ភ្នំពេញ៖ ជាង២ឆ្នាំមកនេះ សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ ដែលមានទីតាំងក្នុងខេត្តកំពង់ធំ បាននាំចេញផលិតផលស្វាយចន្ទីពាក់កណ្តាលសម្រេច ទៅទីផ្សារប្រទេសជប៉ុន បានជិត២០តោន មកហើយ។ នេះជាការលើកឡើងរបស់អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បម្មកែច្នៃស្វាយចន្ទីជ័យសំបូរ ដោយបានបញ្ជាក់ថា តាមផែនការនៅចុងខែមករា ឬ ដើមកុម្ភៈ ឆ្នាំ២០២២ សិប្បកម្មនឹងនាំចេញគ្រាប់ចន្ទីចំនួន៩តោនទៀត ទៅប្រទេសជប៉ុន។
បន្ទាប់ពីចាប់ផ្តើមសិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ នាអំឡុងខែមីនា ឆ្នាំ២០២០មក អ្នកស្រី អ៊ិន ឡៃហួត បាននាំផលិតផលស្វាយចន្ទីពាក់កណ្តាលសម្រេច ចូលទីផ្សារប្រទេសជប៉ុន តាមរយៈក្រុមហ៊ុន Top Planning Japan បានចំនួន៤ដងមកហើយ ក្នុងបរិមាណសរុប ១៩តោន។ បើតាមអ្នកស្រី អ៊ិន ឡៃហួត ការនាំចេញគ្រាប់ស្វាយចន្ទីលើកទី៥ នឹងគ្រោងធ្វើឡើងនៅចុងខែមករា ឆ្នាំ២០២២។

«ចុងខែមករា ឬដើមកុម្ភៈ ឆ្នាំ២០២២ យើងនឹងនាំចេញស្វាយចន្ទីប្រមាណ៩តោនទៀត ទៅជប៉ុន»។ អ្នកស្រី អ៊ិន ឡៃហួត ដែលជាម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ បាននិយាយប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១៤មករា យ៉ាងដូច្នេះ ដោយបានបន្ថែមថា៖« សម្រាប់ផែនការប្រចាំឆ្នាំ២០២២ យើងគ្រោងទិញគ្រាប់ស្វាយចន្ទីស្រស់ពីកសិករក្នុងសហគមន៍ចំនួន៤ ក្នុងបរិមាណពី៥០០តោន ទៅ១០០០ពាន់ ដើម្បីកែច្នៃនិងវេចខ្ចប់នាំចេញ»។
បច្ចុប្បន្ន សិប្បកម្មកែច្នៃគ្រាប់ចន្ទីលក្ខណៈគ្រួសារនេះ ក៏កំពុងសិក្សាជាមួយក្រុមហ៊ុនបរទេសមួយចំនួនទៀត ដើម្បីនាំគ្រាប់ស្វាយចន្ទីកម្ពុជា ចូលទៅទីផ្សារប្រទេសសិង្ហបុរី និងអ៊ីរ៉ាក់ ផងដែរ។ នេះបើតាមលើកឡើងរបស់អ្នកស្រី អ៊ិន ឡៃហួត។
ការបង្កើនលទ្ធភាពក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ពីសំណាក់សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរនេះ គឺដើរស្របតាម គោលនយោបាយជាតិ ស្តីពី ស្វាយចន្ទីដើម្បីបង្កើនការដាំដុះ និងនាំចេញផលិតផលគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន ដែលក្រសួងពាណិជ្ជកម្មកំពុងរៀបចំឡើង។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម សេចក្តីព្រាងច្បាប់នៃគោលនយោបាយនេះ គឺបានឈានដល់ដំណាក់កាលចុងក្រោយហើយ។ លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖ «បច្ចុប្បន្នសេចក្តីព្រាងច្បាប់នៃគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទីនេះ បានដល់ដំណាក់កាលចុងក្រោយហើយ ដែលយើងត្រូវបញ្ជូលធាតុចូលសំខាន់មួយចំនួនពីក្រសួង-ស្ថាប័ននិងគ្រប់ពីតួអង្គពាក់ព័ន្ធ ជាពិសេសពីសំណាក់អ្នកដាំដុះ អ្នកកែច្នៃ អ្នកនាំចេញ ដើម្បីឱ្យគោលនយោបាយនេះដើរដោយរលូត មានប្រសិទ្ធភាព ប្រកបដោយនិរន្តរ៍ភាព»។

ជាមួយគ្នានេះ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពីអ្នកអនុវត្តដោយផ្ទាល់នោះ ក្នុងការរៀបចំគោលនយោបាយជាតិស្តីពីផលិតផលស្វាយចន្ទីនេះ គឺជាការល្អប្រសើរណាស់ ក្នុងការគាំទ្រឱ្យមានការនាំគ្រាប់ស្វាយកែច្នៃ។ លោក លោកបាននិយាយដូច្នេះ៖«អ្វីដែលយើងខំធ្វើនាពេលបច្ចុប្បន្ន គឺធ្វើយ៉ាងណាដើម្បីជំនួសនូវផលិតផលស្វាយចន្ទីនាំចូលផង ដើម្បីបម្រើឱ្យប្រើប្រាស់ក្នុងស្រុកផង និងដើម្បីនាំចេញផង»។
បើតាមប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មរូបនេះ យន្តការបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅក្នុងស្រុក គឺជាចំណុចសំខាន់បំផុត ដែលរដ្ឋាភិបាលកំពុងយកចិត្តដាក់ ក្នុងការរៀបចំគោលនយោបាយជាតិស្តីពីផលិតផលស្វាយចន្ទី។ លោក គង់ ភាជ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា៖ «វត្តមានរោងចក្រកែច្នៃ នឹងជំរុញការនាំចេញផលិតផលចន្ទីកែច្នៃដោយទទួលបានតម្លៃបន្ថែមខ្ពស់ ហើយថែមបង្កើតឱកាសការងារដល់ពលរដ្ឋក្នុងស្រុក ទៀតផង»។

របាយការណ៍របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញថា ក្នុងឆ្នាំ២០២១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី បានជិត៩៤ម៉ឺនតោន ដែលកើនរហូតដល់៣២៨,៣៤ភាគរយ ធៀបនឹងឆ្នាំ២០២០។ ការនាំចេញនេះ មានលើសពី៥០ភាគរយ គឺជានាំចេញគ្រាប់ស្រស់ ដោយមិនទាន់កែច្នៃ។ ក្នុងចំណោមស្វាយចន្ទីនេះ មានជិត៩៣ម៉ឺនតោនត្រូវបាននាំចេញទៅប្រទេសវៀតណាម, ចិនមានជិត៤ ៥៥៣តោន, ថៃមានជិត ៤ ៣០០តោន, ឥណ្ឌាជាង៩៨តោន, ជប៉ុនមានជាង៤៤តោន, កូរ៉េមានជាង២១តោន, អារ៉ាប់មានជាង១៤តោន, ណេដឺឡែនមាន ៨,២១តោន, បង់ក្លាដែស ៧តោន, ឡាវ ៤តោន, ស្វីស២តោន, តូហ្គោ១តោន, អារ៉ាប់រួម១តោន, ហ្វីលីពីន៣តោន និងប្រទេសបារាំង មាន២តោន៕