បាក់​ឌុប​៖ រដ្ឋមន្ត្រី​អប់រំ​តែង​កំណាព្យ​ដាស់តឿន​បេក្ខជន «​អ្នកចេះ គឺជា​ប់​»
ជាតិ
បាក់ឌុប
បាក់​ឌុប​៖ រដ្ឋមន្ត្រី​អប់រំ​តែង​កំណាព្យ​ដាស់តឿន​បេក្ខជន «​អ្នកចេះ គឺជា​ប់​»
07, Jul 2019 , 1:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បង្ហោះ​កំណាព្យ​មួយ មាន​ចំណងជើង​ថា «​អ្នកចេះ​គឺជា​ប់​» ដើម្បីរំឭកបេក្ខជន​បាក់​ឌុប​ដែល​នឹងចូលរួម​ក្នុងសម័យ​ប្រឡង​ថ្ងៃទី ១៩ ខែសីហា​ខាងមុខនេះ​។​
 
​ចាប់តាំងពី​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ឆ្នាំ​២០១៤ លោក ហង់ ជួនណា​រ៉ុ​ន បានធ្វើ​កំណែទម្រង់​វិស័យ​អប់រំ ដោយ​ចាប់ផ្តើម​ពី​ការ​រឹតបន្តឹង​វិន័យ​ក្នុងសម័យ​ប្រឡង​នានា ជាពិសេស​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​។ អ្នកចេះ​គឺជា​ប់ គឺជា​ពាក្យស្លោក​នៃ​យុទ្ធនាការ​នៃ​កំណែទម្រង់​សម័យ​ប្រឡង​បាក់​ឌុប ដែល​លោក​រដ្ឋមន្ត្រី​បាន​បង្កើត​តាំងពី​ឆ្នាំ​២០១៤​នោះ​។​
 
៦​ឆ្នាំក្រោយ ពាក្យ​សោ្ល​ក​នេះ​នៅតែមាន​តម្លៃ​ខ្លាំង​ដដែល​។ នៅ​ថ្ងៃទី​៧​ខែកក្កដា​នេះ លោក​រដ្ឋមន្ត្រី​បាន​បង្ហោះ​កំណាព្យ​បទ​កាកគតិ​ដែលមាន​ពាក្យស្លោក អ្នកចេះ​គឺជា​ប់ ជា​ចំណងជើង​តែម្តង ដើម្បី​ក្រើនរំឭក​បេក្ខជន​បាក់​ឌុប ត្រៀម​បញ្ចេញ​សមត្ថភាព​ពិតប្រាកដ ដោយ​មិនមាន​ការលួចចម្លង ឬ​យក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ឡើយ​។​
​កំណាព្យ​របស់លោក​រដ្ឋ​មន្ត្រី​អប់រំ បាន​ឲ្យ​តម្លៃ​ចំណេះវិជ្ជា ជា​ទ្រព្យសម្បត្តិ​តកូនតចៅ​។ 
 
​ក្រោយ​កំណែទម្រង់​ការប្រឡង ចំនួន​បេក្ខជន​ប្រឡង​ជាប់​មានការ​កើនឡើង  ដោយសារ​សិស្សានុសិស្ស​ប្រឹងប្រែង​រៀនសូត្រ​ជាង​មុន និង​មិន​រំពឹង​ការលួចចម្លង ឬ​បែកធ្លាយ​វិញ្ញាសា​ណាមួយ​នោះទេ​។ ជាមួយគ្នានេះ ក្រសួង​អប់រំ យុវជន និង​កីឡា តែង​ចែករំលែក​ចំណេះដឹង វិញ្ញាសា​ប្រឡង ឬ​ព័ត៌មាន​អំពី​ការប្រឡង​ផ្សេងៗ​ទៅដល់​សិស្សានុសិស្ស តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​។ 
 
​ដំណើរការ​ប្រឡង​បាក់​ឌុប​ខិតជិត​មកដល់ តាម​វិទ្យាល័យ​មួយចំនួន​នៅ​បណ្ដា​រាជធានី​-​ខេត្ត គ្រូបង្រៀន​បាន​បើក​វគ្គ​បំប៉ន​ត្រៀមប្រឡង​ដល់​សិស្សានុសិស្ស​ដោយ​ឥតគិតថ្លៃ នៅ​រៀងរាល់​ថ្ងៃអាទិត្យ​។​
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង ១៩ សីហា​នេះ មាន​បេក្ខជន​ដាក់ពាក្យ​សរុប ១១៩, ២១៧​នាក់  ដោយ​ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន  ៤៥,៤១៤​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៧៣,៨០៣​នាក់​។ សម្រាប់​ឆ្នាំនេះ មណ្ឌល​ប្រឡង​នៅ​ទូទាំងប្រទេស មាន​ចំនួន ២០២​មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧​មណ្ឌល ស្មើនឹង ៤៨០៩​បន្ទប់​។ 
 
​ខាងក្រោម​នេះ ជា​កំណា្យ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន​
 
​អ្នកចេះ​គឺជា​ប់​
 
(​បទ​កាកគតិ​)
 
​រដូវ​ប្រឡង​ ​        ដែល​សិស្ស​យើង​ប៉ង បានមក​ដល់​ហើយ​
​ទាំងប្រុស​ទាំងស្រី​ ​កុំ​នៅ​កន្ដើយ​           រៀនសូត្រ​មិន​ស្បើយ​
        ​ដើម្បី​អនាគត​។​
​រៀន​គ្រប់​វិជ្ជា​ ​        ដែល​បាន​សិក្សា​ ​ ឲ្យ​បាន​គត់មត់​
​អ្នកចេះ​គឺជា​ប់​ ​តាំងចិត្ត​មោះមុត​ ​ មិនត្រូវ​សម្រុត​
        ​ដើម្បី​គុណភាព​។​
​មិនត្រូវ​បើកចាក់​ ​ព្រោះនេះ​ជា​ធ្នាក់​ ​ គ្រោះ​អសមត្ថភាព​
​ចំណេះ​ជា​ទ្រព្យ​ ​ប្រើ​គ្រប់​ស្ថានភាព  ហើយ​ទុកជា​លាភ​
​        តកូនតចៅ​៕
អត្ថបទទាក់ទង

Tag:
 បាក់​ឌុប​
  ហង់ ជួនណា​រ៉ុ​ន​
  អ្នកចេះ​គឺជា​ប់​
© រក្សាសិទ្ធិដោយ thmeythmey.com