COVID-19
អន្តរជាតិ
តៃវ៉ាន់ លុបចោលការប្រារព្ធពិធីបុណ្យគោមដ៏ធំ ព្រោះបារម្ភពីកូវីដ-១៩ 20, Jan 2021 , 1:57 pm
រូបថត Xinhua
×
ដោយ ឈួន ឈីវអ៊ីង
តៃវ៉ាន់ បានសម្រេចចិត្តរំសាយការប្រារព្ធពិធីបុណ្យបង្ហោះគោមដ៏ធំមួយ ដែលនឹងធ្វើឡើងនៅអំឡុងបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ។ ការលុបចោលនេះ ធ្វើឡើងជាមួយក្ដីបារម្ភពីករណីឆ្លងជំងឺកូវីដ-១៩ ដែលកើនឡើងវិញនៅរយៈពេលចុងក្រោយ។
នៅថ្ងៃទី១៩ ខែមករា តៃវ៉ាន់បានរាយការណ៍ករណីឆ្លងកូវីដ-១៩ ក្នុងស្រុកថ្មីចំនួន៤ ដែលជាចំនួនច្រើនសម្រាប់ប្រទេសនេះក្នុងរយៈពេល១១ខែចុងក្រោយ។ ករណីវិជ្ជមានថ្មីបានកើតឡើង នៅក្នុងមន្ទីរពេទ្យនៅទីក្រុង Taoyuan ។ រដ្ឋាភិបាលក៏បានផ្ទេអ្នកជំងឺជាង២០០នាក់ ចេញពីមន្ទីរពេទ្យនេះទៅកន្លែងផ្សេង។
ជាមួយករណីឆ្លងក្នុងស្រុកនេះ តៃវ៉ាន់ក៏លុបចោលពិធីបុណ្យបង្ហោះគោមរបស់ខ្លួន។ រដ្ឋមន្ត្រីគមនាគមន៍និងទំនាក់ទំនង លោក Lin Chia-lung ប្រាប់ទីភ្នាក់ងារពត៌មាន Reuters ថា ពិធីបុណ្យ គោមនៅតៃវ៉ាន់ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្គាល់ការបញ្ចប់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីអំឡុងពិធីបុណ្យចូលឆ្នាំចិននាពាក់កណ្តាលខែកុម្ភៈខាងមុខ ត្រូវបានរំសាយចោលព្រោះតែកូវីដ-១៩ ។
ជារៀងរាល់ឆ្នាំ ពិធីបុណ្យនេះតែងមានការបង្ហោះគោម និងមានការបាញ់កាំជ្រួច ដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់។ លោក Lin ក៏បានបន្ថែមទៀតថា ការរំសាយនេះជាការសម្រេចចិត្តដ៏ពិបាកមួយ ប៉ុន្តែកិច្ចការពារការរីករាលដាលកូវីដ-១៩ ជាអាទិភាពដំបូង។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលមានទីតាំងនៅទីក្រុង Hsinchu ដែលជាកន្លែងត្រូវប្រារព្ធពិធី បានស្នើឱ្យរដ្ឋាភិបាលតៃវ៉ាន់រំសាយកម្មវិធីបុណ្យនេះ ព្រោះបារម្ភ ពីការរីករាលដាលជាសហគមន៍ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរបស់ពួកគេ។ ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេក្នុងពិភពលោករបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Co ក៏មានរោងចក្រនៅទីក្រុងនោះដែរ។
គិតមកដល់ពេលនេះតៃវ៉ាន់មានករណីកូវីដ-១៩ សរុបចំនួន ៨៦៨ករណី ដែលភាគច្រើនជាករណីឆ្លងមកពីប្រទេសក្រៅ ហើយក៏មានអ្នកស្លាប់ចំនួន៧នាក់ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com