អន្តរជាតិ
អាម៉េរិក នឹងបន្តនីតិវិធីលក់យន្តហោះF-16 ឱ្យតួកគីដែលយល់ព្រមឱ្យស៊ុយអែតចូលណាតូ
12, Jul 2023 , 8:29 pm        
រូបភាព
យន្តហោះ F-16។ រូបភាព AFP
យន្តហោះ F-16។ រូបភាព AFP
អាម៉េរិក នឹងបន្តនីតិវិធីទៅមុខក្នុងការដឹកជញ្ជូនយន្តហោះចម្បាំង F-16 ឱ្យតួកគី ដោយមានការពិភាក្សាជាមួយសភា។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានបញ្ជាក់បែបនេះ នៅថ្ងៃទី១១ ខែកក្កដា ក្រោយតួកគី បានផ្តល់ភ្លើងបៃតង ក្នុងការអនុញ្ញាតឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូ។


នៅក្នុងខែតុលា ឆ្នាំ២០២១ តួកគី បានស្នើសុំទិញយន្តហោះចម្បាំង F-16 និងគ្រឿងបរិក្ខារយន្តហោះចម្បាំងផ្សេងទៀត ក្នុងទំហំប្រមាណ ២០ពាន់លានដុល្លារ ពីក្រុមហ៊ុន Lockheed Martin Corp។ 
 
ក្រោយរង់ចាំជិតរយៈពីរឆ្នាំ រដ្ឋបាលអាម៉េរិក បានប្រកាសបន្តនីតិវិធីទៅមុខលើការដឹកជញ្ជូនយន្តហោះ F-១៦ ឱ្យតួកគី។ មុនកិច្ចប្រជុំមេដឹកនាំអង្គការណាតូ នៅលីទុយអានី លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានអះអាងថា លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ ដោយលោកគាំទ្រលើការផ្ទេរយន្តហោះចម្បាំងប្រភេទនេះ​ឱ្យតួកគី។ 
 
បើតាមមន្រ្តីសេតវិមានរូបនេះ លោកបៃឌិន មិនមានការជំទាស់អ្វីឡើយ ហើយលោកមានបំណងបន្តនីតិទៅមុខលើការដឹកជញ្ជូនយន្តហោះចម្បាំងនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ការប្រកាសបែបនេះ ធ្វើឡើងក្រោយតួកគី បានឯកភាពដាក់សំណើចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែតទៅសភារបស់ខ្លួន ដើម្បីពិនិត្យ និងឈានដល់ការផ្តល់សច្ចាប័នចូលជាសមាជិក។ 
 
កន្លងមក នៅពេលហ្វាំងឡង់ចូលជាសមាជិកចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ក្រោយការបើកផ្លូវរបស់តួកគី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានឯកភាពលក់គ្រឿងបរិក្ខារយោធាឱ្យក្រុងអង់ការ៉ាផងដែរ ដើម្បីកែលម្អ និងអភិវឌ្ឍសមត្ថភាពយន្តហោះ F-16 ដែលមានស្រាប់។​ 
 
ចំណែកប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាម៉េរិក លោក Bob Menendez ដែលធ្លាប់ជំទាស់លើការលក់យន្តហោះប្រភេទនេះឱ្យតួកគី បានអះអាងថា លោកកំពុងចរចាជាមួយរដ្ឋបាលរបស់លោកបៃឌិន ដើម្បីលក់យន្តហោះប្រភេទនេះ។ ជុំវិញបញ្ហាខាងលើ សមាជិកព្រឹទ្ធសភារូបនេះ អាចនឹងធ្វើសេចក្តីសម្រេចនៅសប្តាហ៍ក្រោយ៕ 
 

Tag:
 អាម៉េរិក
  តួកគី
  F-16
© រក្សាសិទ្ធិដោយ thmeythmey.com