កីឡាអន្តរជាតិ
អន្តរជាតិ
កៅអី​អ្នកចាត់ការ​កំពុង​ក្ដៅ​, Lampard ថា វាសនា​របស់លោក​មិន​ស្ថិតក្នុង​ដៃ​លោក​ឡើយ​
20, Jan 2021 , 3:39 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង
 
​នៅក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League សប្ដាហ៍​ទី​១៩ ក្រុម​តោ​ខៀវ Chelsea បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Leicester City ដោយ​លទ្ធផល ២¬-០ នា​រាត្រី​ថ្ងៃទី​២០ ខែមករា​។ បរាជ័យ​នេះ រឹតតែ​ធ្វើ​ឲ្យ​កៅអី​លោក Frank Lampard កាន់តែ​ក្ដៅ ព្រោះ​ក្រុម​ធ្វើ​មិនសូវ​បានល្អ​។ តែ​អ្នកចាត់ការ​រូបនេះ​អះអាងថា វាសនា​របស់លោក​នៅ Chelsea មិនមែន​លោក​គ្រប់គ្រង​ឡើយ​។​
 
២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ Leicester រកបាន​ដោយ​កីឡាករ Wilfred Ndidi រកបាន​១​គ្រាប់​នៅ​នាទី​៦ និង Jame Maddison ១​គ្រាប់​នៅ​នាទី ៤១ ក្នុង​តង់​ទី​១​។​
 
​ក្រោយ​លទ្ធផល​ចាញ់​ក្រុម​កញ្ជ្រោង តំណែង​ជា​អ្នកចាត់ការ​ទូទៅ​របស់ Lampard កំពុង​ក្តៅគគុក​ដែល​អាច​ប្រឈមមុខ​នឹង​ការបណ្ដេញ​ចេញពី​តំណែង​។ ទោះជា​យ៉ាងណា Lampard និយាយ​នៅក្នុង​សន្និសីទកាសែត​ក្រោយ​ចប់​ការប្រកួត​ថា អនាគត​របស់លោក​មិន​ស្ថិតក្រោម​ការគ្រប់គ្រង​ដូចជា​លោក​ទទួលបន្ទុក​ជា​អ្នកចាត់ការ​របស់ Chelsea ឡើយ​។​
 
«​មាន​សំណួរ​ជាច្រើន​បាន​សួរ​មក​ខ្ញុំ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ខ្ញុំ​យល់​ពី​វា​ហើយក៏​ជា​អ្វី​ដែរ​ក្លឹប​កំពុង​គិតថា​ត្រូវ​រឺក៏​ខុស​»​។ នេះ​ជាការ​បញ្ជាក់​របស់ Lampard ដែល​បន្តថា លោក​ក្លាយជា​អ្នកចាត់ការ​ស្របពេល​ក្លឹប​ជួប​ការលំបាក​ព្រោះ​ក្លឹប​មិនទាន់​ត្រៀមខ្លួន​រួចរាល់​សំរាប់​ការប្រកួត​។ លោក​បន្ថែមថា ក្លឹប​មាន​កីឡាករ​ក្មេង​ច្រើន និង​កីឡាករ​ថ្មី​ដែរ​ត្រូវ​ពង្រឹងសមត្ថភាព​បន្ថែម និង​ព្យ​យាម​បង្កើត​ទម្រង់​ស្របតាម​បែបបទ​របស់​ក្រុម​។​
 
​អតីត​កីឡាករ​អង់គ្លេស​រូបនេះ ក៏​ឆ្លៀត​បន្ទោស​កូនក្រុម​របស់ខ្លួន​ចំពោះ​បរាជ័យ​របស់ Chelsea ។ Lampard ប្រាប់​កីឡាករ​របស់លោក​ថា មានតែ​ពួកគេ​ដែល​អាច​ទទួលខុសត្រូវ​សំរាប់​ទម្រង់​លេង​របស់​ពួកគេ​ម្នាក់ៗ​។​
 
​ក្រោយ​ចប់​ការប្រកួត ក្រុម​របស់លោក Brendan Rodgers បាន​ឡើងឈរ​កំពូល​តារាង EPL បណ្តោះអាសន្ន​ដែលមាន​៣៨​ពិន្ទុ​ឈរលើ​ក្រុម Manchester United ដែលមាន ៣៧​ពិន្ទុ ចំណែក​តោ​ខៀវ Chelsea ឈរ​នៅ​ចំណាត់​ទី ៨ មាន​២៩​ពិន្ទុ​ប៉ុណ្ណោះ​៕ 
 

Tag:
 Frank Lampard
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com