សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក Daniel Kritenbrink ៖ សភាអាម៉េរិក កំពុងពិនិត្យឡើងវិញ ក្នុងការផ្ដល់ GSP ឱ្យកម្ពុជា
13, Jul 2022 , 5:51 pm        
រូបភាព
ដោយ៖ សំ សុខពេជ្រ
 
ភ្នំពេញ៖សហរដ្ឋអាម៉េរិកកំពុងត្រួតពិនិត្យបញ្ហាប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញទូទៅ GSP ដែលនឹងផ្ដល់មកកម្ពុជា ។ នេះបើយោងតាម លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជា។​  ​
 
លោក Daniel Kritenbrink បានលើកឡើងថា ការអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជា គឺនៅតែស្ថិតក្រោមការត្រួតពិនិត្យ ដោយសមាជិកសភាសហរដ្ឋអាម៉េរិក ដែលបានជួបប្រជុំគ្នា កាលពីថ្ងៃទី១២ កក្កដា។
 
ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករូបនេះ បាននិយាយក្នុង សន្និសិទសាពត៌មាន ថ្ងៃទី ១៣ ខែកក្កដា ថា៖ «ខ្ញុំ​សូមសង្កត់​ធ្ងន់​ទៅ​កាន់​មិត្ត​កម្ពុជាថា ការអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាគឺនៅតែស្ថិតក្រោមការត្រួតពិនិត្យដោយសភាសហរដ្ឋអាម៉េរិក។ យើងនឹងបន្តរំលឹកនៅក្នុងការប្រជុំពិសេសជាបន្តបន្ទាប់។»
 
​ក្រៅពីបញ្ហាការអនុគ្រោះពន្ធ GSP លោក Daniel Kritenbrink ក៏បានលើកអំពីបញ្ហាមួយចំនួន ពាក់ព័ន្ធលំហពលរដ្ឋ សេរីភាពជាមូលដ្ឋាន និងសិទ្ធិមនុស្ស រួមទាំងមេដឹកនាំគណបក្សប្រឆាំងនយោបាយ និងសង្គមស៊ីវិលដទៃទៀត នៅកម្ពុជា។ 
 
«យើងជំរុញឱ្យប្រកាន់ខ្ជាប់នូវកាតព្វកិច្ច និងការប្តេជ្ញាចិត្តអន្តរជាតិដើម្បីការពារ និងគោរពសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី។»  ​
 
កាលពីថ្ងៃទី១៣ ឧសភា កន្លងមក លោក ប្រាក់​ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះវិញ ​ក្នុងការនាំចេញទំនិញទៅទីផ្សារអាម៉េរិក។ លោក ប្រាក់ សុខុន បានបង្ហាញក្តីសង្ឃឹមនេះ​ នៅចំពោះមុខលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ។​
 
GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧មក។ ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ អាចអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលរាប់ពាន់មុខឯណោះ ទៅកាន់ទីផ្សារអាមេរិក។
 
ប៉ុន្តែ កម្ពុជា ពុំមានទំនិញនិងផលិតផលច្រើនមុខបែបនេះ នាំចូលទៅទីផ្សារមេរិកនោះទេ។ ភាគច្រើន គឺមានតែផលិតផលសម្រាប់ធ្វើដំណើរ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ាលិស និង កាបូប ដែលកម្ពុជានាំទៅកាន់ទីផ្សារអាមេរិក។
 
ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences)នៅកម្ពុជាបានផុតសុពលភាពនៅត្រឹមដំណាច់ឆ្នាំ២០២០មក។ ទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញធំៗ រួមទាំងម្ចាស់រោងចក្រ សហគ្រាសនៅកម្ពុជា សុទ្ធតែបានស្នើសុំឱ្យអាម៉េរិកផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះ មកកម្ពុជាឡើងវិញ។ ប៉ុន្តែជាង១ឆ្នាំហើយ មិនទាន់មានការឆ្លើយតបឡើយ។
 
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះព័ត៌មានខ្លីលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជា ដោយកម្ពុជាបាននាំចេញក្នុងទឹកប្រាក់ជិត៥,៤ ពាន់លានដុល្លារ កាលពី២០១៩។ ផ្អែកលើព័ត៌មានពីស្ថានទូតអាមេរិក ទំនិញក្នុងតម្លៃជិត១ ពាន់លានដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរ រួមមានកាបូបដៃ កាបូបស្ពាយ និង វ៉ាលិស ដែលត្រូវបានលើកលែងការបង់ពន្ធគយ នៅក្រោមប្រព័ន្ធអនុគ្រោះ GSP។
 
ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក បានប្រមាណ ៣ ០២៨លានដុល្លារ។ ក្នុងនោះទំនិញដែលកម្ពុជានាំទៅអាម៉េរិក មានតម្លៃរហូតដល់ជាង ២ ៩០០លានដុល្លារ ខណៈទំនិញដែលកម្ពុជានាំចូលពីអាម៉េរិកវិញ មានត្រឹម​ជាង ១០០លានដុល្លារ។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មទំនិញ ជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
 
អត្ថបទទាក់ទង
 

Tag:
 GSP
  សេដ្ឋកិច្ច
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com