ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន ណុះ ណាវី ចង់ជំរុញវិស័យទេសចរណ៍ក្នុងស្រុក ទើបជ្រើសរើសជំនាញគ្រប់គ្រងទេសចរណ៍
16, Jan 2021 , 7:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ លោក ណុះ ណាវី គឺជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងទេសចរណ៍។ មានស្រុកកំណើតនៅសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ជាទីទេសចរណ៍មួយមានសក្តានុពលធម្មជាតិយ៉ាងទាក់ទាញ នៅស្រុកទឹកឈូ ខេត្តកំពត។ លោក ណុះ ណាវី ជ្រើសរើសរៀនជំនាញមួយនេះព្រោះយល់ថា ជំនាញមួយនេះអាចនៅជាមួយខ្លួនអស់មួយជីវិត និងជាផ្នែកមួយជួយជំរុញទេសចរណ៍ក្នុងស្រុក ជាពិសេសសហគមន៍របស់ខ្លួនផ្ទាល់។


ដើម្បីជ្រាប់កាន់តែច្បាស់ សូមអញ្ជើញលោក អ្នកនាងទស្សនា បទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក ណុះ ណាវី និស្សិតជំនាញគ្រប់គ្រងទេសចរណ៍ ដូចតទៅ៖ 
 
 
មានស្រុកកំណើតក្នុងសហគមន៍ អេកូទេសចរណ៍ត្រពាំងសង្កែ បូករួមមាន ឪពុកជាប្រធានសហគមន៍អេកូទេសចរណ៍មួយនេះផងនោះ ធ្វើឲ្យការជ្រើសជំនាញគ្រប់គ្រងទេសចរណ៍មិនមែនជាភាពចៃដន្យទេសម្រាប់យុវជន ណុះ ណាវី។ មានបំណងចង់ធ្វើការក្នុងស្ថាប័នរដ្ឋ និងចង់ជំរុញវិស័យទេសចរណ៍ក្នុងស្រុក ទើបធ្វើឲ្យលោក ជ្រើសរើសជំនាញគ្រប់គ្រងទេសចរណ៍នេះ។
លោក ណុះ ណាវី ថ្លែងក្នុងបទសម្ភាសរវាងសារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖ « ការសិក្សាគ្រប់គ្រងទេសចរណ៍ ខ្ញុំយល់ថាជំនាញនេះអាចឲ្យយើងរស់នៅជាមួយបានមួយជីវិត។ ជំនាញនេះ គឺជាជំនាញដែលខ្ញុំស្រលាញ់ជាងគេ។ មួយវិញទៀតខ្ញុំចង់ធ្វើការក្នុងស្ថាប័នរដ្ឋ ក្នុងក្រសួងទេសចរណ៍ផង ជាពិសេសសហគមន៍ទេសចរណ៍មួយចំនួនត្រូវការ យុវជនដែលមានគំនិតថ្មី និងមានជំនាញច្បាស់លាស់ទៅជួយអភិវឌ្ឍន៍ផងដែរ»។
 
លោក ណុះ ណាវី បានបន្តទៀតថាការរៀនជំនាញគ្រប់គ្រងទេសចរណ៍ មិនមែនអាចធ្វើតែជាមគ្គទេសក៍ទេសចរណ៍ នោះទេ ដោយឡែក និស្សិតអាចធ្វើការផ្សេងទៀតដូចជា ភ្នាក់ងារទេសចរណ៍នៅតាមក្រុមហ៊ុន អ្នកបដិសណ្ឋារកិច្ច ព្រមទាំងអាចធ្វើការនៅតាមស្ថាប័នរដ្ឋផងដែរ។ 
លោក ណុះ ណាវី បានណែនាំដល់អ្នកមានបំណងរៀនជំនាញគ្រប់គ្រងទេសចរណ៍ គួរសិក្សាពីភាសាបរទេសបន្ថែមផងដែរ ព្រោះទេសចរអន្តជាតិ ជាទីផ្សារសំខាន់មួយក្នុងវិស័យទេសចរណ៍ប្រទេសកម្ពុជាបច្ចុប្បន្ន៕
 

Tag:
 ណុះ ណាវី
  គ្រប់គ្រងទេសចរណ៍
  កំពត
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com