សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បន្តដាស់តឿនដល់អភិបាលរាជធានី-ខេត្ត ឲ្យយកចិត្តទុកដាក់ក្នុងការបំផុសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅតាមមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ សម្តេច ជំរុញឲ្យអភិបាលរាជធានីខេត្តទាំងអស់ គួរចំណាយមកចូលរួមកិច្ចប្រជុំរបស់ CAMSOC ដើម្បីទទួលបានយុទ្ធសាស្ត្រថ្មីៗ សម្រាប់ដោះស្រាយបញ្ហានានា។
រដ្ឋមន្ត្រីក្រសួងការពារជាតិសម្តេច ទៀ បាញ់ ប្រធាន CAMSOC ចាត់ទុកអភិបាលរាជធានី-ខេត្តជាបុគ្គលសំខាន់ក្នុងការធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រោះ ពួកគេ ជាមនុស្សមានឥទ្ធិពល និងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលខ្លួនគ្រប់គ្រង។
សម្តេច ជំរុញឲ្យអភិបាលរាជធានី-ខេត្តទាំងអស់បង្កើនការយកចិត្តទុកដាក់រួមចំណែកជួយផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួនតាំងនៅ ឲ្យយល់ពីគុណតម្លៃ និងអត្ថប្រយោជន៍នៃការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម។ ជាពិសេសជួយណែនាំ និងអប់រំពួកគេឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការលុបបំបាត់គ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាបរិស្ថាន និងបោះបង់ទម្លាប់មិនល្អជាដើម។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីរូបនេះ បានក្រើនរំឮកដល់អភិបាលរាជធានី-ខេត្ត ឲ្យចូលរួមជាមួយសកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ជាពិសេសគួរចំណាយពេលចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារនិងដាក់ទិសដៅអនុវត្តប្រចាំត្រីមាសរបស់ CAMSOC។
«ខ្ញុំយល់ណាស់រាជធានីខេត្ត គឺមានការងារច្រើនណាស់ដែលត្រូវធ្វើ តែច្រើនប៉ុន្មានក៏ដោយ សូមយកចិត្តទុកដាក់ បើតាមបញ្ជាផ្ទៃក្នុង គឺគណៈកម្មការយើង គឺត្រូវប្រជុំមួយត្រីមាសម្តង។ បើមានរៀបចំកិច្ចប្រជុំសូមប្រាប់ឲ្យបានមុខបន្តិច ដើម្បីឲ្យខាងខេត្តរៀបចំកម្មវិធី ដើម្បីបានចូលរួមស្តាប់ទាំងអស់គ្នា»។ សម្តេច ទៀ បាញ់ ថ្លែងបែបនេះនាសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងដាក់ទិសដៅអនុវត្តក្នុងឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយុទ្ធនាការអប់រំសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
ទន្ទឹមនឹងនេះ សម្តេច អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អបអរ និងគាំទ្រគ្រប់សកម្មភាពក្នុងដំណើររៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ សម្តេច រំពឹងថា ក្រសួង ស្ថាប័ន្ធ និងភាគីពាក់ព័ន្ធគ្រប់បណ្តាខេត្តទាំងអស់ នឹងបន្តសហការ និងជួយជ្រោមជ្រែងជាមួយ CAMSOC រហូតបេសកកម្មបញ្ចប់ដោយជោគជ័យ។
ទាំងសម្តេច ទៀ បាញ់ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានចាត់ទុកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាឱកាសរបស់កម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចជាដើម។ ជាពិសេស វាជាឱកាសក្នុងការកែប្រែទម្លាប់មិនល្អក្នុងមួយចំនួនរបស់ប្រជាពលរដ្ឋ និងសកម្មភាពអបាយមុខក្នុងសង្គម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ CAMSOC បានមានប្រសាសន៍ថា ឆ្នាំ២០២១ ជាឆ្នាំ ដែលគណៈកម្មការជំនាញទាំងអស់នៃ CAMSOC អនុវត្តការងារសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ពោលគឺជាឆ្នាំចាប់ផ្តើមស៊ីហ្គេម (Games Operation Times)។ សម្រាប់ លោក ឆ្នាំ២០២១ ជាឆ្នាំកំណត់ភាពជ័យក្នុងដំណើរការរៀបចំការងារឆ្ពោះស៊ីហ្គេមឆ្នាំ២០២២ និងឆ្នាំ២០២៣។
ថ្លែងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយុទ្ធនាការអប់រំសង្គមលោក វ៉ាត់ ចំរើន បានបញ្ជាក់ដូច្នេះថា៖«ដូចឯកឧត្តមបណ្ឌិត ថោង ខុន និងសម្តេចពិជ័យសេនាបានបញ្ជាក់ថា ២០២១ជាឆ្នាំដ៏សំខាន់ក្នុងការធានាឲ្យមានភាពជាក់លាក់ថា ឆ្នាំ២០២២ និង ២០២៣ នឹងទទួលបានជោគជ័យ ទាល់តែឆ្នាំ២០២១ នេះ ចាប់ផ្តើមទៅដោយរលូន និងមានប្រសិទ្ធភាពសិន។ ឆ្នាំ២០២១ គឺធ្វើយ៉ាងណាឲ្យគ្រប់ភាគីពាក់ព័ន្ធ និងគណៈកម្មការជំនាញទាំងអស់ធ្វើការងារឲ្យបាន៧០ទៅ៨០ភាគរយ»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើការងាររៀបចំផ្សេងៗក្នុងឆ្នាំ២០២១ មិនបានរួចរាល់ដូចការគ្រោងទុកទេ កម្ពុជាអាចនឹងជួបការលំបាកនៅឆ្នាំ២០២២ និងពេលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣៕