មេដឹកនាំ​ហុងកុង​ប្រកាស​សុំទោស ខណៈ​បាតុករ​ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​
អន្តរជាតិ
មេដឹកនាំ​ហុងកុង​ប្រកាស​សុំទោស ខណៈ​បាតុករ​ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​
17, Jun 2019 , 10:09 am        
រូបភាព
ប្រមុខរដ្ឋាភិបាលតំបន់ស្វយ័តហុងកុង Carrie Lam ប្រកាសសុំទោស។ រូបភាព AFP
ប្រមុខរដ្ឋាភិបាលតំបន់ស្វយ័តហុងកុង Carrie Lam ប្រកាសសុំទោស។ រូបភាព AFP
​សេចក្ដីស្នើច្បាប់​របស់​ហុងកុង​ដែល​បើកផ្លូវ​ដល់​ការធ្វើ​បត្យាប័ន​ជាមួយ​ចិន ធ្វើ​ឲ្យ​រំជើបរំជួល​ទីក្រុង​ហិរញ្ញវត្ថុ​នេះ​យ៉ាងខ្លាំង​។ រលក​នៃ​ការតវ៉ា​ផ្ទួនៗ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ប្រកាស​ព្យួរ​សេចក្ដីស្នើច្បាប់​ចម្រូងចម្រាស​នេះ​។ ប៉ុន្តែ​ក្រុមបាតុករ​មិនមែន​ទាមទារ​ត្រឹម​នេះឡើយ គឺ​ពួកគេ​ចង់​ឲ្យ​លុបចោល​តែម្ដង ហើយ​លោកស្រី Carrie Lam ប្រមុខ​តំបន់​ស្វយ័ត​ហុងកុង ត្រូវតែ​ចុះចេញ​ពី​តំណែង​។ នៅ​ថ្ងៃទី​១៦ ខែមិថុនា លោកស្រី Lam បាន​សុំទោស​ចំពោះ​រឿងរ៉ាវ​ដែល​កើតឡើង​។​

 
​ពលរដ្ឋ​ហុងកុង​ប្រមាណ​ពីរលាន​នាក់ នៅ​ថ្ងៃទី​១៦ ខែមិថុនា​បាន​ប្រមូលផ្ដុំ​គ្នា​តាម​ដងផ្លូវ​ក្នុង​មហា​បាតុកម្ម​ប្រឆាំង​សេចក្ដីស្នើច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន និង​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​នាយក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ស្វយ័ត​ហុងកុង Carrie Lam ដែល​ប្រកាស​ផ្អាក​សេចក្ដីស្នើច្បាប់​នេះ​សិន​។ ប៉ុន្តែ​ចំនួន​បាតុករ​នេះ មិនមាន​ការរាប់​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ តែបើ​ជាការ​ពិត​ដូច​អ្នករៀបចំ​អះអាង វា​ជា​បាតុកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហុងកុង​។​
 
​បាតុកម្ម​ថ្ងៃទី​១៦ ខែមិថុនា ជាការ​ប្រមូលផ្ដុំ​ធំ​បំផុត​ទី​ពីរ​ក្នុង​រយៈពេល​ជាង​មួយ​សប្ដាហ៍​មកនេះ ខណៈ​ពលរដ្ឋ​ហុងកុង​គ្រប់​មជ្ឈដ្ឋាន បង្ហាញ​ការមិន​ពេញចិត្ត​ការព្យាយាម​របស់​រដ្ឋា​ភិ​បា​លោកស្រី Lam ដែល​ចង់​អនុម័ត​សេចក្ដីស្នើច្បាប់​បត្យាប័ន​ឲ្យ​បាន​លឿន​នោះ​។ តាមពិតទៅ សេចក្ដី​ច្បាប់​នេះ ជា​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ធ្វើ​បត្យាប័ន​រវាង​ទីក្រុង​ហុងកុង និង​ប្រទេស ឬ​តំបន់​ដទៃ​ដែល​មិនទាន់​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​ជនសង្ស័យ ដែល​វា​ក៏​រាប់បញ្ចូល​ចិន​ផង​។​
 
