ជាតិ
សេដ្ឋកិច្ច
កម្ពុជា សុំជំនួយពីឥណ្ឌូណេស៊ី ដើម្បីនាំជនល្មើស និងប្រេងឆៅជិត៣០ម៉ឺនបារ៉ែល មកវិញ
03, Sep 2021 , 9:59 pm        
រូបភាព
រូបតំណាង៖ ទីតាំងបូកប្រេងឆៅរបស់កម្ពុជាក្នងតំបន់អប្សរា(ប្លុកA) ដោយក្រុមហ៊ុន Kris Energy ។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
រូបតំណាង៖ ទីតាំងបូកប្រេងឆៅរបស់កម្ពុជាក្នងតំបន់អប្សរា(ប្លុកA) ដោយក្រុមហ៊ុន Kris Energy ។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ កម្ពុជា បានស្នើសុំជំនួយជាផ្លូវការ ពីរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ក្នុងការនាំខ្លួនជនល្មើស និងបក្ខពួក រួមទាំងប្រេងឆៅរបស់កម្ពុជាជិត៣០ម៉ឺនបារ៉ែល មកវិញ។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល។ 

បន្ទាប់ពីកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌណេស៊ីរឹបអូស បាន MT Strovolos ដែលលួចដឹកប្រេងឆៅរបស់កម្ពុជាចំនួន២៩ម៉ឺនបារ៉ែល កាលពីថ្ងៃទី២៧កក្កដា ឆ្នាំ២០២១ កម្ពុជាបានស្នើសុំជំនួយពីរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ក្នុងការនាំខ្លួនជនល្មើស និងបក្ខពួក មកផ្តន្ទាទោស រួមទាំងយកប្រេងឆៅទាំងនោះ ត្រលប់មកកម្ពុជាវិញ។
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពល នាថ្ងៃទី៣កញ្ញា បានបញ្ជាក់ ដូច្នេះ៖ «ការនាំខ្លួនជនល្មើស និងប្រេងឆៅរបស់កម្ពុជាមកវិញនេះ គឺធ្វើឡើងស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ»។ 
 
ក្រសួងរ៉ែ និងថាមពល បានសង្កត់ធ្ងន់ថា  វិវាទហិរញ្ញវត្ថុ(ថ្លៃជួលនាវា) រវាងម្ចាស់ឬអ្នកគ្រប់គ្រង់នាវា MT Strovolos និងក្រុមហ៊ុន គ្រីសអេនើជី(KrisEnergy)ដែលជាអ្នកជួលនាវានោះ គឺមិនពាក់ព័ន្ធជាមួយកម្ពុជាឡើយ ខណៈប្រេងឆៅជារបស់កម្ពុជា។  
 
ដោយសារក្រុមហ៊ុន KrisEnergy  ជំពាក់ថ្លៃជួលនាវា MT Strovolos នោះ ទើបក្រុមហ៊ុន World Tankers Management  បញ្ជាឱ្យនាវានេះ ចាកចេញពីដែនទឹកកម្ពុជា នាម៉ោង៨យប់ថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ ទៅកាន់ដែនទឹកប្រទេសថៃ ដោយនាំយកប្រេងឆៅរបស់កម្ពុជា ចំនួន២៩ម៉ឺនបារ៉ែលទៅផងដែរ។ 
 
ក្រសួងរ៉ែ និងថាមពលបានអះអាងដូច្នេះ៖«ការចាកចេញរបស់នាវា MT Strovolos ​គឺធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជា ដែលផ្ទុយនឹងច្បាប់កម្ពុជា»។
 
ចំពោះ​មូលហេតុដែលនាវាMT Strovolos អាចចាកចេញពីដែនទឹកកម្ពុជាបាននោះ ដោយសារប្រព័ន្ធកំណត់ទីតាំងស័្វយប្រវត្តិ(Automatic Identification System_AIS) របស់នាវានោះត្រូវបានបិទ ទើបអាជ្ញាធរខ្មែរមិនអាចកំណត់ទីតាំងបាន។ នេះជាការពន្យល់របស់ក្រសួងរ៉ែ និងថាមពល ដោយបន្តថា ប្រព័ន្ធស័្វយប្រវត្តិនេះ ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ នៅម៉ោង១០:៤០នាទីយប់ ថ្ងៃទី២០មិថុនា  ក្រោយបានចេញផុតពីដែនទឹកកម្ពុជា។ ប្រព័ន្ធ AIS នេះ ត្រូវបានបិទជាបន្តបន្ទាប់ ក្នុងពេលដែលនាវានេះធ្វើដំណើរទៅកាន់ដែនទឹកប្រទេសឥណ្ឌណេស៊ី។
 
សូមជម្រាបថា ក្រោយ​ពី​​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​ រឹបអូស​បាននាវា​MT Strovolos ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជា។ ក្រុមហ៊ុន World Tankers Management ដែលជាគ្រប់គ្រងនាវា MT Strovolos នោះ បានចេញមុខបដិសេធលើការចោទប្រកាន់នេះភ្លាមៗថា នាវានេះ មិនបានលួចប្រេងពីកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនWorld Tankers Management នៅថ្ងៃទី២៧ សីហា បានបញ្ជាក់ថា នាវា MT Stro​vo​los ដែលនៅលើដែនទឹករបស់ឥណ្ឌូណេស៊ី ធ្វើឡើងក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ៕
 

Tag:
 ប្រេងឆៅ
  នាវា MT Strovolos
© រក្សាសិទ្ធិដោយ thmeythmey.com