អន្តរជាតិ
លោកវ៉ាង យី៖ ចិនមិនចង់ចាញ់ឈ្នះអាមេរិកអ្វីឡើយ
27, Jul 2021 , 2:33 pm        
រូបភាព
លោកស្រី វិនឌី ស៊ើមែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិក (ខាងឆ្វេង) ជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី  នៅទីក្រុងធានជីន នៅថ្ងៃទី២៦ ខែកក្កដា។ រូបភាព៖ Xinhua
លោកស្រី វិនឌី ស៊ើមែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិក (ខាងឆ្វេង) ជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី នៅទីក្រុងធានជីន នៅថ្ងៃទី២៦ ខែកក្កដា។ រូបភាព៖ Xinhua
ប្រមុខការទូតចិន វ៉ាង យី នៅថ្ងៃទី២៦ ខែកក្កដា ប្រាប់មន្ត្រីការទូតជាន់ខ្ពស់អាមេរិកថា ចិន ដែលជាប្រទេសឈានមុខនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ និងអាមេរិក ជាប្រទេសឈានមុខប្រទេសអភិវឌ្ឍ មិនអាចជំនួសតំណែង ឬផ្ចាញ់គ្នាបានឡើយ។ ប្រទេសទាំងពីរ គួរតែរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពតាមរយៈកិច្ចចរចា។ ការលើកឡើងរបស់លោក វ៉ាង ត្រូវបានមន្រ្តីការទូតអាមេរិក សាទរយ៉ាងខ្លាំង។

 
បន្ទាប់ពីជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសចិន សៀ ហ្វឹង នៅទីក្រុងធានជីនក្បែររដ្ឋធានីប៉េកាំង លោកស្រី វិនឌី ស៊ើមែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានបន្តជួបជាមួយប្រមុខការទូតចិន វ៉ាង យី ថែមទៀត។ ក្នុងជំនួបនោះ មន្រ្តីជាន់ខ្ពស់ចិន និងអាមេរិក បានលើកឡើងពីបញ្ហាជាច្រើន ដូចជា បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង លទ្ធិប្រជាធិបតេយ្យនៅហុងកុង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាដើម។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានប្រាប់លោកស្រី ស៊ើមែន ថា ការអភិវឌ្ឍចិន ធ្វើឡើងក្នុងគោលបំណងស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិនប៉ុណ្ណោះ ហើយចិនក៏មិនមានបំណងប្រជែង ឬជំនួសតំណែងអាមេរិកដែរ។ ពោលគឺរដ្ឋាភិបាលក្រុងប៉េកាំង មិនចង់ចាញ់ ឬឈ្នះជាមួយគ្នាអាមេរិកឡើយ។ 
 
«ចិន ជាប្រទេសនាំមុខនៃប្រទេសកំពុងអភិវឌ្ឍ ខណៈអាមេរិកជាប្រទេសនាំមុខនៃប្រទេសអភិវឌ្ឍ។ ភាគីទាំងពីមិនអាចជំនួសតំណែង ឬផ្ចាញ់ភាគីម្ខាងទៀតបានឡើយ»។ ប្រមុខការទូតចិន បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ប្រទេសទាំងពីរ គួរតែស្វែងរកការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពតាមរយៈការសន្ទនា។ ក្នុងន័យនេះ លោក វ៉ាង យល់ថា វាគួរតែជារឿងល្អ ប្រសិនបើភាគីទាំងពីរផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ 
 
ទន្ទឹមនេះ ភាគីចិន បានដាក់សំណើចំនួន៣ចំណុច ដើម្បីការពារទំនាក់ទំនងប្រទេសទាំងពីរ កុំឱ្យធ្លាក់ទៅក្នុងកម្រិតមួយដែលមិនអាចកែលម្អឡើងវិញបាន។ ចំណុចទាំង ៣នោះ មានដូចជា អាមេរិក មិនត្រូវបំផ្លាញប្រព័ន្ធសង្គមនិយមរបស់ចិន, បង្អាក់ដំណើរអភិវឌ្ឍ និងបំផ្លាញអធិបតេយ្យរបស់ចិនឡើយ។ 
 
ជាការឆ្លើយតប អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានហៅទំនាក់ទំនងចិន-អាមេរិក ជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក។ បើតាមលោកស្រី ស៊ើមែន  អាមេរិក មានឆន្ទៈក្នុងការបើកចំហរ និងកិច្ចពិភាក្សាជាមួយចិន។ មិនតែប៉ុណ្ណោះ មន្រ្តីការទុតជាន់ខ្ពស់អាមេរិករូបនេះ ក៏សង្ឃឹមផងដែរថា ប្រទេសមហាអំណាចទាំងពីរ អាចរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព។ 
 
ក្នុងជំនួបដដែលនោះ លោកស្រី ស៊ើមែន និយាយជាចំហទៀតថា អាមេរិកគ្មានចេតនារឹតត្បិតការអភិវឌ្ឍរបស់ចិនឡើយ ហើយរឹតតែមិនចង់រាំងខ្ទប់ចិនថែមទៀត។ ភាគីទាំងពីរ គួរតែប្រកួតប្រជែងគ្នា ប្រកបដោយុត្តិធម៌, សហការលើការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងគ្រប់គ្រងវិបត្តិនានាជាដើម។ 
 
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិក មកចិន ធ្វើឡើងស្របពេលប្រទេសមហាអំណាចទាំងពីរ កំពុងមានជម្លោះជាមួយគ្នាលើបញ្ហាជាច្រើន។ មិនតែប៉ុណ្ណោះ ជំនួបនេះ អាចជាជំហានដំបូងរបស់មន្រ្តីអាមេរិក ដើម្បីរៀបចំជំនួបរវាងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅខែតុលាខាងមុខផងដែរ៕ 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com