COVID-19
ជាតិ
រដ្ឋបាលភ្នំពេញសម្រេចឡើងវិញ៖ ពលរដ្ឋក្នុងតំបន់ក្រហម មិនតម្រូវឲ្យទៅធ្វើតេស្តគ្រប់គ្នាឡើយ
25, Apr 2021 , 4:59 pm        
រូបភាព
ទិដ្ឋភាពមួយកន្លែង ក្នុងតំបន់ក្រហម (រូបដោយ កញ្ញា អ៊ូ សុខមាន)
ទិដ្ឋភាពមួយកន្លែង ក្នុងតំបន់ក្រហម (រូបដោយ កញ្ញា អ៊ូ សុខមាន)
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងទៅពលរដ្ឋ ដែលគ្មានការពាក់ព័ន្ធជាមួយអ្នកផ្ទុកកូវីដ-១៩ ក្នុងតំបន់ក្រហម ឲ្យបន្តស្នាក់នៅក្នុងផ្ទះ ដោយមិនចាំបាច់ទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ឡើយ។ ចំណែក ពលរដ្ឋទាំងឡាយណា ក្នុងតំបន់ក្រហម ដែលជាប់ពាក់នឹងជំងឺកូវិដ-១៩ ឬមានរោគសញ្ញាសង្ស័យកូវីដ-១៩ ត្រូវរដ្ឋាភិបាលរាជធានីភ្នំពេញ តម្រូវឲ្យទៅផ្តល់សំណាកធ្វើតេស្តដដែល។ 


នៅរសៀលថ្ងៃទី២៤មេសា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំថ្មី ដោយប្តូរគោលការណ៍ខ្លះៗ សម្រាប់ពលរដ្ឋក្នុងតំបន់ក្រហម ពិសេសទាក់ទងនឹងការផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។ 
 
ក្នុងសេចក្តីជូនដំណឹងជាថ្មីនេះ លោក បានកំណត់គោលការណ៍ប្រមូលសំណាក លើពលរដ្ឋ ដែលធ្លាប់ប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកកូវីដ-១៩ ពលរដ្ឋ កំពុងស្នាក់នៅតំបន់ប្រមូលផ្ដុំករណីកូវីដ-១៩ និងពលរដ្ឋ មានអាការក្ដៅខ្លួន ក្អកឬកណ្ដាស់ ពិបាកដង្ហើម រួមទាំងជាប់រោគសញ្ញាសង្ស័យថាខ្លួនឆ្លងកូវីដ-១៩។
 
លោក បញ្ជាក់ថា៖«ចំពោះគ្រួសារប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាពនៃតំបន់ក្រហម ដែលជាទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋានឬទីសំណាក់របស់ខ្លួនដោយមិនចាំបាច់ចេញទៅយកសំណាកឡើយ»។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា លោកអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយ  ដោយតម្រូវឲ្យពលរដ្ឋទាំងអស់ក្នុងតំបន់ក្រហម ទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com