COVID-19
ជាតិ
សម្រេចទទួលវ៉ាក់សាំងពីចិន៖ សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនអាចរង់ចាំបានទៀតទេ
16, Jan 2021 , 10:00 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃប្រធានាធិបតីចិន នាជំនួបនៅមហាវិមានប្រជាជនចិននៅថ្ងៃទី៥ ខែកុម្ភៈ ២០២០។ រូបថត Xinhua
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃប្រធានាធិបតីចិន នាជំនួបនៅមហាវិមានប្រជាជនចិននៅថ្ងៃទី៥ ខែកុម្ភៈ ២០២០។ រូបថត Xinhua
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសនៅយប់ថ្ងៃទី១៥ ខែមករា ថា កម្ពុជា សម្រេចទទួលវ៉ាក់សាំងមួយលានដូសដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា ការទទួលយកនេះ ជាការសម្រេចចិត្តផ្នែកនយោបាយមួយ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការការពារសុខភាពប្រជាជន ។ សម្ដេច ក៏បញ្ជាក់ដែរពីការតាមដានការចាក់វ៉ាក់សាំងចិនលើថ្នាក់ដឹកនាំចិន និងនៅតាមបណ្ដាប្រទេសមួយចំនួនផង។ 
 
ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី១៥ ខែមករា សម្ដេច ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងមួយលានដូសដែលអភិវឌ្ឍដោយក្រុមហ៊ុន Sinopharm ត្រូវបានផ្ដល់តាមរយៈក្រសួងការពារជាតិចិនមកឲ្យក្រសួងការពារជាតិកម្ពុជា។ 
 
បើតាមប្រសាសន៍សម្តេច មនុស្ស៥០ម៉ឺននាក់ នឹងត្រូវចាក់វ៉ាក់សាំងនេះរួមអ្នកនៅជុំវិញព្រះមហាក្សត្រ សម្ដេចប្រធានរដ្ឋសភា និងព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្រ្តីខ្លួនឯង បូករួមទាំងអ្នកនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដូចជាគ្រូពេទ្យជាដើម។
 
កន្លងមក សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសថា កម្ពុជា នឹងទទួលយក ឬទិញវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ប៉ុណ្ណោះ។ ត្រង់នេះ សម្ដេចក៏បានពន្យល់ពីការសម្រេចចិត្តទទួលយកវ៉ាក់សាំងក្រុមហ៊ុនដែលមិនទាន់មានការអនុញ្ញាតពី WHO តែត្រូវបានប្រើប្រាស់រួចនៅចិនដែរ។ 
 
គិតដល់បច្ចុប្បន្ន មានតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មួយប៉ុណ្ណោះដែលត្រូវបាន WHO ដាក់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ ដែលអនុញ្ញាតឲ្យប្រទេសដែលមិនមានសមត្ថភាព ឬមានសមត្ថភាពខ្សោយក្នុងការវាយតម្លៃប្រសិទ្ធភាពវ៉ាក់សាំង អាចពន្លឿនការផ្ដល់វ៉ាក់សាំងបាន។
 
«យើងមិនអាចរង់ចាំបានតទៀតទេ ដោយសារភាពចាំបាច់ក្នុងការការពារដល់សុខភាពប្រជាជនពលរដ្ឋយើង»។ សម្ដេច ហ៊ុន សែន បញ្ជាក់បែបនេះ មុនលើកយកករណីឆ្លងក្នុងចំណោមពលករត្រឡប់មកពីប្រទេសថៃ ដែលកើនឡើងជាលំដាប់។ សម្ដេចហៅការទទួលយកវ៉ាក់សាំងនេះ ជាការសម្រេចិត្តផ្នែកនយោបាយដែរ ព្រោះប្រទេសច្រើនហើយប្រើប្រាស់វ៉ាក់សាំងចិន។
 
នៅថ្ងៃទី១៦ ខែមករា ក្រសួងសុខាភិបាលបានប្រកាសពីករណីវិជ្ជមានកូវីដ-១៩ លើពលករមកពីថៃចំនួន១០នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបមានដល់៦៦នាក់។ តួលេខឆ្លងសរុបនៅកម្ពុជាមាន៤៣៦នាក់ និងសះស្បើយចំនួន៣៨២នាក់។
 
តាមរយៈសារសំឡេងដដែល ប្រមុខរដ្ឋាភិបាកម្ពុជាអះអាងថា មេដឹកនាំចិន ក៏បានចាក់វ៉ាក់សាំងចិនរួចហើយដែរ ហើយវ៉ាក់សាំងចិន ក៏កំពុងត្រូវបានប្រើប្រាស់នៅបណ្ដាប្រទេសផ្សេងដូចជាឥណ្ឌូណេស៊ី តួកគី និងប្រេស៊ីលជាដើម។ សម្ដេចក៏សរសើរប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលអង្គុយទទួលការចាក់វ៉ាក់សាំងរបស់ចិន ហើយផ្សាយតាមទូរទស្សន៍ទៅទៀត។ លោក វីដូដូ ត្រូវបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac នៅថ្ងៃទី១៣ ខែមករា។
 
លើសពីនោះ មេដឹកនាំកម្ពុជា ក៏ទម្លាយទៀតថា រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក៏បានស្នើផ្ដល់វ៉ាក់សាំងឲ្យសម្ដេចតាំងពីខែតុលាកន្លងទៅម្ល៉េះក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនមកកម្ពុជា ប៉ុន្តែសម្ដេចមិនទាន់យល់ព្រម ទោះលោក វ៉ាង បានចាក់វ៉ាក់សាំងក្រុមហ៊ុនរួចហើយក្ដី។ 
 
សម្ដេចបន្តថា មកទល់ពេលនេះ លោក វ៉ាង ក៏មិនមានបញ្ហាសុខភាពអ្វីឡើយ ហើយក៏បន្តធ្វើទស្សនកិច្ចនៅប្រទេសជាច្រើនទៀតនៅក្នុងតំបន់ផង។ សម្ដេចក៏បញ្ជាក់ថា សូម្បីតែវ៉ាក់សាំងរបស់អាមេរិក ឬអង់គ្លេស ក៏មិនទាន់ដឹងថា មានប្រសិទ្ធភាពយ៉ាងណាដែរ។
 
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកម្ពុជាមិនបានបញ្ជាក់ច្បាស់ទេថា វ៉ាក់សាំងទាំងនោះនឹងមកដល់កម្ពុជានៅពេលណា។ ប៉ុន្តែសម្តេចបានបញ្ជាក់ដែរ បញ្ហានេះត្រូវមានការបន្តកិច្ចពិភាក្សាថែមទៀត ដោយភាគីចិនបានសាកសួរដែរថា កម្ពុជាចង់បានវ៉ាក់សាំងទាំងអស់តែម្តង ឬតាមដំណាក់កាល។
 
ជាមួយគ្នានេះដែរ សម្តេចក៏បានប្រកាសបិទបញ្ចប់ទទួលយកវិភាគទានសម្រាប់ទិញវ៉ាក់សាំងពីសាធារណជនដែរ។ គិតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាទទួលបានថវិកាជាង ៥០លានដុល្លារអាមេរិកពីសប្បុរសជនរួចហើយ៕
 
 
 
 
 
 

Tag:
 សម្ដេច ហ៊ុន សែន
  កូវីដ-១៩
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com