អន្តរជាតិ
លោក បៃឌិន ថា នឹងមិនសុំទោសចំពោះពាក្យសម្តីលើលោក ពូទីន ឡើយ
29, Mar 2022 , 11:00 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៨ ខែមីនា បានអះអាងថា លោកនឹងមិនសុំទោសចំពោះពាក្យសម្តីរបស់ខ្លួនលើសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឡើយ។

ក្នុងដំណើរទស្សនកិច្ចនៅប៉ូឡូញ ​ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានធ្លោយមាត់ថា លោកវ្ល៉ាឌីមៀ ពូទីន មិនគួរនៅបន្តកាន់អំណាចឡើយ ហើយថែមទាំងហៅ លោកពូទីនជាឃាតករថែមទៀត។ ជាការឆ្លើយតប វិមានក្រេមឡាំង បានលើកឡើងថា មានតែប្រជាជនរុស្ស៊ីប៉ុណ្ណោះ ដែលអាចសម្រេចលើមេដឹកនាំរបស់ខ្លួនបាន។ 
 
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនាសេតវិមាន នៅថ្ងៃទី២៨ ខែមីនា លោក បៃឌិន នៅតែការពារជំហររបស់ខ្លួនដដែលថា អាម៉េរិក គ្មានចេតណាផ្លាស់ប្តូររបបដឹកនាំរបស់មូស្គូឡើយ ប៉ុន្តែលោកក៏មិនសុំទោសដែរ។ 
 
«ខ្ញុំគ្រាន់តែបញ្ចេញកំហឹង ដែលខ្ញុំមានចំពោះគាត់ (លោក ពូទីន) ប៉ុណ្ណោះ»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាម៉េរិក មិនបានផ្លាស់ប្តូរគោលនយោបាយអ្វីឡើយ ហើយលោក ក៏មិនសុំទោសលោកពូទីន ចំពោះពាក្យសម្តី ដែលបាននិយាយនៅប៉ូឡូញដែរ។ 
 
នៅពេលអ្នកសារព័ត៌មានសួរលោកបៃឌិន ថាតើពាក្យសម្តីរបស់លោក អាចធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញឬយ៉ាងណា ប្រធានាធិបតីអាម៉េរិក បានបកស្រាយថា សកម្មភាពរបស់លោក មិនបានធ្វើឱ្យស្ថានភាពស្មុគស្មាញឡើយ ផ្ទុយទៅវិញ វាជាកំហុសរបស់លោកពូទីនទៅវិញទេ ដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ 
 
កន្លងមក ប្រមុខការទូតអាម៉េរិក ក៏ធ្លាប់បានចេញមកការពារពាក្យសម្តីរបស់លោកបៃឌិនដែរ ដោយលោកបានអះអាងថា អាម៉េរិក នឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះរុស្ស៊ីឡើយ ហើយមិនចង់ប្តូររបបដឹកនាំនៅរុស្ស៊ីទេ។
 
ក្នុងសន្និសីទសារព័ត៌មានដដែលនេះ អ្នកសារព័ត៌មាន ក៏បានសួរមេដឹកនាំអាម៉េរិករូបនេះ ជុំវិញជំនួបជាមួយមេដឹកនាំរុស្ស៊ីដែរ។ ជាចម្លើយ លោក បៃឌិន មិនបានច្រានចោលពីជំនួបជាមួយលោក ពូទីន ទេ ដោយលោកបានលើកឡើងថា​ វាអាស្រ័យលើអ្វីដែលលោក ពូទីន ចង់ពិភាក្សា។ 
 
មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន អាម៉េរិក និងរុស្ស៊ី បានគ្រោងរៀបចំជំនួបមេដឹកនាំប្រទេសទាំងពីរ ប៉ុន្តែត្រូវលុបចោលវិញ ក្រោយក្រុងមូស្គូ បើកប្រតិបត្តិការពិសេសលើក្រុងកៀវ។ 
 
ទោះមិនទាន់ជួបលោក បៃឌិន លោក  ពូទីន នឹងជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ម្ដងទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass ។ ជំនួបតាមទូរស័ព្ទនេះ នឹងស្វែងរកច្រកចេញនៃជម្លោះ រួមទាំងផ្តល់ជំនួយមនុស្សធម៌ និងជម្លៀសប្រជាជនចេញពីក្រុង Mariupol ដែលត្រូវបានយោធារុស្ស៊ីឡោមព័ទ្ធ។ កិច្ចសន្ទនានេះ ធ្វើឡើងស្របពេលតំណាងអ៊ុយក្រែន និងរុស្ស៊ី រៀបចំជំនួបចរចានៅតួកគី៕ 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com