អន្តរជាតិ
ចិនថា សេចក្តីថ្លែងការណ៍ក្រុមប្រទេសG7 មានចេតនាចង់កៀបសង្កត់ខ្លួន
19, Apr 2023 , 4:59 pm        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៨ ខែមេសា​ បានចាត់ទុកសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ​(G7) ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្ហាញពីភាពក្រអឺតក្រទម លំអៀង និងចេតនា ក្នុងការកៀបសង្កត់ខ្លួនប៉ុណ្ណោះ។


ក្រសួងការបរទេសចិនបានជំទាស់យ៉ាងខ្លាំង និងជំរុញឱ្យក្រុមប្រទេសG7 ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនបន្ទាប់ពីក្រុមប្រទេសអ្នកមានទាំង៧ នៅថ្ងៃទី១៨ ខែមេសា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីក្តីបារម្ភជុំវិញស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង, ការគំរាមកំហែងកម្លាំងយោធាលើតៃវ៉ាន់ រួមទាំងបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងទីបេ និងប្រជាធិបតេយ្យនៅហុងកុង។ 
 
«សេចក្តីថ្លែងការណ៍រួម បង្ហាញពីភាពក្រអឺតក្រទម លំអៀង និងចេតនារបស់G7 ដើម្បីរាំងខ្ទប់ និងកៀបសង្កត់ចិន»។ លោក Wang បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៨ ខែមេសា ដោយបន្តថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយគោលការណ៍ចិនតែមួយ បានបង្ហាញពីសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំទាស់ការប្រកាសឯករាជ្យរបស់តៃវ៉ាន់។
 
បើតាមលោក Wang ហុងកុង ស៊ីនជាំង និងទីបេ ជាកិច្ចការផ្ទៃក្នុងចិនសុទ្ធសាធ ហើយគ្មានប្រទេសណាមួយ អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនបានឡើយ។
 
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បាននិយាយការពារសកម្មភាពខ្លួន នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូងផង។ ត្រង់ចំណុចនេះ មន្រ្តីចិន បានអះអាងថា​ ស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង គឺមានស្ថិរភាព ហើយប្រទេសពាក់ព័ន្ធ ចាំបាច់គោរពកិច្ចខិតខំប្រទេសក្នុងតំបន់ សម្រាប់សន្តិភាព និងស្ថិរភាព។ 
 
នៅចំពោះមុខអ្នកសារព័ត៌មានផ្សេងទៀត លោក Wang បានប្រាប់ក្រុមប្រទេស G7 ឱ្យបញ្ឈប់ការប្រឈមមុខ និងទាត់ចោលគំនិតបែបសង្រ្គាមត្រជាក់។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំង តែងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) យ៉ាងមុតមាំ និងគោលការណ៍មូលដ្ឋានលើច្បាប់អន្តរជាតិ ដើម្បីកសាងសហគមន៍មួយ ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។ 
 
គួររំឭកថា នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញក្នុងថ្ងៃទី១៨ ខែមេសា ក្រុមប្រទេសអ្នកមានទាំង ៧ ក៏បានលើកឡើងពីបញ្ហាមីយ៉ាន់ម៉ា រុស្ស៊ី អាហ្វហ្កានីស្ថាន សន្តិសុខតាមប្រព័ន្ធអ៊ីនណិត និងបញ្ហាជាច្រើនទៀត៕  
 

Tag:
 ចិន
  G7
  សមុទ្រចិនខាងត្បូង
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com