ជាតិ
អាជ្ញាធរ​ខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្ស​១៣​នាក់ ដែល​បន្ទោបង់​នៅ​សួន​សាធារណៈ
19, Jan 2021 , 4:20 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ក្រុម​អ្នកបើក​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​១៣​នាក់ ដែល​បន្ទោបង់​នៅតាម​ដើមឈើ និង​សួនច្បារ​សាធារណៈ ដើម្បី​យកទៅ​អប់រំ​ណែនាំ ។ នេះ​បើតាម​រដ្ឋបាល​ខណ្ឌដូនពេញ បានចេញ​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន នៅ​ថ្ងៃទី​១៩ មករា​។​
 
​ក្រុមការងារ​អាជ្ញាធរ​ខណ្ឌ បាន​ចុះ​ពិនិត្យ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​មូលដ្ឋាន ដោយបាន​ជួប​ក្រុម​ម៉ូតូឌុប​និង​ម៉ូតូ​កង់​បី ឈប់​យាន្ត​ជំនិះ ដើម្បី​បន្ទោបង់​នៅតាម​ដើមឈើ និង​សួនច្បារ​សាធារណៈ ។ ក្រោយ​ឃើញ​សកម្មភាព​បែបនេះ អាជ្ញាធរ​ខណ្ឌដូនពេញ ក៏​សម្រេច​ឃាត់ខ្លួន​ពួកគេ​តែម្ដង​។ រដ្ឋបាល​ខណ្ឌ បាន​សង្កត់ធ្ងន់ថា «​ការធ្វើ​(​បន្ទោ​របង់​)​បែបនេះ​គឺ​បណ្ដាល​ឲ្យ បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បង្ករ​អោយ​ក្លិន​ឆ្អេះឆ្អាប ដល់​អ្នកធ្វើដំណើរ​»​។ 
 
​ការឃាត់ខ្លួន​នេះ អាជ្ញា​ខណ្ឌ​ធ្វើឡើង​ក្នុង​គោលបំណង​ណែនាំ​អប់រំ និង​តម្រូវ​ឲ្យ​អ្នក​ទាំងនោះ បាញ់​ទឹក​លាង​សម្អាត​កន្លែង​បន្ទោបង់​របស់ខ្លួន​នៅ​ទីសាធារណៈ​នោះ​។ បន្ទាប់ពី​អប់រំ​និង​លាង​សម្អាត​រួម អាជ្ញាធរ​ខណ្ឌដូនពេញ ក៏បាន​ដោះលែង​ពួកគេ​វិញ​។ 
 
​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អះអាងថា អាជ្ញាធរ​តែងតែ​ចុះ​ពិនិត្យ​សណ្ដាប់ធ្នាប់ និង​ណែនាំ​ពី​បញ្ហា​បន្ទោបង់​នេះ នៅតាម​គ្រប់​ខណ្ឌ​កន្លងមក ប៉ុន្តែ​ពលរដ្ឋ​ខ្លះ នៅតែ​ប្រព្ព្រឹត្ត​ផ្ទុយ​ពី​បម្រាម​។ លោក ភក្តី អះអាងថា អាជ្ញាធរ នឹង​បន្ត​ចាត់វិធានការ​នេះ​ទៀត ដោយ​មិន​ឲ្យ​ពលរដ្ឋ​បន្ទោបង់​នៅ​សួនច្បារ​សាធារណៈ​ទេ ព្រោះ​វា​ជា​រឿង​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​សណ្ដាប់ធ្នាប់​សាធារណ​ធ្លាក់ចុះ​។​
 
​អ្នកនាំពាក្យ​រូបនេះ ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ទោ​របង់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​កន្លែង​សមរម្យ​តាម​បន្ទប់​សាធារណៈ​។ លោក​បន្តថា ការធ្វើ​បែបនេះ គឺជា​ការចូលរួមចំណែក​ថែរក្សា​សណ្ដាប់ធ្នាប់​សង្គម​៕ 

Tag:
 សណ្ដាប់​ធ្លាប់​សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com