អត្ថបទទាក់ទង
 
 
​ជាមួយនឹង​ការតវ៉ា​ជា​បន្តបន្ទាប់ លោកស្រី Lam នៅ​ថ្ងៃទី​១៥ ខែមិថុនា បានប្រកាស​ផ្អាក​សេចក្ដីស្នើ​នេះ ប៉ុន្តែ​មិនបាន​គ្រវែង​ចោល​ទាំងស្រុង​តាម​ការទាមទារ​របស់​បាតុករ​ឡើយ​។ ការប្រកាស​របស់លោក​ស្រី Lam មាន​គោលដៅ​បន្ធូរបន្ថយ​ស្ថាន​ការដែល​តានតឹង ដ្បិត​ក្រុមបាតុករ​មាន​គម្រោង​តវ៉ា​ទ្រង់ទ្រាយ​នៅ​ថ្ងៃ​បន្ទាប់​។ យ៉ាងណាមិញ ការផ្អាក​នេះ មិន​ធ្វើ​ឲ្យ​បាតុករ​សប្បាយចិត្ត​ឡើយ ហើយ​ការតវ៉ា​បិទផ្លូវ​ក៏​ធ្វើឡើង​ជាថ្មី ដោយ​បាតុករ​នាំ​ពាក់​អាវខ្មៅ ហើយ​ទាមទារ​ឲ្យ​លោកស្រី Lam ចុះចេញ​ផង​។​
 
​ការតវ៉ា​ដែល​ធ្វើ​ញាប់​ញ័រ​ទី​ក្រុងមាន​ប្រជាជន​ប្រមាណ​៧​លាន​នាក់​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ប្រកាស​សុំទោស​ជា​សាធារណៈ​។ ក្នុង​សេចក្ដីប្រកាស​របស់​រដ្ឋា​ភិ​បាល​ហុងកុង​នៅ​យប់​ថ្ងៃទី​១៦ ខែមិថុនា លោកស្រី​ប្រធាន​ប្រតិបត្តិ​ហុងកុង​បាន​សារភាព​ពី​កម្សោយ​របស់​រដ្ឋាភិបាល​ដែល​នាំ​ឲ្យ​មានរឿង​ចម្រូងចម្រាស និង​ជម្លោះ​ក្នុងសង្គម បង្ក​ការមិន​ពេញចិត្ត ក៏ដូចជា​ការខូចខាត​ក្នុងចំណោម​ប្រជាជន​ផងដែរ​។ លោកស្រី Lam បាន​សុំទោស​ចំពោះ​បញ្ហា​ទាំងនេះ​។​
 
​ប្រមុខ​តំបន់​រដ្ឋបាល​ពិសេស​រូបនេះ ក៏​សន្យា​ប្រកាន់យក​ឥរិយាបថ​ស្មោះត្រង់ ហើយ​ដាក់ខ្លួន​ទទួលយក​ពាក្យរិះគន់ និង​បម្រើប្រជាជន​ឲ្យ​កាន់​ប្រសើរឡើង​។ យ៉ាងណាក្ដី លោកស្រី Lam មិនបាន​និយាយ​ដល់​រឿង​ចុះ​ចេញពី​តំណែង​តាម​ការទាមទារ​របស់​បាតុករ​ឡើយ​។ 
 
​ក្រៅពី​ការទាមទារ​ឲ្យ​ដកចេញ​ទាំងស្រុង​សេចក្ដីស្នើច្បាប់​ធ្វើ​បត្យាប័ន និង​ទទូច​ឲ្យ​លោកស្រី Lam លាលែង​នោះ បាតុករ ក៏​ស្នើ​ឲ្យ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ការបង្ក្រាប​របស់​ប៉ូលិស​អំឡុងពេល​តវ៉ា​លើក​មុន​ដែរ​។ មនុស្ស​ប្រមាណ​៨០​នាក់ បាន​រងរបួស​ក្នុងការ​បំបែក​ក្បួន​តវ៉ា​របស់​បាតុករ​ដែល​បាន​ចោមរោម​អាគារ​សភា​ហុងកុង​។ ក្រុមបាតុករ​អះអាងថា ប៉ូលិស​ហាក់​លេង​ខ្លាំង​ដៃ​ពេក​ក្នុងការ​តទល់​ជាមួយ​បាតុករ​។ យ៉ាងណា ក្នុងការ​តវ៉ា​ចុង​សប្ដាហ៍​មុន ប៉ូលិស​ហុងកុង​បាន​ព្យាយាម​រក្សា​ការអត់ធ្មត់​ខ្លាំង សំដៅ​បញ្ចៀស​ការប៉ះទង្គិច​៕   

Tag:
 ហុងកុង​
  Carrie Lam
© រក្សាសិទ្ធិដោយ thmeythmey.com