រាល់ពាក្យទាំងអស់ ដែលមាន «ន៍ ឬ ណ៍» នៅខាងចុង គឺសុទ្ធតែជា «នាម» ដោយមិនអាចជា «កិរិយាសព្ទ» នោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកចង់ប្រើជា «កិរិយាសព្ទ» ចូរកុំដាក់ «ន៍ ឬ ណ៍» នៅខាងចុង។
ឧទាហរណ៍៖ បដិវត្តន៍នៃសង្គមមួយ ចាំបាច់ត្រូវមានមនោគមវិទ្យាច្បាស់លាស់ និងស៊ីជម្រៅ។ ក្នុងប្រយោគនេះ «បដិវត្តន៍» គឺជា «នាម» ហើយដើរតួជា «ប្រធាន»។ តែបើអ្នកចង់ប្រើពាក្យ «បដិវត្តន៍» ជា «កិរិយាសព្ទ» វិញ នោះត្រូវលុប «ន៍» ចេញ។ ឧទាហរណ៍៖ ក្នុងនាមជាអ្នកនយោបាយ បើអ្នកចង់បដិវត្តសង្គមទាំងមូល អ្នកត្រូវតែប្តេជ្ញាចិត្តដ៏ខ្លាំក្លា និងហ៊ានលះបង់ជីវិត ព្រមទាំងមានមនោគមវិទ្យាច្បាស់លាស់។ «បដិវត្ត» នៅក្នុងប្រយោគទីពីរនេះ គឺជា «កិរិយាសព្ទ» និងមានពាក្យ «សង្គម» ជា «កម្មបទ»។
ពាក្យដែលមាន «ន៍ ឬ ណ៍» នៅខាងចុង គឺសុទ្ធតែជា «នាម» និងអាចក្លាយជា «កិរិយាសព្ទ» នៅពេលដែលអ្នកលុប «ន៍ ឬ ណ៍» ចេញ។ តួយ៉ាង ដូចជាពាក្យថា អនុវត្តន៍ គឺជា «នាម» តែ អនុវត្ត គឺជា «កិរិយាសព្ទ» អភិវឌ្ឍន៍ គឺជា «នាម» តែ អភិវឌ្ឍ គឺជា «កិរិយាសព្ទ» ។ល។ អ្នកមិនអាចប្រើដាក់ «ន៍ ឬ ណ៍ និង ការ» ជាមួយគ្នាទៅលើពាក្យតែមួយឡើយ។ អ្នក មិនអាច សរសេរថា ការបដិវត្តន៍ ឬ ការអភិវឌ្ឍន៍ នោះទេ។
ថ្វីដ្បិតតែ ពាក្យដែលមាន «ន៍ ឬ ណ៍» គឺសុទ្ធតែជា «នាម» និងអាចក្លាយជា «កិរិយាសព្ទ» នៅពេលអ្នកលុប «ន៍ ឬ ណ៍» ចេញ ប៉ុន្តែ ពាក្យខ្លះ ដែលមាន «ន៍ ឬ ណ៍» នៅខាងចុង អាចដើរតួជា «នាម» តែប៉ុណ្ណោះ ដោយមិនអាចប្តូរទៅជា «កិរិយាសព្ទ» បាននោះទេ។ ឧទាហរណ៍៖ ប្រយោជន៍, ត្រ័យរតន៍, ទូរទស្សន៍, គមនាគមន៍, សហគមន៍, អធិករណ៍, ហេតុការណ៍, ព្រឹត្តិការណ៍ ។ល។
អ្វីដែលគួរឲ្យគត់សម្គាល់មួយទៀតនោះ គឺថា តើពាក្យណាដែលត្រូវដាក់ «ន៍» ហើយពាក្យណាដែលត្រូវដាក់ «ណ៍»។ អ្នកគប្បីចំណាំថា រាល់ពាក្យទាំងអស់ត្រូវដាក់ «ន៍» នៅខាងចុង ដូចជាពាក្យ អភិវឌ្ឍន៍, អនុវត្តន៍, បដិវត្តន៍, អនុសាសន៍, ប្រសាសន៍, គមនាគមន៍ ជាដើម។ ប៉ុន្តែ ប្រសិនបើពាក្យណាដែលមានអក្សរ «រ» នៅខាងចុង អ្នកត្រូវប្រើ «ណ៍» វិញ ដូចជាពាក្យថា ទឡ្ហីករណ៍, សហករណ៍, ព្រឹត្តិការណ៍, អធិករណ៍ ជាដើម៕