ភ្នំពេញ៖ ដំណើរការរៀនតាមអនឡាញនឹងអូសបន្លាយនៅរយៈពេលយូរទៀត ខណៈដែលក្រសួងអប់រំចង់បើកសាលាឡើងវិញឲ្យបានមុនខែវិច្ឆិកាដែលជាថ្ងៃបើកបវេសនការឆ្នាំសិក្សាថ្មី ដើម្បីទប់ស្កាត់កុំឲ្យមានរលកទី២នៃជំងឺកូវីដ-១៩ កើតឡើងម្តងទៀត។ ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជាវិវឌ្ឍន៍ឆ្ពោះទៅរកបច្ចេកវិទ្យាទំនើប និងជំរុញឲ្យបណ្តាគ្រូបង្រៀនទាំងអស់ចេះជំនាញបច្ចេកវិទ្យា។
ដើម្បីធានាសុវត្ថិភាពដល់សិស្ស និងគ្រូ និងដើម្បីឲ្យសិស្សអាចបន្តការសិក្សា ប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្រសួងអប់រំបានរៀបចំកម្មវិធីសិក្សាពីចម្ងាយតាមរយៈទូរសព្ទដៃ កុំព្យូទ័រ វិទ្យុ និងទូរទស្សន៍។ ជាពិសេសក្រសួងអប់រំ បានណែនាំឲ្យគ្រឹះស្ថានសិក្សានានាពង្រឹងការបង្រៀនតាមកម្មវិធីZoom, Google Classroom, Ding Talk និងGoogle Meet។
ការបង្រៀនតាមអនឡាញបានដំណើរការយូរឆ្នាំមកហើយនៅកម្ពុជា។ សម្រាប់លោក ធូ ភន ដែលជាគ្រូឯកទេសផ្នែកជីវវិទ្យានៅសាលាជ័យថាវី និងគ្រូបង្រៀនអនឡាញនៅE-School Cambodia ការបង្រៀនតាមអនឡាញនេះមិនមែនជាបទពិសោធន៍ថ្មីដែលលោកគ្រូទើបតែជួបប្រទះទេ គឺលោកគ្រូមានបទពិសោធន៍បង្រៀនសិស្សថ្នាក់ទី១២ តាមកម្មវិធី E-School Cambodia ប្រមាណ៤ឆ្នាំមកហើយ។
បច្ចុប្បន្ន លោកគ្រូបង្រៀនថតជាវីដេអូ និងយកទៅចាក់ផ្សាយនៅតាមកម្មវិធីE-Schol Cambodia និងបន្តចាក់ផ្សាយនៅក្នុងផេកហ្វេសប៊ុករបស់ក្រសួងអប់រំ។ ឆ្លងកាត់បទពិសោធន៍ការបង្រៀនតាមអនឡាញអស់រយៈពេលជាយូរ លោកគ្រូបានយល់ដឹងពីជំនាញបច្ចេកវិទ្យាបន្ថែមទៀតតាមរយៈបង្រៀនតាមអនឡាញ ដើម្បីសម្រួលដល់ការផ្ទេរចំណេះដឹងពីចម្ងាយ និងយល់ដឹងពីរបៀបផ្ញើមេរៀនទៅសិស្ស។
រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ក្រៅពីបង្រៀនសិស្សតាមកម្មវីធី E-School Cambodia លោកគ្រូក៏បង្រៀននិស្សិតឆ្នាំទី៤តាមកម្មវិធី Ding Talkផងដែរ។ សាស្ត្រាចារ្យផ្នែកជីវវិទ្យារូបនេះបាននិយាយដូច្នេះថា៖«ការបង្រៀនតាមអនឡាញនេះ ធ្វើឲ្យខ្ញុំចេះបច្ចេកវិទ្យាព័ត៌មានវិទ្យាជាងមុនច្រើន យើងចេះបច្ចេកវិទ្យាវីដេអូ Conference។ យើងមិនបាច់ប្រើកាមេរ៉ាច្រើនជាងមុន យើងត្រូវការតែកាមេរ៉ាទូរសព្ទ និងសម្ភារមួយចំនួន ហើយយើងឡាយផ្ទាល់ហ្មង។ យើងងាយស្រួលផ្តល់ឯកសារ មេរៀន និងលំហាត់ផ្សេងៗសម្រាប់ផ្ញើឲ្យគាត់។ ខ្ញុំគ្រាន់តែវាយមេរៀនតាមកុំព្យូទ័រ ហើយផ្ញើទៅឲ្យពួកគាត់តែម្តង»។
