ជាតិ
លោក វ៉ាត់ ចំរើន៖ ទោះវៀតណាម លើកពេលរៀបស៊ីហ្គេម ក៏មិនប៉ះពាល់កម្ពុជា ដែលធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ដែរ
12, Jun 2021 , 5:39 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជានៅតែរក្សាជំហរធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយគ្មានការប្រែប្រួលឡើយ បើទោះជាវៀតណាម គ្រោងលើកពេលរៀបចំស៊ីហ្គេម ដោយសារបញ្ហាកូវីដ-១៩ក្តី។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ទោះវៀតណាម លើកពេលរៀបចំស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ក្តី ក៏វាមិនប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែរ។ ថ្លែងក្នុងកិច្ចប្រជុំអនឡាញជាមួយបណ្តាប្រទេស ដែលជាសមាជិកនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៩ ខែមិថុនា លោក វ៉ាត់ ចំរើន បានអះអាងថា កម្ពុជាមិនបោះបង់គម្រោងផែនការ ដែលកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនោះឡើយ។
 
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមដូច្នេះថា៖«ប្រទេសជាសមាជិកស៊ីហ្គេមទាំងអស់ គេគាំទ្រលើកទឹកចិត្តកម្ពុជាឱ្យរក្សាលំនឹង និងភាពនឹងន។ ហើយពួកគេផ្ដល់កម្លាំងចិត្តថា គេរង់ចាំជួយកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ដដែល ដោយគ្មានប្រែប្រួលទេ ព្រោះវាជាការសម្រេចរួចហើយ របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមើលឃើញវឌ្ឍនភាពល្អរបស់កម្ពុជា។ អ៊ីចឹងហើយ កម្ពុជាអត់មានផលប៉ះពាល់(ដោយសារការសុំពន្យារពេលរបស់វៀតណាម)ទេ»។ 


លោក វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (រូបពីហ្វេសប៊ុកCAMSOC)
 
បើតាមលោក វ៉ាត់ ចំរើន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយកំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការស៊ីហ្គេម។
 
វៀតណាម បានស្នើសុំពន្យារពេលរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទៅពាក់កណ្ដាលឆ្នាំ២០២២វិញ។ ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាមនេះ ក្រោមហេតុផលថា ស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស ក៏ដូចជាជុំវិញពិភពលោក៕
 
 

Tag:
 កីឡាជាតិ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com