អន្តរជាតិ
រដ្ឋមន្រ្តីសុខាភិបាលម្នាក់ទៀត លាលែងពីគណៈរដ្ឋមន្រ្តីលោក ត្រាំ
16, Jan 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលអាមេរិក Alex Azar ។ រូបថត Xinhua
រដ្ឋមន្រ្តីសុខាភិបាលអាមេរិក Alex Azar ។ រូបថត Xinhua
រដ្ឋមន្រ្តីសុខាភិបាលអាមេរិក Alex Azar បានសម្រេចចិត្តលាលែងពីតំណែងក្នុងគណៈរដ្ឋមន្រ្តីប្រធានាធិបតី ដូណាល់ ត្រាំ ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍អាមេរិក CNN នៅថ្ងៃទី១៥ ខែមករា។ ការអុកឡុកវិមានសភានៅដើមខែមករានេះពីសំណាក់អ្នកគាំទ្រលោក ត្រាំ ជាមូលហេតុនៃការលាលែងនេះ។
 
ទូរទស្សន៍ CNN ផ្សាយថា លោក Alex Azar បានដាក់លាលែងពីតំណែងរដ្ឋមន្រ្តីសុខាភិបាល និងសេវាកម្មប្រជាជនទៅកាន់លេខាធិការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១២ ខែមករាកន្លងទៅ។ ក្នុងលិខិតដែល CNN ទទួលបាននៅថ្ងៃទី១៥ ខែមករា លោក Azar ផ្ញើលិខិតទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ តែម្ដង ដោយរៀបរាប់ពីសមិទ្ធផលរបស់លោកក្នុងរយៈពេលបួនឆ្នាំមកនេះ តែក៏បង្ហាញពីការមិនពេញចិត្តចំពោះអ្វីដែលកើតឡើងក្រោយការបោះឆ្នោត។
 
«ជាអកុសល សកម្មភាព និងវោហារសាស្រ្តក្រោយការបោះឆ្នោត ពិសេសអ្វីដែលកើតឡើងក្នុងសប្ដាហ៍នេះ ក្លាយជាការគំរាមដែលបំផ្លាញសមិទ្ធផលនៃរដ្ឋបាលនេះ។» លោក Azar សរសេរបន្ថែមបែបនេះ មុនបន្តថា ការវាយប្រហារលើវិមានកាពីតូល ជាការវាយប្រហារលើប្រជាធិបតេយ្យអាមេរិក និងការផ្ទេរអំណាចដោយសន្តិវិធីដែលអាមេរិកផ្ដល់ឲ្យពិភពលោក។ យ៉ាងណាមិញ ការលាលែងលោក Azar នឹងចូលធរមាននៅថ្ងៃទី២០ ខែមករា តែម្ដង
 
ការចូលអុកឡុកវិមានកាពីតូលពីសំណាក់អ្នកគាំទ្រលោក ត្រាំ នៅថ្ងៃទី៦ ខែមករា បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់។ អាជ្ញាធរអាមេរិកក៏ចាប់ខ្លួនកុបករជាច្រើន ហើយបើកការស៊ើបអង្កេតភេរវកម្មជាច្រើនករណីទៀតផង។ រឿងនេះ ក៏នាំឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកទីមួយត្រូវសភាបោះឆ្នោតចោទប្រកាន់ដើម្បីឈានទៅទម្លាកពីតំណែងទៀតផង។ លោក ត្រាំ ត្រូវបានចោទថា ញុះញង់ឲ្យមានការបះបោរ។ 
 
លោក Azar ដើរតួនាទីសំខាន់ក្នុងក្រុមការងារកូវីដ-១៩ របស់រដ្ឋបាលលោក ត្រាំ ។ ប៉ុន្តែរដ្ឋាភិបាលអាមេរិក ក៏រងការរិះគន់ខ្លាំងដែរចំពោះការយឺតយ៉ាវក្នុងការផ្ដល់វ៉ាក់សាំងដល់ប្រជាជនឲ្យទាន់ពេលវេលានោះ។ អាមេរិក ឈរលេខមួយលើតារាង ដោយមានអ្នកឆ្លងជាង២៤លាននាក់ និងស្លាប់ជាង៤០ម៉ឺននាក់ឯណោះ៕
 
 
 
 
 
 
 
 
 
 

Tag:
 អាមេរិក
  Alex Azar
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com