COVID-19
ជាតិ
ជនអនាថា អាចស្នើសុំធ្វើបណ្ណសមធម៌បាន លុះត្រាតែត្រឡប់ទៅមូលដ្ឋានវិញ លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ
× ភ្នំពេញ៖ ជនអនាថាដូចជា អ្នករើសអេតចាយ និងអ្នកសុំទាន អាចស្នើសុំធ្វើបណ្ណសមធម៌បានលុះត្រាតែត្រឡប់ទៅស្រុកកំណើតវិញ។ នេះបើតាមការបញ្ជាក់របស់ លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីនីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៥ មិថុនា។
លោក បញ្ញាធន ពន្យល់ថា ការណ៍ដែលតម្រូវឲ្យពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញ ក៏ព្រោះតែការស្នើសុំធ្វើបណ្ណនេះ គឺធ្វើឡើងផ្អែកតាមបណ្ណ ឬសៀវភៅគ្រួសារនៅតាមមូលដ្ឋានដែលពួកគេរស់នៅ។ លោក ថេង បញ្ញាធន ថាមានតែអាជ្ញាធរមូលដ្ឋានទេ ដែលដឹងថា នរណាជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ លោក បញ្ញាធន ថ្លែងថា៖«ពេលយើងកំណត់នៅភូមិឃុំ(ធ្វើបណ្ណសមធម៌) គឺគ្របដណ្ដប់អស់ហើយ អត់មានអ្នកនៅក្រៅទេ។ អីចឹងបើសិនមានអ្នកមករើសអេតចាយ សុំទានតាមទីប្រជុំជន មានបណ្ណគ្រួសារអ្នកនៅភ្នំពេញ ឬទីប្រជុំជនគឺយើងកំណត់គាត់។ ប៉ុន្តែបើគាត់មានបណ្ណគ្រួសារនៅកំពត យើងអត់អាចកំណត់បានទេ លុះត្រាពួកគាត់ត្រឡប់ទៅកន្លែងដើមវិញ»។
បើតាមតួលេខពលរដ្ឋក្រីក្រ ដែលក្រសួងផែនការចុះស្រង់ទិន្ន័យជុំទី១ ពលរដ្ឋក្រីក្រ មានប្រមាណ៦០ម៉ឺនគ្រួសារ ឬស្មើនឹង២,៣លាននាក់។ ក្រសួងផែនការ នឹងបន្តចុះស្រង់ទិន្នន័យពលរដ្ឋក្រីក្រ ក្នុងជុំទី២ នៅចុងខែមិថុនា ហើយការងារចុះស្រង់ទិន្នន័យ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជាផ្លូវការ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋភាពក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដល់ពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារបណ្ណសមធម៌ខាងលើនេះ កាលពីថ្ងៃទី២៤ ខែមិថុនា។ នៅក្នុងពិធីដដែលនេះ សម្តេច ហ៊ុន សែន ក៏បានប្រា់ឲ្យអាជ្ញាធរខេត្ត និងក្រសួងផែនការ តាមដានស្ថានភាពជីវភាពរបស់ប្រជាជនឲ្យដិតដល់ ដើម្បីធ្វើរបាយការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់រៀបចំផ្ដល់ថវិកាឲ្យបានគ្រប់ចំនួន៕
Tag:
បណ្ណសមធម៌
ពលរដ្ឋក្រីក្រ
កូវីដ-១៩
Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com