ជាតិ
អាជ្ញាធរ ឱ្យទេសចរប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ ក្រោយក្មេងប្រុសអាយុ១១ឆ្នាំម្នាក់លង់ទឹកស្លាប់នៅព្រះសីហនុ 25, Aug 2022 , 3:22 pm
![លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ រូបភាព៖ ស្នងការនគរបាលខេត្តព្រះសីហនុ។](https://image.thmeythmey.com/pictures/2022/08/25/thumb2/nuk__1_.jpg)
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ រូបភាព៖ ស្នងការនគរបាលខេត្តព្រះសីហនុ។
×![]()
ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានលង់ទឹកស្លាប់នៅចំណុចចុងឆ្នេរអូឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី ២៤សីហា ឆ្នាំ២០២២។ ការលង់ទឹកនេះ បណ្ដាលមកពីរលកធំៗ ដែលធ្វើឱ្យក្មេងប្រុសនោះគៀបជាប់នឹងពោងទឹក។
គ្រួសារជាអ្នកខេត្តព្រះសីហនុមួយ ដែលមានកូន៣នាក់បាន នាំគ្នាទៅលេងនៅឆ្នេរអូឈើទាល ហើយកូនប្រុស៣នាក់បានចុះលេងទឹក។ អំឡុងពេលលេងទឹក ក្មេងប្រុស មានអាយុ១១ឆ្នាំបានលង់ទឹក។ ភ្លាមៗអាជ្ញាធរខេត្តព្រះសីហនុបានស្វែងរកក្មេងប្រុសនោះ និងចំណាយពេលប្រហែល ៤០នាទី ទើបបានឃើញ សាកសពក្មេងប្រុសដែលបានលង់ទឹកនេះ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថាមកពីអាណាព្យាបាលធ្វេសប្រហែសមួយភ្លែត ហើយក្មេងតែងសប្បាយពេលឃើញទឹក។ ជាមួយគ្នានេះលោក ជួន ណារិន្ទ ឱ្យអាណាព្យាបាលយកចិត្តទុកដាក់ខ្ពស់ការពារកូនៗ ពេលដើរកម្សាន្តនៅតំបន់សមុទ្រក្នុងរដូវវស្សា។
![](https://image.thmeythmey.com/pictures/2022/08/25/nuk__2_.jpg)
រូបភាពពីទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ
លោក ជួន ណារិន្ទ ប្រាប់ ThmeyThmey25 ដូច្នេះ៖ «ក្រសួងធនធានទឹក បានប្រកាស ថាមានភ្លៀង និងខ្យល់ពីតិចទៅច្រើន។ ដូច្នេះយើងបានដើរល្បាត ហើយដើរផ្សព្វផ្សាយមិនឱ្យចុះទឹកជ្រៅ ពេលខ្លះមានខ្យល់ខ្លាំងយើងដេញគាត់ឡើងគោក។ អាណាព្យាបាល គ្រួសារគាត់ប្រហែសមួយភ្លែត ព្រោះសមត្ថកិច្ចមិនបានគ្រប់បរិមាណនៅក្បែរពួកគាត់ ដូច្នេះយើងដើរចល័ត។ សំខាន់ត្រូវចូលរួមពីអាណាព្យាបាល»។
ករណីមានមនុស្សលង់ទឹកស្លាប់ នេះជាករណីទីមួយក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២២នេះ។ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើប៉ម នៅតាមឆ្នេរមួយចំនួន ដើម្បីតាមដានសកម្មភាពលេងទឹករបស់ភ្ញៀវទេសចរ។ ជាមួយគ្នានេះអាជ្ញាធរក៏បានដាក់ក្រុមការងារល្បាតនៅតាមឆ្នេរផងដែរ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ សីហា បានចេញសេចក្ដីជូនដំណឹងថា រាជធានី-ខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តតាកែវ នឹងមានភ្លៀងបង្គួរ ខ្យល់កន្រ្តាក់ និងរន្ទះ។ តំបន់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ៕
![](https://image.thmeythmey.com/pictures/2022/08/25/nuk__3_.jpg)
រូបភាពពីទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ។ ក្មេងប្រុសអាយុ១១ឆ្នាំបានលង់ទឹកស្លាប់នៅចំណុចចុងឆ្នេរអូរឈើទាល ។
Tag:
ThmeyThmey25
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com