អន្តរជាតិ
កូរ៉េខាងត្បូង៖ មីស៊ីលបាលីស្ទិកបាញ់នាសប្ដាហ៍ មិនមែនជាមីស៊ីល Hwasong-17 ឡើយ
30, Mar 2022 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
កូរ៉េខាងជើង មិនបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-17 ដែលជាមីស៊ីលដ៏ខ្លាំងឡើយ។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣០ ខែមីនា ដោយបន្ថែមថា មីស៊ីលអន្តរទ្វីប ដែលកូរ៉េខាងជើងបានបាញ់នៅថ្ងៃទី២៤ ខែមីនា ទំនងជាមីស៊ីលអន្តរទ្វីបប្រភេទ Hwasong-15 ដែលធ្លាប់បាញ់សាកល្បង កាលពីឆ្នាំ២០១៧។


 
កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមីនា បានប្រកាសថា ខ្លួនបានធ្វើបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Hwasong-17 ដោយជោគជ័យ។ មីស៊ីលប្រភេទថ្មី Hwasong-17 ដែលត្រូវបានអ្នកជំនាញវាយតម្លៃថា អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន ត្រូវបានដាក់បង្ហាញជាលើកដំបូង នៅក្នុងព្យុហយាត្រាយោធានៅឆ្នាំ ២០២០។ 
 
យ៉ាងណាមិញ យោធាកូរ៉េខាងត្បូងបានអះអាងថា មីស៊ីល ដែលក្រុងព្យុងយ៉ាងបាញ់សាកល្បងនៅថ្ងៃទី២៤ ខែមីនា គឺជាមីស៊ីលអន្តរទ្វីបប្រភេទ Hwasong-15 ទៅវិញ។ មីស៊ីល Hwasong-15 ជាប្រភេទមីស៊ីលបាលីស្ទីកអន្តរទ្វីប ដែលត្រូវបានកូរ៉េខាងជើង បាញ់សាកល្បងលើកដំបូង នៅក្នុងឆ្នាំ២០១៧ និងមានចម្ងាយហោះខ្លីជាងមីស៊ីល Hwasong-17។ 
 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែមីនា យោធាកូរ៉េខាងត្បូង បានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានរកឃើញថា ការសាកល្បងមីស៊ីលរបស់ក្រុងព្យុងយ៉ាងលើកចុងក្រោយ គឺជាមីស៊ីល Hwasong-15។ មីស៊ីល Hwasong-15 មានសមត្ថភាពបាញ់ដល់ដីអាម៉េរិកដូច Hwasong-17 ដែរ។ 
 
បើទោះមីស៊ីលនោះជា Hwasong-15 ក៏ដោយ ប៉ុន្តែកូរ៉េខាងជើង បានកែលម្អបច្ចេកវិទ្យាល្អប្រសើរជាងមុន។ មន្រ្តីកូរ៉េខាងត្បូង និងជប៉ុន បានយល់ថា មីស៊ីលបាញ់នៅថ្ងៃទី២៤ ខែមីនា ហោះបានកម្ពស់ខ្ពស់ និងឆ្ងាយជាងមីស៊ីល ដែលកូរ៉េខាងជើងធ្លាប់បាញ់សាកល្បងនៅក្នុងឆ្នាំ ២០១៧។ មីស៊ីល ដែលកូរ៉េខាងជើងចុងក្រោយ ហោះបានកម្ពស់ ៦២០០គីឡូម៉ែត្រ និងចម្ងាយ១០៨០គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រខាងកើត។ 
 
បើតាមអ្នកជំនាញ ការប្រកាសពីការបាញ់មីស៊ីលខុសបែបនេះ គឺជាចេតនារបស់កូរ៉េខាងជើង ដើម្បីការពារមុខមាត់របស់ខ្លួន បន្ទាប់បរាជ័យក្នុងការសាកល្បងនៅពាក់កណ្តាលខែមីនាកន្លងមក។ អ្នកជំនាញ បានសង្ស័យថា មីស៊ីលដែលបានផ្ទុះនៅលើក្រុងព្យុងយ៉ាងពេលនោះ ជាប្រភេទ Hwasong-17 តែម្ដង។ 
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Ha Tae-keung សមាជិកសភាកូរ៉េខាងត្បូង បានយល់ថា ការសាកល្បងមីស៊ីលមិនទទួលបានជោគជ័យ នៅថ្ងៃទី១៦ ខែមីនា អាចធ្វើឱ្យប៉ះពាល់ដល់សាធារណមតិលើការដឹកនាំរបស់លោកគីម។ សមាជិកសភារូបនេះ បានបន្តថា ក្រុងព្យុងយ៉ាង អាចពន្លើសព័ត៌មាន និងប្រភេទមីស៊ីលថ្មី ដោយសារបរាជ័យនោះ។ 
 
អ្នកជំនាញ បានវាយតម្លៃថា មីស៊ីល Hwasong-15 បានហោះបានចម្ងាយចម្ងាយ ១៣០០០គីឡូម៉ែត្រ បើផ្អែកតាមការសាកល្បងនៅក្នុងឆ្នាំ ២០១៧។ ចំណែកមីស៊ីល Hwasong-17 ត្រូវបានរំពឹងថា មានសមត្ថភាពអាចហោះបានឆ្ងាយពីនេះ។​
 
គួររម្លឹកថា បន្ទាប់ពីបាញ់សាកល្បងមីស៊ីល ដែលខ្លួនហៅមីស៊ីល Hwasong-17​ មេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាជំរុញអំណាចយោធាប្រទេសឱ្យបានខ្លាំងក្លា ហើយគ្មានអ្វីអាចបញ្ឈប់បាន។ បើតាមលោកគីម ប្រទេសដែលមានសមត្ថភាពយោធាខ្លាំងក្លា ទើបអាចការពារសង្រ្គាមមិនឱ្យកើតឡើង និងធានាសន្តិសុខប្រទេសបាន៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com