ចំណែកលោកគ្រូ លឹម កញ្ចរ៉ុង គ្រូបង្រៀនភាសាចិននៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ការបង្រៀនតាមកម្មវិធីZoom ជាបទពិសោធន៍ថ្មីសម្រាប់លោកគ្រូផ្ទាល់។ លោកគ្រូ កញ្ចរ៉ុង បានលើកឡើងថា អំឡុងពេលនេះការបង្រៀនតាមអនឡាញពិតជាជម្រើសដ៏ល្អដែលអាចឲ្យសិស្សបន្តការសិក្សា និងជាពេលដែលគ្រូបង្រៀនអាចមានជំនាញបច្ចេកវិទ្យា សម្រាប់ជាចលករអភិវឌ្ឍវិស័យអប់រំឲ្យកាន់តែមានគុណភាព។
សកម្មភាពបង្រៀនរបស់លោកគ្រូ ធូ ភន គ្រូឯកទេសផ្នែកជីវវិទ្យា ដែលក្រុមការងារកំពុងតែថតជាវីដេអូ ដើម្បីចាក់ផ្សាយនៅតាមកម្មវិធីE-School Learning តាមផេកហ្វេសប៊ុក និងយូធូប របស់ក្រសួងអប់រំ យុវជន និងកីឡា
លោកគ្រូ កញ្ចរ៉ុង ដែលធ្លាប់តែបង្រៀនតាមការឡាយវីដេអូតាមហ្វេសប៊ុក បានវិវឌ្ឍន៍មកបង្រៀនតាមកម្មវិធីZoomបាននិយាយដូច្នេះថា៖«កាលពីមុនខ្ញុំអត់យល់អីគេ ប្រើកម្មវិធីZoom Meeting គឺគ្រូអត់សូវចេះទេ ដោយគ្រូចេះតែឡាយវីដេអូហ្វេសប៊ុក អត់ដឹងថាប្រើប្រាស់ប្រព័ន្ធអនឡាញ គឺវាល្អយ៉ាងហ្នឹងទេ រហូតយើងស្រាវជ្រាវ ហើយយើងបង្កើតមេរៀនផ្សេងៗចូលតាមGoogle Classroom រៀបចំឯកសារ និងកម្រងសំណួរ។ យើងអាចតាមដានលម្អិតជាងនៅក្នុងសាលាទៀត។ ពេលខ្លះកូនសិស្សត្រូវផ្ញើកិច្ចការ យើងកំណត់ម៉ោងឲ្យគាត់ថាត្រូវDateline នៅពេលណា។ យើងកែពិន្ទុតាមកុំព្យូទ័រ វាសុក្រឹត ជាងអាយើងកែដៃទៀត។ អ៊ីចឹងវាចំណេញពេលវេលាដល់យើងផង និងកូនសិស្សផង។
លោកគ្រូ កញ្ចរ៉ុង យល់ថា ការបង្រៀនតាមអនឡាញមិនត្រឹមតែធ្វើឲ្យលោកគ្រូចេះជំនាញបច្ចេកវិទ្យាទេ សូម្បីសិស្សានុសិស្សក៏ចេះជំនាញបច្ចេកវិទ្យាដែរ។ លើសពីនេះសិស្សានុសិស្សអាចមានពេលស្រាវជ្រាវ និងសិក្សាបន្ថែមទាក់ទងនឹងប្រព័ន្ធឌីជីថល។ លោក ប្រាប់ដូច្នេះថា៖«ពេលគាត់សិក្សាតាមអនឡាញ មិនត្រឹមតែចេះពីជំនាញ ភាសាទេ គាត់អាចចេះនឹងការប្រើប្រាស់បច្ចេកវិទ្យា ការប្រើអ៊ីមែល ការប្រើប្រព័ន្ធផ្សេងៗ។ អ៊ីចឹងពួកគាត់អាចបង្រៀន និងដឹកនាំគេ។ ដើម្បីឲ្យពួកគាត់ដើរទាន់គេ គឺពួកគាត់ត្រូវបង្គំខ្លួនគាត់ឲ្យយល់ពីប្រព័ន្ធទាំងអស់ហ្នឹង»។
