ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងចុះហត្ថលេខាលើ«សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ ២០២៣-២០២៧»។ នេះបើតាមខ្លឹមសារលទ្ធផលនៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC)។
បើតាមខ្លឹមសារនៃកិច្ចប្រជុំរវាងភាគីទាំងពីរ លើកិច្ចសហប្រតិបត្តិការនយោបាយនោះ គឺបានបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែងហើយ។ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការ បានបញ្ជាក់ថា សេចក្តីព្រាងនេះ នឹងត្រូវចុះហត្ថលេខា នាឱកាសដែលសម្ដេច ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឡាវ នាដើមឆ្នាំ២០២៣ ខាងមុខនេះ។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់អាចបញ្ជាក់ពីខ្លឹមសារនៃសេចក្តីព្រាងនេះបានឡើយ។ «ក្រោយចុះហត្ថលេខា ទើបមានខ្លឹមសារជូន»។ នេះបើតាមចម្លើយយ៉ាងខ្លីរបស់លោក សុន្ទរី ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញតេឡេក្រាម។
កម្ពុជា និងឡាវ បានដំឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ ២០១៩។ តាមរយៈការប្រកាសធ្វើជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ភាគីទាំងពីរ បានប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ឡាវគឺជាប្រទេសទី២ហើយ បន្ទាប់ពីចិន ដែលធ្វើជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ គួររម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០១០ កម្ពុជា និងចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី។ ការសម្រេចនេះ ធ្វើឡើងអំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (Wen Jiabao) ។
ជាការពិតដែលមិនអាចប្រកែកបាននោះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសុទ្ធតែផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាង។ ជារួមភាគីទាំងពីរ នឹងជួយគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើន ស្ទើរតែទាំងអស់ទាំងសេដ្ឋកិច្ច, នយោបាយ, សន្តិសុខ,ការទូត,ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, វប្បធម៌និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ ទំនាក់ទំនងបង្កើតឡើងនេះ សំដៅសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ ក៏ដូចជាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ និងការជួយគ្នាទៅវិញទៅមកលើឆាកអន្តរជាតិផ្សេង។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ កាលពីថ្ងៃទី៧ កក្កដា ២០២២ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ដែលគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ដូចជា-ជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងការរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុង និងក្រៅសហគមន៍អាស៊ាន៕