ជាតិ
លោក ឃុន ថារ៉ូ៖ ការតវ៉ាអាចនឹងមានជាបន្តបន្ទាប់ បើនិយោជកមិនបើកប្រាក់អតីភាពការងារឲ្យកម្មករ
23, Jan 2021 , 5:19 pm        
រូបភាព
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់។ (រូបពី សង់ត្រាល់)
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់។ (រូបពី សង់ត្រាល់)
ភ្នំពេញ៖ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស  (សង់ត្រាល់) កត់ស្គាល់ឃើញថា ដើមឆ្នាំ២០២១នេះ ការតវ៉ា បានកើតមានឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការបើកប្រាក់អតីតភាពការងារ។ ជាមួយគ្នាដែរ លោក អះអាងថា ការធ្វើកូដកម្មទាមទារឬការតវ៉ានេះនឹងកើតមានជាបន្តបន្ទាប់ទៀត ប្រសិនបើនិយោជកមិនបើកប្រាក់អតីតភាពការងារតាមការណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវជ្ជាជីវៈ។


នៅដើមឆ្នាំ២០២១នេះ មានកម្មករប្រមាណ៨ពាន់នាក់ មកពីរោងចក្រ៦ទីតាំង បានចេញតវ៉ា។ នេះបើតាមការលើកឡើងរបស់លោក ឃុន ថារ៉ូ ដោយបន្ថែមថា ការចេញតវ៉ានេះ គឺភាគច្រើនជាប់ពាក់ព័ន្ធនឹងប្រាក់អតីតភាព ស្របពេលកម្មករ ជួបវិបត្តិហិរញ្ញវត្ថុ ក្នុងអំឡុងនៃរាលដាលជំងឺកូវីដ-១៩។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី២៣ ខែមករានេះ លោក ឃុន ថារ៉ូ ថ្លែងថា៖««ខ្ញុំគិតថា ប្រសិនបើ ភាគីរោងចក្រមិនអនុត្តតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលតម្រូវឲ្យទូទាត់ប្រាក់អតីតភាពការងារ ប្រសិនបើការអនុវត្តហ្នឹង ពុំមានប្រសិនភាពទេ វាអាចមានការផ្ទុះការតវ៉ានៅទីតាំងកន្លែងផ្សេងៗទៀត ដោយសារប្រាក់នេះ ជាអត្ថប្រយោជន៍របស់ពួកគាត់ (កម្មកររោងចក្រ) ហើយពួកគាត់ភាគច្រើនកំពុងរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងនៅអំឡុងពេលកូវីដ-១៩នេះ»។ លោក បន្ថែមថាប្រាក់អត្ថប្រយោជន៍តិចតួចនេះ នឹងជួយដោះស្រាយជីវភាពប្រចាំពួកគេបាន។ 
 
ក្រសួងការងា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២១មករា បានចេញសេចក្ដីជូនដំណឹងឲ្យថៅកែរោងចក្រទាំងអស់ បើកប្រាក់អតីតភាពការងារដល់កម្មករ។ ក្រសួងបញ្ជាក់ថា ម្ចាស់រោងចក្រសហគ្រាសទាំងអស់ដែលជំពាក់ប្រាក់អតីតភាពមុនឆ្នាំ២០១៩និងប្រាក់អតីតភាពឆ្នាំ២០២១ ត្រូវបើកនៅត្រីមាសទី២និងទី៤ក្នុងឆ្នាំនេះ។ ចំណែកប្រាក់អតីតភាពការងារឆ្នាំ២០២០ ត្រូវទូទាត់នៅត្រីមាសទី១និងទី៣ ក្នុងឆ្នាំ២០២១នេះ។ 
 


 កម្មកររោងចក្រឃែនធឺរេន បិទផ្លូវតវ៉ា ឲ្យថៅកែបើកប្រាក់ឲ្យទៀងទាត់នៅថ្ងៃទី២២មករា ២០២០។ (រូបពី៖ សហព័ន្ធសហជីពចលនាកម្មករ)

ដើម្បីជៀសវាងការតវ៉ាកើតមានកាន់តែច្រើន លោក ឃុន ថារ៉ូ បានលើកឡើងថាក្រសួងមានតួនាទីសំខាន់ក្នុងតាមដានលើរឿងនេះ ដោយការចុះធ្វើអធិការកិច្ច និងពង្រឹងគោលការអនុវត្តច្បាប់របស់ខ្លួន។ លោកថា រដ្ឋាភិបាលក៏ត្រូវពិនិត្យគោលនយោបាយនៃអត្ថប្រយោជន៍ការងារចំពោះកម្មករដែរ ដើម្បីកុំឲ្យមានភាពអយុត្តិកើតមាននៅកន្លែងការងារ។ អ្នកឃ្លាំងមើលសិទ្ធិកម្មកររូបនេះ បន្ថែមថា កន្លងមកក្រសួងបានពន្យារពេលបើកអត្ថប្រយោជន៍ ហើយក៏ឃើញមានការបញ្ឈប់កម្មករក្រោមហេតុផលរងវិបត្តិកូវីដ-១៩កាន់តែឡើងផងដែរ។
   
ទន្ទឹមគ្នានេះ លោក ឃុន ថារ៉ូ យល់ថា តុលាការពាណិជ្ជកម្មនិងតុលាការការងារ ដែលក្រសួងយុត្តិធម៌គ្រោងនឹងដាក់ដំណើរការក្នុងឆ្នាំ២០២១ គឺជារឿងល្អ ក្នុងការដោះស្រាយវិវាទដល់កម្មករ។ ប៉ុន្តែលោក សង្កត់ធ្ងន់ថា អ្វីដែលសំខាន់ជាងនេះ គឺយន្តការនៃការដោះស្រាយរបស់តុលាការ។ លោកថ្លែងយ៉ាងដូច្នេះថា៖«ការបង្កើតតុលាការងារនេះ ជារឿងល្អ។ តែសំខាន់ថាតើ យន្តការដោះស្រាយ ឯករាជ្យនិងមានប្រសិទ្ធិភាពដែរទេ? យើង ត្រូវយកចិត្តទុកដាក់ចំណុចនេះ»។ 
 
កាលពីថ្ងៃទី២២មករានេះ មានកម្មកររោងចក្រ៣ទីតាំង បានតវ៉ា ក្នុងនោះរោងចក្រ Y&W នៅខណ្ឌដង្កោ រោងចក្រ ឃែនធឺរេន នៅខណ្ឌពោធិ៍សែនជ័យ និង រោងចក្រហូលីដេឌីហ្សាញ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននាំតវ៉ាដើម្បីឲ្យថៅកែបើកប្រាក់អតីតភាពការងារនិងបើកប្រាក់ឈ្នួលឲ្យទៀងទាត់។ កម្មករទាំង៣ទីតាំងនេះ មានចំនួនប្រមាណ១២០០នាក់។ រីឯ នៅខេត្តសៀមរាបវិញ ក៏មានបុគ្គលិកព្រលានយន្តហោះតវ៉ាជាង១៦០ផងដែរ ដោយសារក្រុមហ៊ុនបញ្ឈប់ពួកគេនិងប្ដូរតួនាទីក្រោមហេតុផលវិបត្តិកូវីដ-១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com