បើតាមលោកគ្រូ កញ្ចរ៉ុង ការបង្រៀនតាមអនឡាញក៏ជាវិធីដ៏ល្អមួយសម្រាប់ជួយឲ្យបណ្តាសិស្សនៅតាមបណ្តាខេត្ត អាចចុះឈ្មោះចូលរៀនជាមួយលោកគ្រូបានផងដែរ។ លោកគ្រូ កញ្ចុរ៉ុង ដែលក្នុងមួយថ្ងៃត្រូវចំណាយពេល៣ម៉ោងបង្រៀនភាសាចិនតាមZoom បានរៀបរាប់ដូច្នេះថា៖«កូនសិស្សដែលនៅតាមខេត្តគឺសុទ្ធតែចង់រៀនដែរ ធ្វើយ៉ាងម៉េចយើងមានតែសាខានៅភ្នំពេញ យើងអត់មានដល់ខេត្ត។ ដូច្នេះបើយើងបង្រៀនតាមប្រព័ន្ធអនឡាញ ពួកគេនឹងអាចសិក្សាបាន និងចំណេញពេលវេលា គឺគាត់ទទួលបានផលដូចនឹងមករៀននៅថ្នាក់ដែរ»។
ទាំងលោកគ្រូ ធូ ភន និងលោកគ្រូ កញ្ចរ៉ុង គឺសុទ្ធតែចង់ឃើញវិស័យអប់រំនៅកម្ពុជាបន្តបោះជំហានទៅរកបច្ចេកវិទ្យានៅថ្ងៃខាងមុខទៀត និងគាំទ្រឲ្យបណ្តាសាលានីមួយៗពង្រឹងសមត្ថភាពគ្រូ និងបន្តសកម្មភាពបង្រៀនតាមអនឡាញដើម្បីឲ្យសិស្សានុសិស្សសិក្សាបន្ថែមទៀតផងដែរ បើកាលណារាជរដ្ឋាភិបាលប្រកាសឲ្យសាលាដំណើរការ ហើយប្រទេសជាតិមានសុវត្ថិភាពវិញក៏ដោយ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ការរៀន និងការបង្រៀនតាមអនឡាញជាចក្ខុវិស័យការអប់រំតាមបែបឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣។ លោក រស់ សុវាចាប្រាប់ដូច្នេះថា៖«អ៊ីចឹងអ្វីដែលកំពុងធ្វើនេះ គឺឆ្លើយតបនឹងចក្ខុវិស័យការអប់រំឌីជីថល។ អ៊ីចឹងគាត់អាចមានឱកាសពង្រឹងសមត្ថភាពក្នុងការទាញយកប្រយោជន៍វិជ្ជមានពីបច្ចេកវិទ្យា នៅក្នុងការរៀន និងបង្រៀន»។
ដើម្បីឲ្យវិស័យអប់រំឈានដល់បច្ចេកវិទ្យា លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់នៅក្នុងបាកថាសាធារណៈស្តីពីអក្ខរកម្មឌីជីថលក្នុងបរិបទឧស្សាហកម្ម៤.០នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩កន្លងថា ក្រសួងអប់រំនឹងកែកំណែសាលារៀន ជ្រើសរើសអនុវិទ្យាល័យចំនួន១០០ និងវិទ្យាល័យចំនួន៥០ ដើម្បីធ្វើជាគំរូសាលាក្នុងការអនុវត្តនយោបាយថ្មីនៃយុគសម័យឌីជីថល និងពង្រឹងសមត្ថភាពគ្រូបន្ថែម និងចំណេះដឹងលើផ្នែកឌីជីថល៕