយ អាច​ផលិត​បន្លែ​បាន​៧៥​ភាគរយ​។ 
 
​ក្រៅពីនេះ កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​ពី​បរទេស​ជិត​៣៣​ម៉ឺន​តោន​ទៀត ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។ អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​បញ្ជាក់ថា បន្លែ​ដែល​នាំចូល គឺ​ភាគច្រើន​កម្ពុជា​មិនអាច​ផលិត​បាន ដូចជា​ការ៉ុត​, ដំ​ឡូ​វ​បារាំង ខ្ទឹមបារាំង ជាដើម​៕ 

Tag:
 កសិកម្ម​
  បន្លែ​
  លោក វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com