COVID-19
អន្តរជាតិ
រដ្ឋាភិបាលថៃស្នើឱ្យប្រជាជនចៀសវាងការជួបជុំនយោបាយ ខណៈកូវីដ-១៩ នៅរាលដាល
17, Jan 2021 , 4:37 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ កង ម៉េងហុង
 
អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយនៅថ្ងៃទី ១៧ ខែមករា ថានាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា មានបារម្ភអំពីសុខភាពប្រជាជន ស្របពេលមានការចុះត្រជាក់ ហើយស្នើឲ្យពួកគេជៀសវាងការជួបជុំនយោបាយនៅពេលដែលជំងឺកូវីដ-១៩ នៅតែបន្តរាលដាល។
 
ខណៈការរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសនៅតែមាន ហើយអាកាសធាតុចុះត្រជាក់នោះ ប្រមុខរដ្ឋាភិបាលថៃ ស្នើឲ្យប្រជាជនថៃរក្សាសុខភាពរបស់ពួកគេ។ លោក Anucha Burapachaisri អ្នកនាំពាក្យររដ្ឋាភិបាលថៃ បាននិយាយថា រដ្ឋាភិបាលចង់ឱ្យប្រជាជនចៀសវាងការជួបជុំ ជាពិសេសការជួបជុំនយោបាយផ្នែកក្នុងអំឡុងពេលនេះ ព្រោះមិនចង់ឃើញការកើនឡើងករណីឆ្លងដោយសារការប្រមូលផ្តុំបែបនេះទេ។ 
 
ការជួបជុំតវ៉ា ហាក់ស្ងប់ស្ងាត់នៅអំឡុងពេលចុងឆ្នាំ២០២០ និងប៉ុន្មានថ្ងៃនៅដើមឆ្នាំ២០២១ នេះ។ អ្នករៀបចំការតវ៉ា គ្រោងប្រកូកប្រកាសឲ្យជួបជុំជាថ្មីទៀតដើម្បីទាមទារឲ្យលោក ប្រាយុទ្ធ លាលែង។ ប៉ុន្តែលោក Anucha អះអាងថា រដ្ឋាភិបាលថៃនៅមានអំណាចក្រោមច្បាប់អាសន្នដដែលដើម្បីទប់ស្កាត់ការរាលដាល។
 
« រដ្ឋាភិបាលក៏អរគុណដល់ប្រជាជនភាគច្រើនដែលបានសហការ»។ លោក Anucha លើកឡើងបែបនេះដោយស្រង់សម្ដីនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ។ 
 
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក Anucha បន្តថា រដ្ឋាភិបាលកំពុងដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃកូវីដ-១៩  ហើយក៏កំពុងរៀបចំកម្មវិធីជំរុញសេដ្ឋកិច្ចថ្មីផងដែរ។ 
 
តាមរយៈអ្នកនាំពាក្យរូបនេះ លោក ប្រាយុទ្ធ ក៏បង្ហាញការព្រួយបារម្ភអំពីសុខភាពប្រជាជនផងដែរ ខណៈដែលសម្ពាធកម្រិតខ្ពស់មួយទៀតពីប្រទេសចិន។ សីតុណ្ហភាពនៅថៃ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ហើយគ្របដណ្ដប់លើផ្នែកខាងលើនៃប្រទេសនៅចន្លោះថ្ងៃទី១៧ ដល់ទី១៩ ខែមករា។ សីតុណ្ហភាព អាចនឹងធ្លាក់ចុះ២ទៅ៣អង្សានៅតំបន់ខាងជើង ខាងកើត និងកណ្តាល រួមទាំងទីក្រុងបាងកក និង ខេត្តជុំវិញ។ នៅភាគឥសាន សីតុណ្ហភាពនឹងធ្លាក់ចុះ ៤-៦ អង្សាសេក្នុងអំឡុងពេលនោះ។ 
 
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានស្នើឱ្យប្រជាជនប្រុងប្រយ័ត្ន នៅពេលនិងបន្ទាប់ពីប្រើអគ្គិសនី ដើម្បីឱ្យខ្លួនពួកគេកក់ក្តៅផងដែរ៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com